មន្ត្រី៖ យុវជន​ត្រូវ​ដុសខាត់​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ងាយ​ស្រួល​រក និង​រក្សា​ការ​ងារ​

  • 2018-09-06 08:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា​យុវជនមាន​ភាព​សកម្ម​ក្នុង​ការ​រក​ការងារ​ធ្វើ​ តែ​ថា​ត្រូវ​ដុស​ខាត់​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ងាយ​បាន​ទទួល​ការ​ងារ និង​រក្សា​ការ​ងារ​ឲ្យបានល្អ ខណៈ​ចំនួន​អ្នក​ជាប់​បាន​ការងារ​​តាម​ការ​កត់ត្រា​របស់​អង្គភាព​ជំនាញ​មាន​តិចជាង៥០​ភាគរយ​នៃ​ឱកាស​ការងារ​ដែល​មាន​ប្រចាំ​ខែ​។

(ឯកឧត្តម ហៃ ហ៊ុនឡេង អនុប្រ​ធានទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ នៃក្រសួង​ការ​ងារ ពេល​ផ្តល់បទសម្ភាសន៍​ជាមួយ​Sabay ម្សិល​មិញ)

ថ្លែង​ក្នុង​បទ​ស​ម្ភាស​ន៍​ជា​មួយ Sabay កាលពី​ម្សិល​មិញ​ ឯកឧត្តម ហៃ ហ៊ុនឡេង អនុប្រ​ធានទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ នៃក្រសួង​ការ​ងារ លើក​ឡើង​ថា​ តាមរយៈ​​កម្មវិធី​សម្ភាសន៍​ការ​ងារ​ប្រ​ចាំ​ខែ អ្នក​រក​ការ​ងារ​ចន្លោះពី​២៥ ទៅ​៣០​ភាគ​រយ​ប៉ុណ្ណោះ​បាន​ទទួល​​ការងារ​ពីកម្មវិធីនេះ​។

ជារៀង​រាល់ខែទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ មាន​រៀប​ចំ​កម្មវិធី​សម្ភាសន៍​ការងារ​ដោយ​មាន​ក្រុម​ហ៊ុន​ផ្សេងៗចូល​រួម​​​ជ្រើស​រើស​បុគ្គលិក ហើយ​អ្នក​រក​ការងារ​អាច​យក​ឯ​កសារ​ពាក់​ព័ន្ធ​ដើម្បី​ចូល​សម្ភាសន៍​ផ្ទាល់។

​តាម​រយៈ​កម្មវិធី​នេះ​ឯកឧត្តម ហៃ ហ៊ុនឡេង បាន​កត់​សម្គាល់​ថា៖ «បានន័យ​ថា​ក្នុង​ចំណោម​អ្នក​រក​ការងារ​​១០០​នាក់យើង​អាច​ជាប់ពិត​ប្រាកដ ឬក្រុម​ហ៊ុន​អាច​ទទួល​យក​បានប្រហែលជា​៣០​នាក់ អ៊ីចឹ​ង​បាន​ន័យ​ថាអ្នក​៧០​នាក់​ផ្សេង​ទៀត​គាត់​មិនទាន់​បំពេញ​តម្រូវ​ការ​របស់​ក្រុម​ហ៊ុន​សហគ្រាសទេ»។ ​​​​​​​​​​​

​មូល​ហេតុ​ដែល​នាំ​ឲ្យ​​ចំនួន​អ្នក​រក​ការ​ងារធ្វើ​ជាប់បាន​ការងារ​តិច​ជាង​ឱកាស​ដែល​មាន​នេះ​ មន្ត្រី​ជំនាញ​ខាង​លើ​លើក​​ឡើង​ថា​ទំនង​ជា​មក​ពី​កត្តា​សំខាន់មួយ​ចំនួ​ន​ ដូជា​​ទី​មួយ​​បុគ្គល​ខ្លួន​ឯង​មិន​ទាន់​មាន​ជំនាញ​ស៊ី​គ្នា​នឹង​អ្វី​ដែល​អ្នក​ជ្រើ​សរើស​ចង់បាន ទី​ពីរ​អាច​ថា​មាន​ជំនាញ​ត្រូវ​ហើយ​តែ​ខ្វះ​បទ​ពិសោធន៍​ការ​ងារ មិន​ធ្លាប់ធ្វើ​ការ​ពីមុន​សោះ​ក៏មាន។ សម្រាប់​កត្តា​មួយ​ទៀត​ឯកឧត្តម​ថា​អាចមក​ពី​មិន​ទាន់ចេះ​រៀបចំខ្លួន​សម្រាប់​ឆ្លើយ​សំណួរ ឬ​បង្ហាញពី​ខ្លួន​ឯង​ឲ្យ​និយោជក​ចាប់អារម្មណ៍​។

