ចេះរបៀបចាយលុយ ១០ចំណុចនេះ ទៅថ្ងៃមុខ ដឹងតែមិនក្រខ្សត់ឡើយ

  • 2018-09-08 03:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ថា​​​អ្នក​មាន​លុយ​​​តិច​ឬ​​ច្រើន​​​​យ៉ាង​ណា​ក៏​ដោយ​​​​​​​ ការ​​គ្រប់​គ្រង​​​​​ចំណាយ​​​​​​​ឲ្យ​បាន​​ត្រឹម​ត្រូវ​ពិត​ជា​សំខាន់​​ខ្លាំង​ណាស់ ដែល​​មនុស្ស​​គ្រប់​រូប​គួរ​តែ​​ប្រកាន់​ខ្ជាប់​ ​​ដើម្បី​​ឲ្យ​​​​​ការពារ​​កុំ​ឲ្យ​​​​ជួប​​បញ្ហា​​រឿង​​លុយ​​កាក់​និង​​ជៀស​​​​​វាងពី​ហានិភ័យ​​​​​ទៅ​ថ្ងៃ​មុខ។

​​​​​​​​១. ធ្វើ​​​បញ្ជី​​​កត់​ត្រា​​​ពី​​ចំណូល​​និង​​ចំណាយ

​​​​​ដឹង​ពី​​​ចំណូល​​និង​ចំណាយ​​​​​ ដោយ​​ធ្វើ​​ការ​កត់​ត្រា​ទុក​​​ក្នុង​បញ្ជី​​ឲ្យ​បាន​​ត្រឹម​ត្រូវ​ ​​​​​​​ហើយ​​យក​​​​​​​មក​​បូក​​​បញ្ចូល​គ្នា ​ដើម្បី​​ដឹង​​ពី​ចំនួន​​នៃ​​​ប្រាក់​​​​ចំណាយ​​​​សរុប​ប្រចាំ​ខែ​​។ ​​​ធ្វើ​បែប​នេះ អាច​ជួយ​​ឲ្យ​អ្នក​​​​កាត់​​បន្ថយ​​ការ​​​ចាយ​​វាយ មិន​ខ្ជះខ្ជាយ​​ហួស​កម្រិត លើស​ប្រាក់​ចំណូល។

២. ទិញ​តែ​របស់​​ណា​ដែល​​ចាំ​បាច់

​​​​​​របស់​​ខ្លះ​​​ពេល​ឃើញ​​ហើយ​ ​អាច​ធ្វើ​ឲ្យ​អ្នក​​ពិបាក​ទប់​ចិត្ត​មិន​ទិញ​មិន​បាន។​ យ៉ាង​ណា​​​​​​កុំ​ចេះ​តែ​បណ្តោយ​​ទៅ​តាម​អារម្មណ៍ ត្រូវ​​ចង​​ចាំ​​ថា ការ​​​ចំណាយ​ផ្តេស​ផ្តាស​ អាច​​ប៉ះពាល់​ដល់​អ្នក​​​​នា​ពេល​អនាគត។ ហេតុ​នេះ​ហើយ​​ ​មុន​ពេល​​ទិញ​​អ្វី​មួយ​ គួរ​​សួរ​ទៅ​​ខ្លួន​​​ឯង​​៣​​សំណួរ​​សំខាន់ៗ៖

  • ​តើ​​របស់​​នោះ​​ចាំ​​បាច់​ដែរ​​ទេ?

  • តើ​វា​អាច​​ប្រើ​បាន​យូរ​​​ប៉ុណ្ណា?​

  • ​តើ​​វា​មាន​​អត្ថប្រយោជន៍​​ច្រើន សម​នឹង​​តម្លៃ​ដែរ​ឬ​អត់?​

៣. ដើរ​ផ្សារ​ម្នាក់​​​​​​ឯង

​ការ​​ដើរ​ផ្សារ​​​ជា​​មួយ​​បង​ប្អូន ​ឬ​មិត្តភ័ក្តិ​​ ជា​មូល​​ហេតុ​​​អាច​បណ្តាល​​ឲ្យ​អ្នក ចំណាយ​​​ច្រើន​​ជាង​​ការ​ដើរ​តែ​ម្នាក់​ឯង​។ ​ជា​ពិសេស​ ហាម​​ដាច់​ដាច​ កុំ​ឲ្យ​​បុគ្គលិក​ក្នុង​ហាង​​​មក​​បញ្ចុះ​​បញ្ចូល​​​ណែនាំពី​ផលិត​ផល​​របស់ពួក​គេ​ ត្រូវ​​​​តប​​ទៅ​ពួក​គេ​​វិញ​ដោយ​ពាក្យ​​សម្តី​សមរម្យ បញ្ជាក់ថា​អ្នក​​អាច​ដើរ​មើល​ខ្លួន​បាន នោះ​ទើប​​​អ្នក​​អាច​​សម្រេច​ចិត្ត​ដោយ​​ឯករាជ្យ ដឹង​​ថា​អ្វី​គួរ​និង​​​អ្វី​មិន​គួរ​ទិញ។​​

