អ្នក​គាំទ្រ​ Tottenham សុំ​កូរ៉េ​ខាងត្បូងឲ្យ Son បាន​សម្រាក​ខ្លះ​ក្រោយ​ឈ្នះ​​មិត្តភាព​លើ Costa Rica

  • 2018-09-08 08:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកគាំទ្រ Tottenham មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​កីឡាករ Son Heung-min នៅ​មិន​ទាន់​បាន​សម្រាក​ពី​ជម្រើស​ជាតិ​នៅ​ឡើយ ហើយ​រូប​គេ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ពេញ ៨៣ នាទី​កាល​ពី​ថ្ងៃ​សុក្រ។

Son ​ទើប​តែ​​ជួយ​កូរ៉េខាងត្បូង​ឈ្នះ​​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ហើយ​បាន​ធ្វើ​ឲ្យ​តារា​ឆ្នើម​របស់​ក្រុម​ Spurs រូប​នេះ​ត្រូវ​រួច​ពី​កាតព្វកិច្ច​យោធា​ ២១ ខែ​។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ Son លេង​បាន​៧​ប្រកួត ក្នុង​រយៈ​ពេល ១៧ ថ្ងៃ ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​រូប​នេះ បាន​ជួយ​ឲ្យ​កូរ៉េ​ខាងត្បូង​ឈ្នះ Costa Rica ២-០ ទៀត​កាល​ពី​យប់​មិញ។

អ្នកគាំទ្រ​ខ្លះ​បាន​សរសេរ​​នៅ​លើ Twitter ថា "ឱព្រះ! តើ​គេ​នៅ​កំពុង​លេង [ឲ្យ​ជម្រើស​ជាតិ​] ទៀត​ឬ?”។ ខ្លះ​ទៀត រៀបរាប់​ថា "សូម​ឲ្យ[​កីឡាករ] ដ៏​គួរ​ឲ្យ​អាណិត​បាន​សម្រាក​ខ្លះ​ផង" និង "តើ​អ្នក​អាច​សុំ​កូរ៉េខាងត្បូង​ឲ្យ​គាត់​​បាន​សម្រាក​ឥឡូវ​នេះ​បាន​អត់?”។

កីឡាករ​អាស៊ី​រូប​នេះ​​កំពុង​ពេញ​និយម​បំផុត​ក្នុង​ចំណោម​អ្នក​គាំទ្រ Tottenham ហើយ រូប​គេ​ផ្ទាល់​ក៏​បាន​អរគុណ​អ្នកគាំទ្រ​ដូច​គ្នា​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​រង្វាន់ Asian Games កាល​ពី​សប្តាហ៍​មុន។

Son គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​គ្រូ​បង្វឹក​ Mauricio Pochettino ទុក​ចិត្ត​ដាក់​ឲ្យ​លេង​ស្ទើរ​គ្រប់​ប្រកួត ​មិន​ថា​ប្រកួត​​ក្នុង​លីគ និង UEFA Champions League ឡើយ ហើយ តារា​ឆ្នើម​ពាក់​អាវ​លេខ​៧ តែង​បង្កើត​ឱកាស​ដោយ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី និង ស៊ុត​បញ្ចូល​ទី​​ខ្លួន​​ឯង​បាន​ចំនួន​១៨​គ្រាប់​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត