ធ្លាក់បាក់ឌុប២ដង ពិតជាធ្វើឲ្យខូចចិត្ត តែយុវជននេះ ធ្វើរឿង១មុនគេ ស្រោចស្រង់ខ្លួនឯងរហូតជោគជ័យ

  • 2018-09-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន១រូប បាន​ចែក​រំលែក​បទពិសោធន៍​ខ្លួនឯង ដែល​ជា​រឿង​ត្រូវ​ធ្វើ​មុន​គេ ដើម្បី​ជួយ​សង្គ្រោះ​ខ្លួនឯង បន្ទាប់​ពី​បរាជ័យ​ផ្ទួន​ៗ ក្រោយ​ធ្លាក់​ឌុប។

តាម​ព័ត៌មាន​ដែល Sabay ទទួល​បាន​គឺ​យុវជន​ដដែល បាន​ចូលរួម​ប្រលង​បាក់ឌុប ចំ​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​កែ​ទម្រង់ និង​រឹត​បន្តឹង​ការ​ប្រលង លើកទី១ ក្នុង​ឆ្នាំ ២០១៤។

ក្នុង​សារ​អេឡិចត្រូនិក ដែល​បាន​រៀបរាប់​មកកាន់ Sabay អតីត​សិស្ស​បាក់ឌុប​រូប​នេះ​ឈ្មោះ កែវ រដ្ឋា។ លោក​បាន​បន្ត​ថា លោក​ធ្លាប់​ធ្លាក់​បាក់ឌុប ដល់​ទៅ​ ២ដង ដែល​ធ្វើ​ឲ្យ​លោក​ចាំ​មិន​ភ្លេច​ កាល​ពី​៥​ឆ្នំា​មុន។

មាន​ចំណុច​សំខាន់​១ លោក​ កែវ រដ្ឋា ចង់​ផ្តាំ​ផ្ញើ និង​ជា​រឿង​ដែល​ត្រូវ​ធ្វើ​មុន​គេ ដើម្បី​ចែក​រំលែក បើ​ទោះ​បី​ជា​លទ្ធផល​បាក់ឌុប​មិន​គាប់​ចិត្ត គឺ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​ចម្បង។ ​ជាប់​ធ្លាក់​ តែងតែ​មាន​ពេល​ប្រលង គ្មាន​រឿង​អី​ ដែល​ត្រូវ​ខ្មាសគេ ​រហូត​បិទ​ផ្លូវ​ខ្លួនឯង និង​ចោល​អនាគត​ឡើយ។

លោក​ កែវ រដ្ឋា បន្ត​ទៀត​ថា អនាគត​ទៅ​ប្អូន​ៗ មាន​តែ​ខ្លួន​ឯង​ទេ ដែល​ត្រូវ​ពឹង​ពាក់​​បាន និង​ចិញ្ចឹម​ខ្លួនឯង។ មួយ​ទៀត ប្អូន​ត្រូវ​ចាំ​ថា កុំ​ប្រៀប​ធៀប​ពេក រវាង​កូន​អ្នក​មាន និង​អ្នក​ក្រ គឺ​ខុស​គ្នា​ បើ​អូន​ក្រ ហើយ​បរាជ័យ តែ​ប្អូន​ព្យាយាម ថ្ងៃ​ណា​មួយ​ប្អូន​នឹង​ជោគជ័យ ពេល​នោះ​ កូន​អ្នក​មាន​ អាច​នឹង​ខ្មាស​ប្អូន​ឯង​ វិញ​ហើយ ព្រោះ​គាត់​ចេះ​តែ​ញ៉ាំ​ត្រី អត់​ស្ទូច​ត្រី​ដូច​អូន​ទេ។ អូន​ដើរ​​ក្នុង​សង្គម​កាន់​តែ​ច្រើន អូន​នឹង​ដឹង​កាន់​តែ​ច្រើន។

ចុងក្រោយ លោក​ កែវ រដ្ឋាបន្ថែមថា សូម​លើក​ទឹក​ចិត្ត​ប្អូន​ៗ កុំ​អោយ​បោះបង់ ស៊ូ​ឡើង ឱកាស​មាន​ច្រើន​ណាស់​ បើ​អូន​ធ្លាក់ អូន​អាច​រៀន​បរិញ្ញាបត្ររង​បាន ឬ​រៀន​ជំនាញ​យក​តែ​ម្ដង។

សូម​បញ្ជាក់​ថា តាម​រយៈ​បទពិសោធន៍​ខាង​លើ បាន​ជំរុញ​ឲ្យ លោក កែវ រដ្ឋា ប្រលង​បាក់​ឌុប​ជាប់​ ក្រោយ​ដាក់​ពាក្យ​ប្រឡង​​បំពេញវិជ្ជា​ នៅឆ្នំាំបន្ទាប់។ ក្រៅ​ពី​នេះ លោក កែវ រដ្ឋា ក៏​កំពុង​រៀន​បន្ត និង​ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មានវិទ្យា (IT) នៅសកលវិទ្យាល័យ១ ក្នុង​ក្រុង​ភ្នំពេញ និងមានការងារ១ ដែល​អាច​ចិញ្ចឹម​ខ្លួនឯង​បាន។ នេះ​បើ​តាម​ការ​អះអាង​ របស់​អតីត​បេក្ខជន ធ្លាប់​ធ្លាក់​បាក់ឌុប ២ដង លោក កែវ រដ្ឋា ។

រូបភាពពី ហ្វេសប៊ុក កែវ រដ្ឋា

អត្ថបទ៖ ពៅ រក្សា