៤. កុំ​ព្យាយាម​បង្អួត​​​ដាក់​​គ្នា

សម័យ​ឥលូវ​​​នេះ​ មាន​មនុស្ស​ជា​ច្រើន ​បាន​ចាយ​វាយ​​​​​​​ខ្ជះខ្ជាយទៅ​លើ​​សម្ភារ​និយម​ផ្សេងៗ សូម្បី​​​​អ្នក​ខ្លះ​ជីវភាព​នៅ​មិនទាន់​ធូរ​ធារ​​នៅ​ឡើយ ​​ប៉ុន្តែ​​​​​​​ខំ​ប្រឹង​​​សំញែង​របស់​ថ្លៃ ចង់​​បង្អួត​​ដាក់​គ្នា ច្រើន​ជាង​​ផ្តោត​សំខាន់​​លើ​ការ​ប្រើ​ប្រាស់​​និង​គុណភាព។​​​

៥. ​​ចាយ​វាយ​ជា​​សាច់​​ប្រាក់ មិន​មែន​​កាត​ធនាគារ

​តាម​​រយៈ​ការ​​ប្រើ​​ប្រាស់​​ Credit Card ឬ Visa Card កា​រ​​​ចំណាយ​​នឹង​​កើន​ឡើង​ទ្វេ​ដង ព្រោះ​​​​​​​ពេល​​ដែល​​​ទូទាត់​​​​​វិក្កយបត្រ​ដោយ​​គ្មាន​​សាច់​ប្រាក់​កាន់​នៅ​ក្នុង​ដៃ ​អ្នក​នឹង​​​​​ចាយ​វាយ​​​​ច្រើន​​ដោយ​មិន​ដឹង​ខ្លួន​។ ​ម្យ៉ាង​​វិញ​ទៀត ​មិន​​ត្រូវ​​យក​លុយ​ទៅ​ច្រើន​​​​​ពេក ហួស​ពី​​តម្លៃ​​ទំនិញ​ដែល​​អ្នក​ចង់​ទិញ​ឡើយ​​ ​ដើម្បី​ទប់​ស្កាត់​​​ពី​ការ​ទិញ​លើស​​បរិមាណ។ សម្រាប់​​ការ​​ដក​លុយ​​ពី​ទូ​ ATM វិញ​ ក៏​ត្រូវ​​មាន​ការ​កំណត់​​​ច្បាស់​លាស់ដូច​ជា​​​ ​ដក​​​​ម្តង​ក្នុង​មួយ​អាទិត្យ ឬ​ពីរ​ដង​​ក្នុង​មួយ​ខែ ប្រសើរ​ជាង​​ការ​ទៅ​ដក​រាល់​ពេល​ដែល​​គ្មាន​លុយ​​ក្នុង​​កាបូប។

៦. មិន​​ចាញ់​​បោក​​ការ​ផ្សព្វ​ផ្សាយ និង​​​ការ​​បញ្ចុះ​​តម្លៃ​​ក្លែងក្លាយ

​ដោយ​សារ​តែ​គោលការណ៍​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​​មួយ​ចំនួន ចង់​​ឲ្យ​ទំនិញ​​លក់​ដាច់​បាន​​ច្រើន ទើប​ធ្វើ​​ការ​ផ្សព្វផ្សាយ​មើល​​ទៅ​ហាក់​បី​​ដូច​ជា​គគ្រឹកគគ្រេង ឬ​មាន​​ការ​បញ្ចុះ​​តម្លៃ​​​​មិន​​​គួរ​ឲ្យ​ជឿ។ យ៉ាង​​ណា​មិញ អ្នក​ត្រូវ​​​​​​សង្កេត​​​​មើល​ឲ្យ​បាន​ល្អិតល្អន់​មុន​​សម្រេច​​ចិត្ត​​ថា​ទិញ​​អ្វី​មួយ ថា​តើ​ទំនិញ​នោះ​មាន​គុណ​ភាព កាល​បរិច្ឆេទ​ខ្ពស់ និង​​​ប្រយោជន៍​​ដែរ​ឬទេ។ កុំ​​​បណ្ដោយ​​​​​ឲ្យ​ផុង​​ខ្លួន​ ទៅ​តាម​​​​​ការ​​ធ្វើ​​ទី​ផ្សារ​ក្លែង​ក្លាយ​​មួយ​​ចំនួន​ឲ្យ​សោះ។