ឯកឧត្តម​បន្ថែមថា​នៅ​កម្ពុជា​មាន​យុវជន​ហក់​ចូល​ទីផ្សារ​ការ​ងារ​ប្រ​ហែល​បី​សែន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ថាអ្នកខ្លះ​កំពុង​បន្ត​កាសិក្សា អ្នក​ខ្លះ​ធ្វើអាជី​វកម្មផ្ទាល់​ខ្លួន និងខ្លះ​ចូលធ្វើការ​ភ្លាមតែម្តង។ សម្រាប់​កម្លាំង​ពល​កម្ម និង​ឱកាស​ការ​ងារ​ឯកឧត្តម​ថា​មាន​ច្រើន​ដូច​គ្នា​ តែអ្វី​ដែល​មិន​ស៊ីគ្នា​គឺគម្លាត​កង្វះ​ជំនាញ​នៅ​ក្នុង​ទី​ផ្សារ។

ឯកឧត្តម​បន្ត​ថា៖ «យើងឃើញ​ថា​អ្វី​ដែល​មិន​ទាន់​អាច​ឆ្លើយ​តប​គ្នាគឺ​ថាកម្រិត​សមត្ថភាព គុណវុឌ្ឍ ជំនាញ ដែល​ទីផ្សារ​ការ​ងារ​ចង់​បាន...ន័យ​បច្ចេកទេស​ហៅ​ថា​គម្លាត​នូវ​ជំនាញ កង្វះ​នៃជំនាញ​នៅ​ក្នុង​ទី​ផ្សារ...យើង​មាន​ការ​ងារ​យើងមាន​មនុស្ស ​តែជំនាញ និង​តម្រូវ​ការ​ទី​ផ្សារ​អត់​ទាន់​ឆ្លើយ​តប​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»។ ​​​​​​​​​​​

(អ្នក​រកការងារកំពុង​រង់ចាំ​ចូល​សម្ភាសន៍​កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា​ កន្លងទៅ)

ឯកឧត្តម​ឲ្យ​ដឹង​ទៀត​ថា​ចំនួន​អ្នក​បញ្ចប់​ការសិក្សា​លើ​ជំនាញ​វិទ្យាសាស្រ្ត​សង្គម ភាសាបរទស ធុរកិច្ច ឬ​សេដ្ឋកិច្ច​ច្រើនជាង​អ្នក​បញ្ចប់​ការសិក្សា​លើ​​ផ្នែក​បច្ចេកទេស​ វិស្វកម្ម អេឡិចត្រូនិច និង​មេកានិច​ទៅ​វិញ​ ដែល​ថា​ជំនាញ​ទាំង​នេះ​កំពុង​មាន​តម្រូវ​ការ​​ក្នុង​ទី​ផ្សារ​ការងារ។

ត្រង់ចំណុចនេះ​​មាន​ការលើក​ឡើងដែរ​ថា​​អ្នក​ទទួល​បាន​ការ​អប់រំ ឬបណ្តុះ​បណ្តាល​ហើយ​តែ​បែរជា​មិន​សូវ​មាន​គុណភាព​ក្នុង​ការ​បំពេញ​ការងារ​ទៅ​វិញ។ របាយការណ៍​មួយ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ចេញ​ផ្សាយ​កាល​ឆ្នាំ២០១៥ លើកឡើងថា​កម្លាំង​ពល​កម្ម​នៅ​កម្ពុជា​​ជា​មនុស្ស​វ័យ​ក្មេង ប៉ុន្តែ​ហាក់​ទទួល​បាន​ការ​បណ្តុះ​បណ្តា​លើជំ​នាញ​តិច​តួច។ ការសិក្សា​បង្ហាញ​ថា​យុវជន​​៤នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ទទួល​ការ​អប់​រំ​មិន​ពេញ​លេញ​ដើម្បី​បំពេ​ញការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ។

