Honda ៖ កីឡាករ​ប្រេស៊ីល​រត់​មិន​បាន​៩០​នាទី​ពេញ​​ល្អ​ឥតខ្ចោះ​ផងចុះ​​​កម្ពុជា

  • 2018-09-11 02:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្មាន​អ្នក​ណា​អាច​រត់​ពេញ ៩០​​នាទី​ពេញ​​ដោយ​​​ល្អឥតខ្ចោះ​​នោះ​ទេ ។ ជា​សម្ដី​របស់ Keisuke Honda ​ អ្នក​ចាត់​ការ​គោ​ព្រៃ​កម្ពុជា ​ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ប្រកួត​​​ចាញ់​ម៉ាឡេស៊ី​ ៣-១ ​យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​។

​អតីត​ខ្សែ​ប្រយុទ្ធ​របស់ AC Milan រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បើ​ទោះ​ជា​កីឡាករ​លេង​ខ្លាំង​ៗ ល្អ​កម្រិត​ពិភព លោក​​ក៏​ដោយ​ ក៏​មិន​អាច​រត់​បាន​៩០​នាទី​ពេញ​ ដោយ​ល្អឥតខ្ចោះ​នោះ​ដែរ។ ប៉ុន្តែ​គេ​ត្រូវ​ដឹង​ថា តើ​គួរ​​ធ្វើ​​យ៉ាង​ម៉េច​ទើប​អាច​លេង​ល្អ​ នៅ​ពេល​ដែល​ខ្លួន​បាត់​បង់​កម្លាំង ដែល​​រត់​មិន​បាន​​លឿន​ដូច​ដើម​វគ្គ​ទី​១​។

​ចំណុច​នេះ​ទាក់​ទង​នឹង​ទម្រង់​លេង​របស់​កម្ពុជា ដែល​លេង​ល្អ​នៅ​ដើម​វគ្គ​ទី​១ ពិសេស​នៅ​៣០​នាទី​ដំបូង សមត្ថភាព​ និង​ទម្រង់​លេង​ដូច​អ្វី​ដែល​ Honda ចង់​បាន​ទាំង​ស្រុង។ ប៉ុន្តែ​នៅ​ចុង​​ម៉ោង​ពិសេស​នៅ​ពេល​គ្រប់​គ្នា​បាត់​បង់​កម្លាំង​ ទម្រង់​លេង​​​ខ្សោយ​ជាង​ដើម​វគ្គ​ទី​១ខ្លាំង។ អ្នក​ចាត់​ការ​រូប​នេះ​បញ្ជាក់​​បន្ថែម​ថា នេះ​ជា​ចំណុច​ដែល​លោក​នឹង​កែប្រែ​ និង​បង្ហាត់​ដល់​កីឡាករ​កម្ពុជា។

បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​