ប្លែក​ភ្នែក​ហើយ ពេល​នេះ តារា​ចម្រៀង គូម៉ា ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ហើយ!

  • 2018-09-10 02:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី ណាំ ប៊ុណ្ណារ័ត្ន និង​កែវ វាសនា ដែល​បាន​បំបែក​ប្រវត្តិសាស្ត្រ​រៀង​ខ្លួន​នាម​ជា​តារា​ចម្រៀង ហក់​មក​ប្រឡូក​ខ្សែ​ភាពយន្ត​នោះ ពេល​នេះ​មាន​ដំណឹង​ថា តារា​ចម្រៀង គូម៉ា របស់​ផលិតកម្ម​ថោន ក៏​បាន​ហក់​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​នេះ​ដែរ។

ព័ត៌មាន​នេះ ធ្លាយ​ចេញ​ពី​ផលិតកម្ម LD ដែល​ថា គូម៉ា គឺ​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​របស់​ខ្លួន មាន​ចំណង​ជើង​ថា "អង្រឹង"។ លោក លៀក លីណា ដែល​ជា​ចាត់ការ​ទូទៅ​ផលិតកម្ម ក៏​បាន​បញ្ជាក់​ពី​ការ​ពិត​នៃ​ព័ត៌មាន​នេះ។ អ្នក​ដឹកនាំ​វ័យ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា "អង្រឹង" របស់​លោក រើស​បាន​តួឯកប្រុស​ហើយ ហើយ​នោះ គឺ គូម៉ា។

ងាក​មក​សាមី​ខ្លួន ក៏​បាន​ប្រាប់​ដែរ​ថា លោក​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​តួ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ​ពិត​មែន ដែល​ជា​ការ​សម្ដែង​ភាពយន្ត​ដំបូង​បំផុត​ក្នុង​ឆាក​ជីវិត​សិល្បៈ​របស់​លោក។ គូម៉ា នឹង​ត្រូវ​សម្ដែង​ជា​តួអង្គ​ឯក​មាន​ឈ្មោះ​ថា "បញ្ញា" ដោយ​ឡែក​តួស្រី ជា​នរណា លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ ហើយ​សាច់​រឿង​លម្អិត​យ៉ាង​ណា ក៏​មិន​ច្បាស់​ដូច​គ្នា។

ម្ចាស់​បទ "សង្សារ​ពាល" បញ្ជាក់​ថា លោក​មាន​ការ​បារម្ភ​ខ្លះ​ដែរ ដោយ​សារ​តែ​ជា​បទ​ពិសោធន៍​លើក​ទី​១។ "វា​ជា​លើក​ទី​១​ហើយ​បង ដូច្នេះ​ហើយ ត្បិត​ថាមិន​បារម្ភ​ខ្លាំង ប៉ុន្តែ​ក៏​បារម្ភ​ខ្លះ​ដែរ កន្លង​មក​ធ្លាប់​តែ​សម្ដែង MV...!”។

បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ភាពយន្ត​ទី​១ របស់​គូម៉ា នឹង​ចេញ​ដំណើរ​ការ​ថត នៅ​រង្វង់​ពាក់​កណ្ដាល​ខែ​នេះ​ ហើយ​លោក​នឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។ "ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព និង​សង្ឃឹម​ថា ពុក​ម៉ែ​បង​ប្អូន ក៏​ដូច​ជា​ទស្សនិកជន នឹង​ជួយ​គាំទ្រ​រូប​ខ្ញុំ ក៏​ដូច​ជា​គាំទ្រ​ខ្សែ​ភាពយន្ត​របស់​ខ្មែរ​យើង!”។ គូម៉ា បន្ថែម៕

រូបភាព៖ ហ្វេសប៊ុក គូម៉ា

អត្ថបទ៖ ទារិកា