គោលការណ៍​ថ្មី​ ក្រុមហ៊ុនណា​ចង់ធ្វើការ​ជាមួយ Microsoft ត្រូវ​មានប្រាក់មាតុភាព​ដល់បុគ្គលិក

  • 2018-09-05 07:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ថា ក្រុមហ៊ុន​​​​នឹង​ចាប់​ផ្ដើម​​ឲ្យ​​អ្នក​ផ្គត់ផ្គង់ និង​ក្រុមហ៊ុនទទួល​ម៉ៅការជា​ដៃគូ ផ្ដល់​ប្រាក់​សម្រាក​មាតុភាព (សម្រាលកូន​) ដល់​បុគ្គលិក​របស់​ពួកគេ រយៈ​ពេល ៣ ខែ ​ពោល​គឺ​​ ១ ០០០ ពាន់​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍ ដែល​នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​ ២០១៩។

លក្ខខណ្ឌ​ក្រុមហ៊ុន Microsoft បាន​បញ្ជាក់​ថា គឺ​​សម្រាប់​ក្រុមហ៊ុនដៃគូ​ដែល​មាន​និយោជិក​ចាប់ពី​ ៥០​នាក់ ។ យ៉ាងណា មិន​រាប់​បញ្ចូល​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ក្រៅ​ទឹកដី​សហរដ្ឋ​អាមេរិក​ឡើយ។

អនុប្រធាន និង​ជា​គណៈកម្មការ​កណ្ដាល​របស់ Microsoft លោក Dev Stahlkopf បាន​និយាយ​យ៉ាង​ដូច្នេះ​៖ "យើង​ទទួល​សម្គាល់​ជា​យូរ​ហើយ សុខភាព សុខុមាលភាព និង​ភាព​សម្បូរ​បែប របស់​​បុគ្គលិក​របស់​យើង​ បាន​ជួយ​ឱ្យ​ Microsoft ទទួល​​​ជោគជ័យ​"។

លោក​បន្ត​ទៀត​ថា មិន​ត្រឹម​តែ​បុគ្គលិក​​របស់ Microsoft ទេ សូម្បី​និយោជិក​របស់​ដៃគូ និង​អ្នក​ផ្គត់ផ្គង់ ក៏​បាន​រួម​ចំណែក ឱ្យ​ក្រុមហ៊ុន​របស់​លោក​ជោគជ័យ​ដូច​គ្នា។

Microsoft ដឹង​ថា គោលការណ៍​ថ្មី​នេះ នឹង​នាំ​ឱ្យ​មាន​ការ​ចំណាយ​កើន​ឡើង ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ នឹង​ជួយ​ដៃគូ​តាមដែលអាច​ធ្វើទៅបាន។

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​លោក Bill Gates បាន​​ដាក់​ចេញ​គោល​នយោបាយ​នេះ ក្រោយ​​រដ្ឋ​ធានីវ៉ាស៊ីនតោន បាន​អនុម័ត​ច្បាប់ ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​​ថ្លៃ​មាតុភាព (សម្រាលកូន​) ហើយ​ច្បាប់​ថ្មី​ទៀតសោត នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំ ២០២០។

ក្នុង​ឆ្នាំ ២០១៥​ ក្រុមហ៊ុន Microsoft បានបង្កើត​គំនិត​ផ្ដួច​ផ្ដើម​ស្រដៀង​គ្នា​មួយ​ដែរ ​​តម្រូវ​ឱ្យ​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​ ផ្ដល់​ប្រាក់​ពលកម្ម​ពេល​ឈប់​សម្រាក ​ដល់​បុគ្គលិក​របស់​ពួកគេ។

ច្បាប់​មាតុភាព ឬ​ច្បាប់​សម្រាក​ពេល​សម្រាល​កូន នៅ​សហរដ្ឋ​អាមេរិក គឺ​ជា​ច្បាប់​ឈប់សម្រាក មុន និង​ក្រោយ​សម្រាល​កូនរយៈ​ពេល​ ១២​សប្ដាហ៍ ដោយ​គ្មាន​ទទួលបានប្រាក់​ខែ​។ យ៉ាងណា​ថ្មីៗ​នេះ អភិបាលរដ្ឋធានី Washington លោក Jay Inslee បាន​ចុះ​ហត្ថលេខា​ចេញ​ច្បាប់​ថ្មី តម្រូវ​ឱ្យ​​ក្រុមហ៊ុន​​ចេញ​ថ្លៃ​ប្រាក់​ឈ្នួលដល់​បុគ្គលិក អំឡុង​ពេល​សម្រាល​កូន ឬ​យក​កូន​ទៅ​ចិញ្ចឹម ដែល​នឹង​ចូល​ជា​ធរមាន​ នៅ​ឆ្នាំ​ ២០២០ ខាងមុខ​៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី