កត្តា៤យ៉ាង នៅពីក្រោយភាពជោគជ័យនៃសិស្សឆ្នើមនិទ្ទេសA លំដាប់ពិន្ទុ១០០ពេញ

  • 2018-09-12 03:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សិស្ស​ឆ្នើម​និទ្ទេស A លំដាប់ពិន្ទុ១០០ពេញ យុវជន​ ប៉េង គឹមហេង​ ជា​សិស្ស​ម្នាក់​ដែល​មាន​គោល​ដៅ និង​ប្ដេជ្ញា​ច្បាស់​លាស់​​ក្នុង​ការ​រៀន​សូត្រ​។​ ទន្ទឹម​នឹង​នោះ​សិស្ស​ឆ្នើម​រូប​នេះ​ បាន​បង្ហើប​ពី​ កត្តា​បួន​យ៉ាង​ ដើម្បី​ប្រឡង​ជាប់​ដោយ​ជោគជ័យ​។ នេះ​ជា​សារ​មួយ​សម្រាប់​​​ប្អូន​បាក់ឌុប​ជំនាន់​ក្រោយ​ គួរ​ត្រួសត្រាយ និង​រៀប​ចំ​ខ្លួន​ចាប់​ពី​ពេល​ឥឡូវ​​នេះ​តទៅ​៖ ​​​

១. កត្តាខ្លួនឯង

​ចំណុច​សំខាន់​ដំបូង​របស់​សិស្ស​ឆ្នើម​នេះ​ លើក​ឡើង​ដំបូង​គឺ​កត្តា​ខ្លួន​ឯង​។ ​ផ្ដើម​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​ថ្នាក់​ក្រោម​ រហូត​ដល់​ថ្នាក់​បញ្ចប់​នៃ​វិទ្យាល័យ​ ​គឹមហេង​ រៀប​ចំ​ការ​សិក្សា​តាំង​ដើម​ឆ្នាំ​ និង​បែងចែក​កាល​វិភាគ​ឲ្យ​បាន​សមស្រប​។ ​ការ​ប្ដេជ្ញា​ចិត្ត​ប្រឡង​យក​ឲ្យ​បាន​និទ្ទេស​ល្អ​គឺ​ជា​រឿង​សំខាន់​ ហេតុ​នេះ​ខ្លួន​ឯង​ផ្ទាល់​​ត្រូវ​គោរព​វិន័យ​​ និង​ម៉ោង​ត្រូវ​រៀន​។ សិស្ស​ឆ្នើម​រូប​នេះ​ បាន​ចោទ​ជា​សំណួរ​ដល់​ខ្លួន​ឯង​ ថា​ហេតុ​អី​ចង់​បាន​និទ្ទេស A ? ហើយ​ចម្លើយ​នោះ​គឺ ​ដើម្បី​មុខ​មាត់​ និង​កិត្តិយស​គ្រួសារ។ វា​ជា​សំណួរ​មួយ​យើង​ត្រូវ​សួរ​ខ្លួន​ឯង​រាល់​ថ្ងៃ​ បន្ទាប់​មក​​ការ​ប្ដេជ្ញា​ចិត្ត​ប្រឡង​យក​ឲ្យ​បាន​និទ្ទេស​នោះ​ឲ្យបាន​ តែ​ចាំ​បាច់​​​ត្រូវ​គោរព​វិន័យ​​ និង​ម៉ោង​ត្រូវ​រៀន​ទៀង​ទាត់​​។​​​

ជាក់​ស្ដែង​ សម្រាប់​ម៉ោង​រៀន​គួរ​ ឬ​រៀន​បំប៉ន​ គឹមហេង រៀន​មួយ​ថ្ងៃ ២មុខវិជ្ជា​ ហើយ​មួយ​មុខវិជ្ជា រៀន​២ម៉ោង សរុប​គឺ​រៀន​គួរ​ ៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ខណៈ​មួយ​សប្ដាហ៍​គួរ​លៃ​​រៀន​ឲ្យបាន​៥មុខ​សំខាន់ៗ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​។​ ម្យ៉ាង​គួរ​ជ្រើសរើស​ពេល​វេលា​រៀន ​ថា​តើ​រៀន​ពេល​ថ្ងៃ និង​ពេល​យប់ មួយ​ណា​ដែល​រៀន​ចូល​ និង​ឆាប់​ចាំ។ ​​​​

