ទីក្រុងមូស្គូ នឹងសាងសង់អគារខ្ពស់បំផុតថ្មីមួយទៀត កម្ពស់៤០៤ម៉ែត្រ

  • 2018-09-06 02:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​នៃ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី បាន​អនុម័ត​ការ​សាងសង់​អគារ​ទំនើប​ថ្មី​មួយ ដែល​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​ក្នុង​ទីក្រុង​នេះ។

អគារ​មិន​ទាន់​មាន​ឈ្មោះ​ខាង​លើ​មាន​កម្ពស់ ៤០៤ម៉ែត្រ នឹង​ចូល​រួម​ជាមួយ​អគារ​ខ្ពស់ៗ​ដទៃ​ទៀត នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ល្បី​មួយ ដែល​គេ​ហៅ​ថា Moscow City។

ស្ថាបត្យករ លោក Sergey Skuratov នៅ​ក្នុង​បទសម្ភាសន៍​តាម​អ៊ីមែល​មួយ បាន​និយាយ​ថា «យើង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ចុងក្រោយ នៃ​ការ​រចនា ដែល​នឹង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​ឆ្នាំ២០១៨។ ការ​សាងសង់​គួរ​ចាប់ផ្ដើម​នៅ​ឆ្នាំ២០១៩»។

កំណត់​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០២៤ អគារ​ខ្ពស់​កប់​ពពក​ថ្មី​នេះ នឹង​ខ្ពស់​ជាង​អគារ​ខ្ពស់​បំផុត​នៅ​ទីក្រុង​មូស្គូ​បច្ចុប្បន្ន គឺ Federation Tower កម្ពស់​ត្រឹម ៣៧៣ម៉ែត្រ ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម Moscow City ជាមួយ​គ្នា។

អគារ​នេះ​ត្រូវ​បែងចែក​ជា ២ផ្នែក ដោយ​ផ្នែក​ខាង​ក្រោម​មាន​កម្ពស់ ១២ជាន់ សម្រាប់​ផ្សារ​ទំនើប , ការិយាល័យ និង កន្លែង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ ចំណែក​ឯ​ផ្នែក​ខាង​លើ​វិញ ភាគ​ច្រើន​នឹង​ជា​លំនៅឋាន ដែល​ពង្រីក​រហូត​ដល់​ទៅ ១០៤ជាន់។ មិនតែប៉ុណ្ណោះ វា​ថែម​ទាំង​មាន​កន្លែង​មើល​ទេសភាព​នៅ​កម្ពស់ ៣៩៩ម៉ែត្រ និង​ចំណត​ឧទ្ធម្ភាគចក្រ​នៅ​លើ​បង្អស់​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា តំបន់​ពាណិជ្ជកម្ម Moscow City បច្ចុប្បន្ន​មាន​អគារ​ខ្ពស់​បំផុត​ចំនួន៥ (កម្ពស់​ចាប់​ពី ៣០០ម៉ែត្រ) ក្នុង​ចំណោម​អគារ​ខ្ពស់​បំផុត​ទាំង១០ នៅ​អឺរ៉ុប។

ជាមួយ​គ្នា​នេះ អគារ Federation Tower ក្នុង​ទីក្រុង​មូស្គូ កំពុង​កាន់កាប់​តំណែង អគារ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប ប៉ុន្តែ​នឹង​ត្រូវ​ដណ្ដើម​យក​ដោយ អគារ Lakhta Center ដែល​ស្ថិត​ក្នុង​ទីក្រុង St. Petersburg មាន​កម្ពស់ ៤៦២ម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ២០១៩ ខាង​មុខ​នេះ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី