បាក់ឌុបឆ្នាំនេះសិស្សត្អូញពិបាក តែរដ្ឋមន្ត្រីក្រសួងអប់រំថាអ្នកជាប់និទ្ទេសA នឹងកើនទ្វេដង

  • 2018-09-05 04:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​លទ្ធផល​បាក់ឌុប​២០១៨​កាន់​តែ​កៀក​ ខណៈ​កម្មការ​កំពុង​បូក​សរុប​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​យ៉ាង​មមាញឹក។ តាម​ការ​លើក​ឡើង​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​ត្អូញ​ថា​ការ​ប្រឡង​ហាក់​មាន​សភាព​តឹង​តែង​ខ្លាំង​ទាំង​កម្រិត​វិន័យ និង​វិញ្ញាសា រហូត​ដល់​មាន​បេក្ខជន​ខ្លះ​ធ្លោយ​មាត់​ថា ពិបាក​ជាង​២០១៤​រហូត​ដល់​មាន​ការ​វែកញែក​កក្រើក​ហ្វេស​ប៊ុក​ទៀត​ផង។

យ៉ាង​ណា​ក្ដី​តាម​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ការ​រឹត​បន្តឹង​វិញ្ញាសា និង​បទ​ប្បញ្ញត្តិ​គឺ​មិន​ខុស​ពី​រាល់​ឆ្នាំ​ឡើយ ក្រសួង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង​ថ្នាក់​ជាតិ​មួយ​នេះ ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​​ពិត​ប្រាកដ គឺ​ជាប់​ហើយ។ បន្ថែម​លើ​ពី​នេះ​ទៀត​ឯកឧត្ដម បាន​រំពឹង​ថា អ្នក​ជាប់​និទ្ទេស A ឆ្នាំ​នេះ អាច​កើន​ឡើង​ដល់​ជាង​៥០០​នាក់។ ចំនួន​នេះ​គឺ​លើស​កាល​ពី​ឆ្នាំ​២០១៧ ដោយ​មាន​អ្នក​ជាប់​និទ្ទេស A ចំនួន​៤២៤​នាក់។

ការ​រំពឹង​បែប​នេះ​ ដោយ​សារ​ឯកឧត្ដម​ជឿជាក់​លើ​សមត្ថភាព​របស់​សិស្សានុសិស្ស ​ដែល​ទទួល​បាន​សិក្សា​ក្នុង​កម្មវិធី​ស្រប​តាម​ស្តង់ដារ ទាំង​គុណភាព​គ្រូ​បង្រៀន និង​កម្រិត​វិន័យ​ផ្សេងៗ ដែល​ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់​អស់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ។ ម្យ៉ាង​វិញ​ទៀត​បេក្ខជន​ឆ្នាំ​នេះ បាន​ត្រៀម​ខ្លួន​រយៈ​ពេល​៥​ឆ្នាំ​រួច​មក​ហើយ សម​ល្មម​នឹង​កម្រិត​វិន័យ​ក៏​ដូច​ជា​វិញ្ញាសា​ដែល​ក្រសួង​បាន​ដាក់​ចេញ។

ក្រសួង​អប់រំ ​យុវជន និង​កីឡា បាន​បញ្ជាក់​ពី​និទ្ទេស​​ទាំង ៥​ កម្រិត គឺ​និទ្ទេស A, B, C, D និង​ E ត្រូវ​មាន​ពិន្ទុ​សរុប​ដូច​ខាង​ក្រោម៖

  • និទ្ទេស ​A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩

  • និទ្ទេស ​B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨

  • និទ្ទេស C : ល្អ​ = ពិន្ទុ​សរុប x ០,៧

  • និទ្ទេស D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦

  • ​និទ្ទេស E : មធ្យម = ពិន្ទុ​សរុប x ០,៥

ក្រសួង​អប់រំ​ធ្លាប់​បាន​បញ្ជាក់​ថា របប​ពិន្ទុ​ប្រឡង​អតិបរមា​ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ ២០១៨​ គឺ ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសា​បរទេស ​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ២៣៧ ពិន្ទុ  ជាប់៕

អត្ថបទ៖ វឌ្ឍនៈ