មុន​ប៉ះ​គ្នា​ល្ងាច​នេះ ​គ្រូ​​ទាំង​ពីរសុទ្ធ​តែ​ស្គាល់​ពី​ភាព​ខ្លាំងរបស់ដៃគូ

  • 2018-09-10 01:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គោ​ព្រៃ​កម្ពុជា នឹង​ជួប​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​នៅ​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ​ក្នុង​ជំនួប​​​មិត្ត​ភាព​អន្តរជាតិ។ ​ជុំ​វិញ​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​តើ​​គ្រួ​បង្វឹក​ទាំង​ពីរ​​បាន​និយាយ​អ្វី​ខ្លះ​?

លោក ​Tan Cheng គ្រូ​បង្គោល​របស់​ក្រុម​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ជា​​ក្រុម​ពិបាក​យក​ឈ្នះ​​​សម្រាប់​ជំនួប​មិត្ត​ភាព​​នេះ​ ពី​ព្រោះ​កីឡាករ​ទាំង​អស់​ប្រាកដ​​ជា​​មាន​ឆន្ទៈ​ខ្ពស់​​ក្នុង​ការ​លេង​លើស​ពី​១០០%​ ដើម្បី​បង្ហាញ​ដល់​គ្រូ​​បង្គោល​ថ្មី​របស់​ពួក​គេ។ ទាក់ទង​ការ​មក​ដឹក​​នាំ​​​របស់​កីឡាករ​លំដាប់​ពិភព​លោក Keisuke Honda ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ។

លោក Tan Cheng

លោក​បន្ថែម​ថា​ សម្រាប់​​ទស្សនៈ​របស់​លោក​ផ្ទាល់​កម្ពុជា នឹង​មាន​ទម្រង់​លេង​​មួយ​ថ្មី​​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី។ ​ប៉ុន្តែ​អ្វី​ដែល​ជា​កត់សម្គាល់​របស់​លោក​គឺ​គុណភាព​កីឡាករ​ច្រើន​ជាង ដែល​​មាន​ ធារី ចន្ថាប៊ីន ដែល​ធ្លាប់​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ជា​ដើម។

​ចំណែក​លោក Keisuke Honda អ្នក​ចាត់ការ​របស់​ក្រុម​កម្ពុជា​វិញ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា វា​ជា​រឿង​ពិបាក​មួយ​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ខ្លាំង​ដូច​​ជា​ម៉ាឡេស៊ី។ ប៉ុន្តែ​លោក​បាន​អះអាង​ថា ​គោព្រៃ​កម្ពុជា នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ។

លោក Keisuke Honda

លោក​​បាន​បន្ថែម​ថា ​​​ការ​ចាប់​ផ្ដើម​ប្រមូលផ្ដុំ​រយៈ​ពេល​១​សប្ដាហ៍​នេះ ​វា​​មិន​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​លេង​ថ្មី​ឲ្យ​បាន​ល្អ​នោះ​ទេ។ ​លោក​បាន​ណែនាំ​កីឡាករ​ទាំង​អស់​ឲ្យ​លេង​តាម​របៀប​ដែល​លោក​ចង់​បាន ហើយ​ពេល​នេះ​ពួក​គេ​ក៏​បាន​យល់​បាន​​ច្រើន​ផង​ដែរ។

បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​