តិកនិកសាងស្នាដៃ​ និងបង្កើតក្រុមការងារផលិតកម្មឈានរកភាពជោគជ័យ ពីផលិតករ ម៉ា ចាន់ណារ៉ា​

  • 2018-09-06 03:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ការងារ​លើ​វិស័យ​សិល្បៈ ការ​ផ្សព្វផ្សាយ​ ដូចជា​រូបថត វីដេអូ ភាពយន្ត ចម្រៀង ទាំង​ខ្នាត​តូច ធំ សម្រាប់​ពាណិជ្ជកម្ម​មាន​ការ​កើន​ឡើង និង​មាន​ការ​ប្រកួត​ប្រជែង​ ដូចនេះ​ការ​រៀបចំ​ខ្លួន​ឱ្យ​ទាន់​នឹង​តម្រូវ​ការងារ​ផ្នែក​សិល្បៈ​បែបនេះ ក្រុម​ការងារ​ផលិត​ជាក្រុម​សំខាន់​សម្រាប់​អនុវត្ត និង​បង្កើត​វណ្ណកម្ម ផ្ទាំង​ទស្សនីយភាព ដែល​មិន​អាច​ខ្វះ​បាន​។

ដើម្បី​ជា​គន្លឹះ​ភាព​ជោគ​ជ័យ​លើ​ការ​បើក​ផលិតកម្ម លោក ម៉ា ចាន់ណារ៉ា ប្រធានគ្រប់គ្រងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម រូស្ទ័រឃូល ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ នឹង​លើក​ពី​ចំណុច​សំខាន់​ផ្ដោត​លើ​ការ​បង្កើត​ក្រុម​ការងារ និង​ការ​បើក​ផលិតកម្ម ដូច​ខាង​ក្រោម៖

១.បើជ្រើសរើសក្រុមការងារផលិតត្រូវគិតលើភាពខ្លាំងរបស់បុគ្គលិក ឬដៃគូ តើបុគ្គលនោះស័ក្តិសមនឹងការងារនោះ ឬអត់។ ចំពោះបុគ្គលដែលមានបុគ្គលិកលក្ខណៈ ភាពឆ្នើម ដែលទទួលបានភាពជឿជាក់ពីក្រុមហ៊ុន ពួកគេនឹងទទួលបានលើកទឹកចិត្ត​អនុវត្តការងារដោយផ្ទាល់តែម្ដង។ បណ្ដោយការងារឱ្យពួកគេ​ ទើបពួកគាត់​បានរៀន​សូត្រ​ និងអាចស្វែងយល់​ពីភាពខ្លាំង​នឹងភាពខ្សោយ​របស់ខ្លួនជាក់លាក់។

២.ការ​បង្កើត​ក្រុម​ផលិត​ ដូច​ជា​ធ្វើ​ទូ​ជិះ​កណ្ដាល​ទន្លេ ម្ល៉ោះហើយត្រូវ​ស្វែង​យល់​ពី​ដៃគូ​ការងារ​ក្រុម​ បង្កើត​បរិយាកាស​មិត្តភាព​ ហ៊ាន​និយាយ​ពី​បញ្ហា​របស់​ខ្លួន​ក្នុង​កន្លែង​ការងារ​ដើម្បី​ដឹង​ថា​ចំណុច​ណា​គួរ​ធ្វើ ចំណុច​ណា​មិន​គួរ​ធ្វើ កុំ​ឡើយ​ចាំ​តែ​បន្ទោស ឬ​មើល​ឃើញ​តែ​កំហុស ​ជា​ជាង​ការ​លើក​ទឹក​ចិត្ត​ក្រុម​ការងារ​ ពេល​ធ្វើការ​បាន​ជោគ​ជ័យ​។

៣.ការ​បង្កើត​ផលិត​កម្ម ត្រូវ​សិក្សា​ពី​លទ្ធភាព​របស់​ខ្លួន សំខាន់​គឺ​ត្រូវ​ចេះ​បង្កើត​ស្នាដៃ​។ តួយ៉ាង រូស្ទ័រឃូល បង្កើត​ឡើង​ដោយ​ការ​ចូលចិត្ត ផលិត​រូប​ភាព និង​វីដេអូ​ដោយចំណាយដោយខ្លួនឯង ដើម្បីទទួលបានលទ្ធផលការងារឆាប់រហ័ស​ និងមានប្រសិទ្ធភាព រួចហើយក៏បន្តវិនិយោគលើស្នាដៃថ្មីៗ ឬបង្កើតរូបភាពសិល្បៈថ្មី និងមានលក្ខណៈតំណាងឱ្យការចាប់ផ្ដើមរបស់ខ្លួន ប្រកបដោយគំនិតច្នៃប្រឌិត។

៤.ត្រូវ​ត្រៀមខ្លួន​សម្រាប់​ភាព​បរាជ័យ​ ហើយ​បើ​តាំង​ចិត្ត​គិត​ធ្វើ​ការងារ​ក្នុង​វិស័យ​សិល្បៈ ពិសេស ​រូបភាព និង​ភាពយន្ត​ ត្រូវ​ប្រកាន់​គោល​ជំហរ​ខ្ពស់ ត្រូវ​ហ៊ាន​ខាត ហ៊ាន​ឈប់ ហ៊ាន​ធ្វើអ្វី​ដែល​ប្លែក​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​ តែ​អ្នក​បាន​ធ្វើ​វា​មុខ​គេ ល្អ​ជាង​គេ។ គួរ​តែ​ធ្វើ​ជា​អ្នក​នាំអាទិ៍​គេ ជា​ជាង​ធ្វើ​ជា​ក្រុម​ផលិត​ដែល​ធ្វើ​តែ​ត្រាប់​តាម​គេ៕

ខាងក្រោមនេះជារូបភាពផលិតដោយលោក ម៉ា ចាន់ណារ៉ា និងក្រុមការងារ រូស្ទ័រឃូល៖

អត្ថបទ៖ Sunny