Kroos ថា Sane ត្រូវ​ការ​ជំនួយ ដើម្បី​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភព​លោក

  • 2018-09-05 14:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Toni Kroos ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ស្លាប Leroy Sane ត្រូវ​ការ​ជំនួយ ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​លំដាប់​ពិភព​លោក។

កីឡាករ Kroos បាន​និយាយ​ថា៖ "Sane អាច​ក្លាយ​ជា​កីឡាករ​ល្អ​លំដាប់​ពិភព​លោក ប៉ុន្តែ​គេ​ត្រូវ​ការ​មនុស្ស​ប្រាប់​ពី​មួយ​ដំណាក់​កាល​ទៅ​ដំណាក់​កាល ហើយ​រៀន​ហ្វឹកហាត់​បន្ថែម​ដោយ​ខ្លួន​ឯង"។

Kroos យល់​ថា មូលហេតុ​ខាង​លើ​នេះ​ហើយ ដែល​នាំ​ឲ្យ​លោក Pep Guardiola មិន​ដាក់​ឲ្យ Sane ចូល​លេង​ក្នុង​ប្រកួត​ប៉ះ Newcastle កន្លង​ទៅ ព្រោះ​លោក​អ្នក​ចាត់​ការ​អេស្ប៉ាញ​ចង់​ធ្វើ​ឲ្យ Sane ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង។

សូម​បញ្ជាក់​ផង​ដែរ Sane គឺ​ជា​កីឡាករ​បង្គោល​មួយ​របស់ Manchester City កាល​ពី​រដូវ​កាល​មុន។ ខ្សែ​ស្លាប ស៊ុត​ចូល​ជាង ១០ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ជាង ១០ លើក​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្ថិតិ​នៅ​តែ​មិន​អាច​ជួយ​ឲ្យ Sane ជាប់​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​អាល្លឺម៉ង់​ដែល​ត្រូវ​ហោះ​ទៅ​រុស្ស៊ី​ដើម្បី​លេង World Cup ២០១៨៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី