រំជួលចិត្ត មកដឹងជីវិតតស៊ូមិនធម្មតា ៣ចំណុច ពីជើងខ្លាំងនិទ្ទេស A ម្នាក់គត់ នៅរតនគិរី
- 2018-09-11 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត មកដឹងជីវិតតស៊ូមិនធម្មតា ៣ចំណុច ពីជើងខ្លាំងនិទ្ទេស A ម្នាក់គត់ នៅរតនគិរី
ចន្លោះមិនឃើញ
ក្រោយការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីទ្បា បានបញ្ជាក់ថា ខេត្តរតនគិរីមានបេក្ខជន និទ្ទេស A តែម្នាក់គត់ ប្រចាំខេត្ត។
ខេត្តនេះ មានចំនួនសិស្សឆ្នើមតិចតួចជាងគេ បើធៀបនឹងបណ្ដាខេត្តដទៃ។ សិស្សរូបនេះ មានប្រវត្តិជីវិត តស៊ូមិនធម្មតា មុនទទួលលទ្ធផលសិក្សាជោគជ័យ។
ទំព័រហ្វេសប៊ុកមន្ទីរព័ត៌មាន ខេត្តរតនគីរី បានឲ្យដឹងថា បេក្ខជននិទ្ទេស Aដែលជាករណីដ៏កម្រសម្រាប់ខេត្តដាច់ស្រយាល១នេះ មានឈ្មោះ ឈ្មោះ ម៉ក់ យិត អាយុ ១៩ឆ្នាំ ដែលមានស្រុកកំណើត នៅភូមិស្រម៉ ឃុំក្សែត ស្រុកកំពុងរោ ខេត្តស្វាយរៀង។
១. ស្ថានភាពគ្រួសារ
សិស្សឆ្នើមរូបនេះ មានឪពុក ឈ្មោះ តាន់ មាឃ អាយុ ៤២ ឆ្នាំ និងអ្នកម្ដាយឈ្មោះ កាន យ៉ាន់ អាយុ ៤០ ឆ្នាំ ។ បច្ចុប្បន្ន ឪពុកម្ដាយរបស់យុវជន ម៉ក់ យិត កំពុងធ្វើការជាកម្មករ នៅប្រទេសថៃ។ សិស្សពូកែនេះ មានបងប្អូនចំនួន ៤នាក់ស្រី ១ ប្រុស ៣ និងជាកូនទី២ ក្នុងគ្រួសារ។
២. ប្រវត្តិតស៊ូពេលសិក្សា ពេលនៅឆ្ងាយពីគ្រួសារ
ម៉ក់ យិត បានមកសិក្សារៀនសូត្រ នៅក្នុងខេត្តរតនគិរី តែម្នាក់ឯង រយៈពេល៣ឆ្នាំ ដោយសុំលាក់មូលហេតុហើយរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ តាំងពីថ្នាក់ទី១០ មកម្ល៉េះ។ យុវសិស្ស ម៉ក់ យិត បានស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយឆ្លៀតពេលទំនេរ ពីការសិក្សា តែងតែស៊ីឈ្នួលរៀបចំឥវ៉ាន់លក់ដូរឲ្យគេ ដើម្បីបានថវិកាមកជួលបន្ទប់ស្នាក់នៅ និងឧបត្ថម្ភខ្លួនឯង ក្នុងការសិក្សា។
៣. លទ្ធផលបាក់ឌុប ដ៏រំភើប
មានការប្រឈម និងការលំបាកជាច្រើន មុនយុវជនរូបនេះ ជាប់និទ្ទេស A។ យុវសិស្ស ម៉ក់ យិត បានរំលឹកថាគ្រប់បែបយ៉ាង ដែលខ្លួនបានបែកឆ្ងាយ ពីឪពុកម្ដាយបងប្អូនមករស់នៅម្នាក់ឯងក្នុងទឹកដី នៃខេត្តរតនគិរី។ ការលំបាកទាំងអស់នោះ បានជំរុញឲ្យប្អូនខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់ និងរៀនសូត្រដោយសង្ឃឹមថាថ្ងៃណាមួយជីវិតរបស់ខ្លួន និងបានល្អប្រសើរ។
ទីបំផុតក្ដីស្រម៉ៃរបស់ប្អូនប្រុសបានក្លាយជាការពិត ដោយប្អូនប្រុស បានប្រឡងជាប់បាក់ឌុប និងទទួលបាននិទ្ទេសAថ្នាក់វិទ្យាសាស្ត្រ ដោយទទួលបានពិន្ទុ ៩៩.៨៨៥។ នេះបើតាមការបញ្ជាក់ពីយុវសិស្ស ម៉ក់ យិត។
សូមបញ្ជាក់ថា ខេត្តរតនគិរីមានបេក្ខជន បានប្រឡងជាប់បាក់ឌុប ចំនួន ៧២១ នាក់ក្នុងចំណោមបេក្ខជន ៩០៧នាក់ ដែលបានចូលរួមប្រឡងកាលពី សម័យប្រលង២០ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។ ក្នុងនោះមាននិទ្ទេស A មានចំនួនតែម្នាក់គត់ គឺយុវសិស្ស ម៉ក់ យិត។
ក្រៅពីនេះមានសិស្ស និទ្ទេស B ចំនួន៣នាក់, និទ្ទេស C ចំនួន៤៩នាក់, និទ្ទេស Dចំនួន១៩៦ នាក់ និងនិទ្ទេស E ចំនួន ៤៧២ នាក់។