ជម្លោះ​ក្ដៅ​គគុក អ៊ិន សុភិន និង ស្រីណា ស្រាប់​តែ​បាន​បញ្ចប់​យ៉ាង​ផុយ!

  • 2018-09-07 11:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ជម្លោះ​គគុក​វាយ​ប្រហារ​គ្នា​ទៅ​មក​លើ​បណ្ដាញ​សង្គម​រវាង ចាងហ្វាង​ផលិតកម្ម​មហាហង្ស និង​តារា​សម្ដែង ណាក់ ស្រីណា បាន​បញ្ចប់​ហើយ នៅ​ព្រឹក​ថ្ងៃ​នេះ​ ក្រោយ​ភាគី​ទាំង​ពីសុខ​ចិត្ត​ដក​ថយ​មួយ​ជំហាន​ម្នាក់។

នៅ​ក្នុង​ការ​ស្រុះស្រួល​គ្នា ដែល​មាន​សមាគម​សិល្បៈ​ធ្វើ​ជា​អ្នក​សម្របសម្រួល ណាក់ ស្រីណា បាន​ធ្វើ​ការ​សុំ​ទោស​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ចាងហ្វាង​ផលិតកម្ម។ លោក ហេង ឡុង ដែល​ដើរ​អ្នក​សម្របសម្រួល បានហៅ​ការណ៍​នេះ​ថា ជា​គំរូ​ល្អ​មួយ​នៅ​ក្នុង​សង្គម​សិល្បៈ សម្រាប់​សិល្បករ​ផ្សេង​ទៀត ដែល​មាន​វិវាទ ឬ​យល់​ច្រឡំ​គ្នា គួរ​ងាក​មក​ផ្សះផ្សារ​តាម​បែប​សន្តិវិធី​ដូច​គ្នា​នេះ។

កញ្ញា ណាក់ ស្រីណា បញ្ជាក់​ថា នាង​សុខ​ចិត្ត​ចូល​ខ្លួន​សុំ​ទោស​លោក អ៊ិន សុភិន ក្រោយ​នាង​យល់​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​មហាហង្ស ក៏​ដូច​ជា​អគ្គនាយក​ក្រុម​ហ៊ុន​រូប​នេះ។

ដោយ​ឡែក អ៊ិន សុភិន ដែល​គូ​វិវាទ​មុន​នេះ ក៏​បញ្ជាក់​ប្រាប់ Sabay ដែរ​ថា លោក​ព្រម​ទទួល​យក​ការ​សុំ​ទោស​ពី​តារា​ស្រី​ខាង​លើ​ដើម្បី​បញ្ចប់​រឿង។ "គាត់​បាន​សុំទោស​ហើយ ក្រោម​ការ​សម្របសម្រួល​របស់​សមាគម​សិល្បៈ អីចឹង​ខ្ញុំ​ក៏​លែង​ប្រកាន់​ទោស​អូសដំណើរ​អី​ទៀត​ដែរ ដើម្បី​រឿង​ត្រឹម​ហ្នឹង​ទៅ​ចុះ"។ជា​មួយ​ការ​សម្រប​សម្រួល​នេះ លោក អ៊ិន សុភិន ក៏​បាន​យល់​ព្រម​ប្រាក់​ថ្លៃ​ពលកម្ម​របស់ ណាក់ ស្រីណា ដែរ បន្ទាប់​ពី​តារា​ស្រី ដឹង​កំហុស និង​បាន​ធ្វើ​ការ​សុំ​ទោស​លោក។

លោក អ៊ិន សុភិន និង​ណាក់ ស្រីណា បានកើត​មាន​ជម្លោះ​ក្ដៅ​គគុក​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ពលកម្ម​របស់ ណាក់ ស្រីណា ដែល​បាន​ចូល​ខ្លួន​សម្ដែង​ក្នុង​រឿង "មរតក​ចុក​ឈាម" ឲ្យ​ផលិតកម្ម​លោក អ៊ិន សុភិន ប្រមាណ​ជាង ១​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​ទទួល​បាន​ប្រាក់​ថ្លៃ​នឿយហត់។ បញ្ហា​នោះ ក៏​មាន​ការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក។

លោក អ៊ិន សុភិន បញ្ជាក់​ថា លោក​សំអាង​ទៅ​លើ​ឯកសារ​ការងារ ដែល​លោក​បាន​អះអាង​ថា ណាក់ ស្រីណា បាន​រំលោភ​លើ​កិច្ចសន្យា​ការងារ​ជាមួយ​លោក ទើប​កន្លង​មក លោក​សម្រេច​ផ្អឹប​ថ្លៃ​ឈ្នួល​របស់​តារា​ស្រី ទុក​សិន​មួយ​អន្លើ​សិន​ដូច្នេះ៕

អត្ថបទ៖ ទារិកា