ក្ដៅៗ កាលបរិច្ឆេទចេញលទ្ធផលផលប្រលងបាក់ឌុប ត្រូវបានផ្លាស់ប្តូរហើយ
- 2018-09-05 13:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ កាលបរិច្ឆេទចេញលទ្ធផលផលប្រលងបាក់ឌុប ត្រូវបានផ្លាស់ប្តូរហើយ
ចន្លោះមិនឃើញ
លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៨ នេះត្រូវបានឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើបដឹងហើយ គឺនៅថ្ងៃទី ៩ ខែកញ្ញា ពោល គឺមុនកាលកំណត់ ដែលធ្លាប់ កំណត់យកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចូលរួមពិធីអបអរនិស្សិត ២១ នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅអង់គ្លេស កាលពីថ្ងៃទី៤ កញ្ញាម្សិលមិញនេះ ឯកឧត្តម ហង់ ជួនណារ៉ុង បានឱ្យដឹងថា គណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័រ កំពុងតែបំពេញភារកិច្ច ស្រង់-បូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ឆ្នាំ២០១៨នេះ មិនទាន់បានបញ្ចប់នៅឡើយ។
តែអាចនឹងអាចប្រកាសលទ្ធផលប្រលងមុនការកំណត់ ពោលគឺនៅថ្ងៃទី៩ និង១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ឯកឧត្តម ហង់ ជួនណារ៉ុន បន្ថែមថា ដោយមានជំនឿជឿជាក់ថាចំនួនសិស្សដែលបានចូលរួមប្រឡងមធ្យមសិក្សាឆ្នាំនេះ នឹងទទួលបាននិទ្ទេស A ច្រើនជាងមុន ដោយកាលពីឆ្នាំមុនមានត្រឹមតែ ៤២៤នាក់ប៉ុណ្ណោះ។
សម្រាប់ពិន្ទុនិទ្ទេសA ត្រូវបានក្រសួងអប់រំកំណត់៤២៧ពិន្ទុ ដែលស្មើនឹង៩០ភាគរយ និទ្ទេសB ត្រូវបានកំណត់៣៨០ពិន្ទុ ដែលស្មើ៨០ភាគរយ និទ្ទេសC ត្រូវបានកំណត់៣៣២ពិន្ទុ ដែលស្មើ៧០ភាគរយ និទ្ទេសD ត្រូវបានកំណត់ ២៨៥ពិន្ទុ ស្មើនឹង៦០ភាគរយ និងនិទ្ទេសE ត្រូវបានកំណត់២៣៧ពិន្ទុ ដែលស្មើ៥០ភាគរយ នៃពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ។
ឆ្នាំ២០១៧កន្លងទៅនេះ មានសិស្សដែលប្រលងជាប់ ៦៣ ៦៦៨នាក់ ត្រូវជា៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡង៩៩ ៧២៨នាក់ ដោយក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤២៤ នាក់ និទ្ទេស B មានចំនួន ២ ៤៦៤នាក់ និទ្ទេស C មានចំនួន ៥ ០០០នាក់ និទ្ទេស D មានចំនួន ៩ ១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៦៥៧នាក់ ៕