ងាក​មក​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​អន្តរ​ជាតិមួយ​ហៅកាត់​ថា​OECD កាលពី​ឆ្នាំ​២០១៣ បាន​លើក​ឡើងដែរថា​កម្ពុជា​ត្រូវ​ពង្រឹង​ផលិតភាព​វិស័យ​កសិកម្ម និង​ការ​នាំចេញ។​

(យុវជន​ម្នាក់​កំពុង​សាកសួរព័ត៌មានការ​ងារ​ក្នុង​កម្មវិធី​សម្ភាសន៍​ការងារ​​កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា កន្លង​ទៅ)​

វិស័យ​កសិកម្មពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​មួយ​នេះ​បាន​រួម​ចំណែក​ផ្តល់​ការ​ងារ​ដល់​ប្រ​ជាពល​រដ្ឋ​ប្រហែល​ពាក់​កណ្តាល​នៃអ្នកពេញ​កម្លាំង​ធ្វើការ​ងារ ហើយ​វិស័យ​នេះ ជា​ប្រ​ភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ ដែល​មាន​ប្រហែល១០​ភាគរយ​នៃ​ប្រ​ជា​ជន​សរុប។ នេះ​បើ​តាម​ប្រ​ភពដដែល។

ប៉ុន្តែក្នុង​របាយការ​ណ៍ស្ទង់​មតិឆ្នាំ២០១៥ របស់​​ទីភ្នាក់​ងារ​ជាតិ​មុខរបរ​និង​ការងារ​ បង្ហាញ​ថា​និស្សិត​បញ្ជាប់ការ​សិក្សា​និង​ប្រ​លូក​ក្នុង​ទីផ្សារ​ការងារ​មាន​ចំនួនពី​២៩ ៥០០នាក់ទៅ​៣៣ ០០០​នាក់​ក្នុង​មួយ​ឆ្នាំៗ ហើយ​​អ្នក​ជ្រើស​រើស​មុខវិជ្ជា​កសិកម្ម​មាន​៤ភាគរយ​ប៉ុណ្ណោះ។​ សម្រាប់​ឯកឧត្តម ហៃ ហ៊ុនឡេង ក្រៅពី​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​ជាក់លាក់ណាមួយ​ដែល​ខ្លួន​កំពុងមាន​អ្នក​រក​ការងារធ្វើ ឬអ្នកកំពុង​សិក្សា​​ត្រូវ​មានជំនាញ​ទន់​ផង​ដែរ ដូច​ជាជំនាញ​ភាសាបរទេស ជំនាញ​ទំនាក់ទំនង ជំនាញ​រៀបចំផែនការ និង​ការ​ចេះ​ធ្វើការ​ជា​ក្រុម​ជាដើម។ អ្វីទាំងនេះ​ជាតម្រូវ​ការ​ដែល​និយោ​ជក់​ចង់​បាន​ ហើយ​ថា​ជាកត្តា​ជួយ​ឲ្យ​អ្នករកការងារ​ធ្វើ​ឆាប់បាន​ការងារ និង​អាច​រក្សា​ការងារ​បាន។ ឯកឧត្តម​បន្ថែម។

ទាក់ទង​នឹង​ជំនាញនេះ​ក្រ​សួង​អប់​រំ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែរ​ថា​ចាប់ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៣ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​​នៅ​ថ្នាក់​ឧត្តម​សិក្សា​ចំនួន​២០៧ ០០០​នាក់។ ក្រ​សួង​បាន​លើក​ឡើង​ថា​បញ្ហា​ចម្បង​របស់​អ្នក​សិក្សា​គឺការ​​រើស​មុខជ្ជាសិក្សា​មិន​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ ខ្វះខាត​សមត្ថភាព​​ក្នុង​ការគិត​បែប​ស៊ីជម្រៅ និង​ជំនាញ​ដែល​ត្រូវ​នឹង​តម្រូវការ​ទី​ផ្សារ​៕ ​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម