មកមើលទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ បិតាសង្គ្រោះជីវិតកុមារកម្ពុជា នៅរសៀលនេះ

  • 2018-09-10 09:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ទី​ស្នាក់​ការ​ក្រសួង​សុខាភិបាល បាន​រៀប​ចំ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ លោក​វេជ្ជ​បណ្ឌិត Beat Richner ដោយ​មាន​ការ​ចូល​ពី​ឯកឧត្ដម ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ និង​អ្នក​មុខ​អ្នកការ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រូប​ទៀត។

ដោយ​ឡែក​នៅមន្ទីរពេទ្យគន្ធបុប្ផា​ ក៏មាន​រៀបចំ​ពិធី​គោរពវិញ្ញាណ​ក្ខន្ធ​របស់​លោក​នៅ​បណ្ណាល័យ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ដដែល​នេះ។

លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ការ​បាត់បង់​បិតា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​សោក​សង្រេង និង​ស្រណោះ​ជា​ពន់​ពេក​ នូវ​ការ​លះ​បង់​ដ៏​ធំធេង​របស់​លោក​វេជ្ជ​បណ្ឌិត​មក​លើ​កូន​ខ្មែរ។

ទោះបី​ជា​លោក​វេជ្ជបណ្ឌិត បាន​ឃ្លាត​ឆ្ងាយ​លែង​វិល​ត្រឡប់ តែ​កូន​ខ្មែរ​គ្រប់រូប​នៅ​តែ​ចងចាំ​មិន​ភ្លេច ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា និង​តែង​រិះរក​គ្រប់​វិធី ដើម្បី​ប្រមូល​មូលនិធិ​មន្ទីរ​ពេទ្យ​មួយ​នេះ​ឲ្យ​ដំណើរ​ការ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ក្នុង​រយៈពេល​ប្រមាណ​ជាង​២៥​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ ៦៣២លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥតគិតថ្លៃ។ ថវិកា​ទាំងនោះ​បាន​មកពី​រដ្ឋាភិបាល​ស្វីស ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ព្រមទាំង​មួយ​ចំណែក​ទៀត​មក​ពី​រដ្ឋាភិបាល​កម្ពុជា។ បុរស​ចិត្តធម៌​រូប​នេះ ក៏​តែង​លេង​ឧបករណ៍​សេឡូ ជា​មធ្យោបាយ​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕

សូមទស្សនាកម្រងរូបភាពជាច្រើនសន្លឹកទៀត៖

អត្ថបទ៖ វឌ្ឍនៈ