២​. កត្តា​គ្រួសារ​

សមាជិក ជា​កតាលីករ​ជំរុញ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ដល់​យុវជន​ឆ្នើម​និទ្ទេស​Aរូប​នេះ។ គ្រួសារ​គឹម​ហេង​ តែងតែ​​​​លើក​ទឹក​ចិត្ត​ ​គាំទ្រ​គ្រប់​ពេល​វេលា និង​ឲ្យ​ពេល​ ទំនុក​បម្រុង​ថវិកា​គ្រប់គ្រាន់​ដល់​ប្អូន​ដើម្បី​រៀន​សូត្រ។ គឹម​ហេង ប្រាប់​ថា​ ​ខ្លួន​មិន​ធ្លាប់​រំពឹង​ថា ​ដណ្ដើម​បាន​និទ្ទេស A លំដាប់ពិន្ទុ១០០ពេញ ត្រឹម​និទ្ទេស​A ធម្មតាៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​វាជាកិត្តិយស​ដ៏​ធំធេង​ ដូច​ជា​ការ​តបស្នង​សង​គុណ​ដល់​យ​ឪពុកម្ដាយ​ឲ្យ​​សប្បាយចិត្ត​រីកមុខ​រីក​មាត់​ក្នុងសង្គមដោយ​សារ​ខ្លួន​។ ​​​​​

៣. កត្តា​សាលារៀន

ឪពុកម្ដាយ​គឹម​ហេង​ បាន​ជ្រើសរើស​សាលា​មួយ​ដែល​មាន​គុណភាព​ គ្រូបង្រៀន​មាន​សមត្ថភាព ក្នុង​ការ​បណ្តុះ​បណ្តាល​ និង​អប់​រំ​សិស្ស​។ ​គឹម​ហេង​ថា កត្តា​សាលា​ជា​​ចំណុច​មួយ​ដែល​អាណាព្យាបាល​គ្រប់​រូប​ គួរ​កុំ​រំលង និង​តាម​ដាន​ការសិក្សា​របស់​កូន​ឲ្យបាន​ញឹកញាប់ ខ្លះ​ណា​សាលា​គឺល្អ​ហើយ តែ​សិស្ស​មិន​ខំ ក៏​មិន​បាន​លទ្ធផល​ល្អ​ដែរ​។ ​​​​ ​

៤. កត្តាសង្គម

ពេល​វេលា​មួយ​ឆ្នាំ​ក្នុង​ការ​រៀន​ថ្នាក់​ទី១២​ គឺ​ខ្លី​ណាស់ ដូចនេះគប្បី​ជ្រើស​រើស​មិត្ត​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅមក។ ​តួយ៉ាង​ការ​ជ្រើសរើស​មិត្ត​ភក្តិ សិស្ស​ឆ្នើម​រូប​នេះ ក៏​បានពិចារណា​រើស​មិត្ត​ណា​ដែល​អាច​ជួយ​ និង​សហការ​រៀន​សូត្រ​តទៅ​ថ្ងៃ​មុខ។ "ខ្ញុំ​ចូល​ចិត្ត និង​ពូកែ​គណិតវិទ្យា​ស្រាប់ អ៊ីចឹង​​ខ្ញុំ​ស្វែង​រក​មិត្ត​ដែល​គេ​ពូកែ​មុខ​វិជ្ជា​ផ្សេង​ទៀត ដើម្បី​ជួយ​បង្រៀន​​បំពេញ​គ្នា​ទៅវិញ​ទៅមក​ " គឹមហេង​បន្ថែម​។ ​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម