អតីត​កីឡាករ​ជើង​ចាស់​ Man Utd ៧​នាក់​ដែល​អ្នក​ស្មាន​មិន​ដល់​ថា​កំពុង​បន្ត​លេង​បាល់​

  • 2018-09-11 04:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United គឺ​ជា​ក្លឹប​កំពូល​មួយ​ក្នុង​ពិភពលោក​ ពិសេស​ធ្លាប់​មាន​យុគ​សម័យ​មាស​ឈាន​ដល់​កម្រិត​មួយ​ផុត​ដាច់​គេ​កាល​ពី​សម័យ​​លោក​ Sir Alex។ បិសាច​ក្រហម​ជំនាន់​នោះ​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ដែល​បាន​​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​ទាំង​ក្នុង​ស្រុក​ និង​តំបន់​អឺរ៉ុប។​

​ពេល​វេលា​កន្លង​ទៅ​យូរ​ឆ្នាំ​មាន​កីឡាករ​មួយ​ចំនួន​ក៏​ចូល​និវត្តន៍​ហើយ​ខ្លះ​​ទៀត​ក៏​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​ក្នុង​អាជីព​ទៅ​លេង​បាល់​តាម​ប្រទេស​ផ្សេង​ៗ​ ឬ​វិល​ទៅ​ក្លឹប​នៅ​ស្រុក​កំណើត​វិញ។​ ខាង​ក្រោម​គឺ​អតីត​កីឡាករ​ Man United ៧​នាក់​ដែល​​អ្នក​សឹង​​​បាត់​ដំណឹង​ពី​ពួកគេ​ទៅ​ហើយ​ តែ​មែន​ទែន​ទៅ​កីឡាករ​ទាំង​នោះ​កំពុង​បន្ត​លេង​បាល់​នៅ​ឡើយ​៖

#៧ Carlos Tevez

Tevez ចូល​រួម​ជាមួយ​ Manchester United ដោយ​ផ្ទេរ​ពី​ West Ham ក្នុង​ឆ្នាំ​២០០៧។​ រយៈ​ពេល​២​រដូវ​កាល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​លេង​បាន​៩៩​ប្រកួត​ ស៊ុត​បញ្ចូល​ទី​៣៤​គ្រាប់​។ កីឡាករ​រូប​នេះ​បច្ចុប្បន្ន​មិន​ទាន់​ចូល​និវត្តន៍​ទេ​ និង​កំពុង​លេង​នៅ​ក្លឹប​ Boca Juniors នៃ​ប្រទេស​កំណើត។​

#៦ Anderson

Anderson ត្រូវ​ United ទិញ​ពី​ Porto ក្នុង​ឆ្នាំ​២០០៧ ហើយ​ចំណាយ​ពេល​៧​ឆ្នាំ​កន្លះ​នៅ​ Old Trafford បង្ហាញ​ខ្លួន​បាន​ ១៨១​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ។​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៨​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ទៅ​លេង​នៅ​ក្រុម​ Adana Demirspor ក្នុង​ក្របខ័ណ្ឌ​លីគ​ទួរគី​រហូត​ដល់​បច្ចុប្បន្ន។​

#៥ Rafael

Rafael បាន​ទៅ​លេង​នៅ​ Manchester United ក្នុង​ឆ្នាំ​២០០៨​ជាមួយ​បងប្អូន​ភ្លោះ​ម្នាក់​ទៀត​គឺ​ Fabio។ កីឡាករ​រូប​នេះ​លេង​បាន​១៦៩​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​។ នៅ​ឆ្នាំ​២០១៥​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​ទៅ​លេង​នៅ​ Lyon រហូត​ដល់​សព្វថ្ងៃ។​

#៤ Nani

Nani ដែល​គេ​រំពឹង​ថា​ជា​ Ronaldo ទី​ពីរ​នោះ​បាន​ចូល​រួម​ជាមួយ​ Manchester United ក្នុង​ឆ្នាំ​​២០០៧ ដោយ​ផ្ទេរ​ពី​ Sporting CP។ យ៉ាង​ណា​បញ្ហា​របួស​មិន​បាន​ធ្វើ​ឲ្យ​កីឡាករ​ដែល​ចំណាយ​ពេល​៨​រដូវ​កាល​នៅ Old Trafford នេះ​ទទួល​ជោគជ័យ​ទេ​ហើយ​នៅ​ឆ្នាំ២០១៨​ រូប​គេ​បាន​ត្រឡប់​ទៅ​ក្លឹប​ចាស់​ Sporting បន្ត​អាជីព​នៅ​ទី​នោះ​វិញ។​

#៣ Robin Van Persie

ខ្លា​ចាស់​ Robin van Persie បាន​ចាកចោល​ទ្រនំ​យូរ​ឆ្នាំ​ Arsenal ក្នុង​ឆ្នាំ​២០១២ ទៅ​ជួយ​ក្រុម​ Manchester United ឈ្នះ​ Champions League លើក​ទី​២០​។ នៅ​រដូវ​កាល​ដំបូង​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៣០​គ្រាប់​ឲ្យ​បិសាច​ក្រហម​ តែ​ក្រោយ​ពេល​៣​ឆ្នាំ​រូប​គេ​បាន​ផ្ទេរ​ទៅ​ទឹកដី​ទួរគី​លេង​ជាមួយ​ Fenerbahce ហើយ​ចុង​ក្រោយ​ត្រឡប់​ទៅ​ក្លឹប​ចាស់​នៅ​ប្រទេស​កំណើត​ Feyenoord នៃ​លីគ​ហូឡង់​វិញ។​

#២ John O’Shea

លេង​នៅ​​ Manchester United តាំង​ពី​ឆ្នាំ​១៩៩៩​ កីឡាករ​ John O’Shea ​មិន​ទាន់​អស់​អាល័យ​ពី​បាល់ទាត់​ទេ​ បើ​ទោះ​ជា​មិត្ត​រួម​ក្រុម​ជា​ច្រើន​បាន​ចូល​និវត្តន៍​ ក្លាយ​ជា​គ្រូ​បង្វឹក​អស់​ហើយ​ក៏​ដោយ។​ ខ្សែ​ការពារ​រូប​នេះ​ ចំណាយ​ពេល​១៣​ឆ្នាំ​ជាមួយ​ United ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់​ហើយ​បច្ចុប្បន្ន​កំពុង​លេង​ជាមួយ​ Reading ដោយ​ចុះ​កុងត្រា​១​ឆ្នាំ​នៅ​​ក្របខ័ណ្ឌ​ Championship។

#១ Darren Fletcher

Fletcher ចំណាយ​ពេល​១៣​រដូវ​កាល​ជាមួយ​ Manchester United លេង​៣៤០​ប្រកួត​ និង​ស៊ុត​បញ្ចូលទី​ ២៣​គ្រាប់។​​ Fletcher ឈ្នះ​ Premier League ៥​ដង​ និង​ Champions League ១​ដង​ជាមួយ​បិសាច​ក្រហម​ហើយ​បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​ក្នុង​ឆ្នាំ​២០១៥។ សព្វ​ថ្ងៃ​ខ្សែ​បម្រើ​រូប​នេះ​កំពុង​លេង​នៅ​ Stoke City នៃ​លីគ​លំដាប់​ទី​២​របស់​អង់គ្លេស៕

ប្រភព៖ Wikipedia | google   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម