ឆាយ លីអាន សិស្សឆ្នើមគណិតលំដាប់អន្តរជាតិ រៀបរាប់ទាំងទឹកភ្នែក ក្រោយធ្លាក់គណិតវិទ្យា
- 2018-09-10 03:23:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាយ លីអាន សិស្សឆ្នើមគណិតលំដាប់អន្តរជាតិ រៀបរាប់ទាំងទឹកភ្នែក ក្រោយធ្លាក់គណិតវិទ្យា
ចន្លោះមិនឃើញ
ឆាយ លីអាន បានរៀបរាប់តាមរយៈទូរសព្ទមកកាន់ Sabay នៅព្រឹកនេះទាំងអួលដើមកនិយាយមិនចង់ចេញចំពោះលទ្ធផល ប្រឡងបាក់ឌុបរបស់ខ្លួន។
ជ័យលាភីសិស្សឆ្នើមគណិតលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០១៨ រៀបរាប់ទាំងស្រងូតស្រងាត់ថា ពិតជាខកបំណងខ្លាំង មិនគួរណាលទ្ធផលបែរជាបែបននេះសោះ ព្រោះរូបគេបានរំពឹងថា នឹងទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ។ គ្រប់មុខវិជ្ជាស្ទើរតែ A ទាំងអស់មាននិទ្ទេស B តែ២មុខវិជ្ជាប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យគេតក់ស្លុត គឺគណិតវិទ្យាដែលខ្លួនបានធ្វើល្អបំផុត បែរជាធ្លាក់ទៅវិញ។
បេក្ខជនមកពីខេត្តកំពតរូបនេះបន្តទៀតថា នេះជាលទ្ធផលដែលគេមិនអាចទទួលយកបានឡើយ។ លីអាន សង្កត់ធ្ងន់ថា ករណីនេះគឺអាចមកពីការស្រង់ពិន្ទុតាមរយៈកុំព្យូទ័រ មិនត្រឹមត្រូវ ព្រោះតាមរយៈការធ្វើវិញ្ញាសាគណិតវិទ្យាពេលប្រឡង លីអាន អាចធ្វើបានយ៉ាងល្អបំផុត ហើយវិញ្ញាសាមិនលើសពីកម្រិតសមត្ថភាពរបស់គេឡើយ។
និយាយទាំងទឹកភ្នែកលីអាន រៀបរាប់ថា៖ «បាទបងតែកាលណាធ្លាក់គណិតអ៊ីចឹង ខ្ញុំមិនអាចប្រឡងចូលសាលាតិចណូបានទេ ហើយបើចង់ដាក់អាហារូបករណ៍ទៅក្រៅប្រទេសក៏មិនបានដែរបង។»
ខណៈនេះ ឆាយ លីអាន កំពុងទៅកាន់មន្ទីរអប់រំខេត្តកំពត ដើម្បីរកដំណោះស្រាយទៅលើបញ្ហានេះ ហើយប្រសិនបើមន្ទីរអប់រំខេត្ត មិនអាចរកដំណោះស្រាយបានទៀត រូបគេនឹងបន្តមកដល់រាជធានីភ្នំពេញទៀត។
សូមជម្រាបជូនថា យុវជន ឆាយ លីអាន ជាសិស្សឆ្នើមមេដាយមាសគណិត ឆ្នាំ២០១៨ និងលេខ២ឆ្នាំ២០១៥។ ជាពិសេសរូបគេធ្លាប់បានទៅប្រកួតនៅប្រទេសសិង្ហបុរី ក្នុងការប្រកួតគណិតវិទ្យាប្រចាំតំបន់អាស៊ាន ប្រកួតការធ្វើ Research នៅប្រទេសម៉ាឡេស៊ី និងប្រកួតលំដាប់ថ្នាក់អន្តរជាតិ (IMO) នៅប្រទេសរ៉ូម៉ាន់នី ដែលមានការចូលរួមពី១១៦ប្រទេសជុំវិញពិភពលោកទៀតផង៕