៧. រង់​ចាំ​​រហូត​​ដល់​មាន​ទំនិញ​​បញ្ចុះ​​តម្លៃ​​ពិត​​ប្រាកដ

មិន​ខ្វះ​​ឡើយ រាល់​ពេល​​​​រដូវ​​បុណ្យទាន​ម្តងៗ សម្បូរ​​​​​ហាង​ដែល​លក់​​បញ្ចុះ​​តម្លៃ​ពិត​ប្រាកដ​ ពេល​នោះ​ហើយ​ ជា​​ឧកាស​ដែល​អ្នក​អាច​​ទិញ​ទំនិញ​​ថោក​តម្លៃ​​ដើម។ យ៉ាង​ណា​​មិញ ក៏​មិន​​ត្រូវ​ទិញ​​ច្រើន​​ហួស​ហេតុ​ពេល​​ដែរ និយាយ​រួម​​ទិញ​តែ​របស់​ណា​​ដែល​ត្រូវ​ការ​​ខ្វះ​មិន​បាន។ សម្លៀក​​បំពាក់ គ្រឿង​​​អលង្ការ​នានា​ គួរ​​តែ​កាត់​បន្ថយ។​​

៨. ញ៉ាំ​​​អាហារ​​​នៅ​ផ្ទះ​ ច្រើន​ជាង​​ការ​ញ៉ាំ​​នៅ​ខាង​ក្រៅ

ធ្វើ​​​អាហារ​ញ៉ាំ​​នៅ​ផ្ទះ​​ដោយ​​​ខ្លួន​ឯង មិន​ត្រឹម​តែ​​ជួយ​​ឲ្យ​អ្នក​សល់​លុយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​អ្នក​​មាន​​សុខភាព​ល្អ​ទៀតផង ព្រោះ​​​នៅ​​កន្លែង​​​​​លក់​​​ម្ហូប​អាហារ​ខ្លះ មិន​ប្រាកដ​ថា​មាន​​អនាម័យ​ត្រឹម​ត្រូវ​នោះ​​ទេ។ ​​អ្នក​អាច​​ចូល​ហាង​​ញ៉ាំ​អី លុះ​​ត្រា​តែ​​វល់​ខ្លាំងគ្មាន​ពេល​ធ្វើ​ម្ហូប ឬ​ពេល​ដែល​មិត្ត​ភ័ក្តិ​ណាត់​ជួប​​យូរៗ​ម្តង​​បាន​ហើយ។

៩. ​ឲ្យ​​តម្លៃ​​លើ​ការ​​សន្សំ

​មនុស្ស​មាន​​ពីរ​ប្រភេទ​ផ្សេង​គ្នា​​ក្នុង​ការ​​សន្សំ​ប្រាក់ ទី​១ ​គឺ​ជា​​​ប្រភេទ​​មនុស្ស​​ដែល​មាន​ទេពកោសល្យ​តាំង​ពី​កំណើត ពួក​គេ​អាច​សន្សំ​លុយ​​​យ៉ាង​ជោគជ័យ​​ដោយ​មិន​បាច់​ប្រឹង ឯ​ទី២ ​គឺ​ជា​ប្រភេទ​មនុស្ស​​ដែល​មាន​លុយ​​ច្រើន​ប៉ុណ្ណា​ ចាយ​ច្រើន​​​​ប៉ុណ្ណឹង​​​​ ហើយ​គិត​​ថា​ការ​សន្សំ​គ្មាន​បាន​​ផល​អ្វី​​មក​វិញ។

បើ​​សិន​អ្នក​ជា​មនុស្ស​ប្រភេទ​ទី​២ ត្រូវ​ផ្លាស់​ប្តូរ​គំនិត​មួយ​នេះ​​​ចេញ​ ​ហើយ​ត្រូវ​​​ឲ្យ​​តម្លៃ​​លើ​ការ​សន្សំ ​​យូរ​​​ឬ​ឆាប់​​អ្នក​នឹង​ទទួល​​បាន​​លទ្ធផល​ល្អ និង​​មិន​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ត​ទៅ​ទៀត។

១០. ​​​ចេះ​ពី​​​​វិធី​វិនិយោគ​ប្រាក់​​សន្សំ​​ឲ្យ​បាន​ត្រឹមត្រូវ

ត្បិត​​តែ​​ចំនួន​ទឹក​​ប្រាក់​អ្នក​នៅ​ទាប​ក៏​​ដោយ ត្រូវ​​​ចេះ​​​​​​យក​​ទៅ​វិនិយោគ​​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា​ការ​​ដាក់​​ប្រាក់​សន្សំ​ នៅ​ក្នុង​​ធនាគារ​ឬ​​តាម​បណ្ដា​គ្រឹះស្ថាន​មីក្រូ​​​ហិរញ្ញវត្ថុ​ស្រប​​ច្បាប់ ដែល​​មាន​អត្រា​ការ​ប្រាក់​​ខ្ពស់ ប្រសើរ​ជាង​ការ​ទុក​លុយ​​ចោល​ឲ្យ​​នៅ​នឹង​ថ្កល់ ៕

ចុចអាន៖

ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទពេញនិយម