រង់ចាំមើលទាំងអស់គ្នា! ថ្ងៃនេះក្រសួងអប់រំ ចាប់ផ្ដើមដោះស្រាយបញ្ហាជូនសិស្សបាក់ឌុបហើយ

  • 2018-09-12 02:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចាប់​ផ្ដើម​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យ​វិច័យ​លើ​បណ្ដឹង​របស់​សិស្ស​ដែល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ និង​ចាប់​ផ្ដើម​ដោះស្រាយ​នូវ​រាល់​បណ្ដឹង​របស់​បេក្ខជន​ចាប់​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​តទៅ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​អប់រំ លោក ឌី ខាំបូលី បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ។

រូបភាព៖ Phal Sakda

រហូត​មក​ដល់​ពេល​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​របស់​បេក្ខជន​ចំនួន ជាង​២០០​បណ្ដឹង​ហើយ។ ចំពោះ​លទ្ធផល​យ៉ាង​ណា​នោះ ក្រសួង​មិន​ទាន់​អាច​ប្រាប់​បាន​ឡើយ ប៉ុន្តែ​មន្ត្រី​ទាំង​អស់​នឹង​ខិត​ខំ​ធ្វើ​ទៅ​លើ​កិច្ច​ការ​នេះ​តាម​លទ្ធភាព។

បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ប្រឡង​មធ្យមសិក្សាទុតិយភូមិ​ឆ្នាំ​២០១៨​មក បេក្ខជន​ប្រឡង​ និង​មហា​ជន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​លទ្ធផល​របស់​ពួក​គេ។ ជា​ពិសេស​ទៅ​លើ​មុខ​វិជ្ជា​គណិត ហាក់​មាន​ភាព​ខុស​ប្រក្រតី សូម្បី​ជយលាភី​មេដាយ​មាស ឆាយ លីអាន ធ្លាប់​ប្រកួត​ប្រជែង​ដល់​សិង្ហបុរី ម៉ាឡេស៊ី និង​រ៉ូម៉ាន់​នី​ក៏​ប្រឡង​ធ្លាក់​ទៅ​លើ​មុខ​វិជ្ជា​នេះ​ដែរ។

បេក្ខជន​ជា​ច្រើន​នាក់​នៅ​តែ​មក​តវ៉ា នៅ​មុខ​ក្រសួង​អប់រំ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ក្រសួង​រក​ដំណោះ​ស្រាយ​ដ៏​សមស្រប​ណា​មួយ។ ក្នុង​នោះ​បេក្ខជន​ជើង​ខ្លាំង មេដាយ​មាស​លេខ​១​ទូទាំង​ប្រទេស​ផ្នែក​គណិត​វិទ្យា​ប្រចាំ​ឆ្នាំ​២០១៨ ឆាយ លីអាន ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត កំពុង​រង់ចាំ​ការ​ដោះ​ស្រាយ​យ៉ាង​អន្ទះសា៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី