កូនខ្មែរគួរដឹង! ប្រវត្តិ និងស្នាដៃកវីនិពន្ធដ៏ល្បីល្បាញ រីម គីន

  • 2018-09-13 03:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវី​និពន្ធ រីម គីន បាន​សាង​ស្នាដៃ​តាម​រយៈ​ប្រលោម​លោក​សម័យ​ទំនើប រឿង "សូផាត" នៅ​ឆ្នាំ ១៩៣៨ ដែល​ស្នាដៃ​មួយ​នេះទទួល​ការ​កោត​សរសើរ​ពី​គ្រប់​ទិស​ទី ហើយ​រាជការ​បាន​ប្រគល់​គ្រឿង​ឥស្សរិយយស​មុនី​សារភណ្ឌ​ដល់​លោក​ថែម​ទៀត។ ភាពល្បីល្បាញ និងដោយ​សារ​តែអត្ថន័យអប់រំជាច្រើនបង្កប់ក្នុងសាច់រឿង "សូផាត" ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាបឋមភូមិ នៅក្នុងឆ្នាំ​១៩៥០។

ក្រៅ​ពី​រឿង "សូផាត" លោក រីម គីន បាន​និពន្ធ​សៀវភៅ ពាក្យ​កាព្យ​ និង​ប្រលោម​លោក​ជា​ច្រើន​ទៀត ដែល​ខាង​ក្រោម​នេះ​ជាប្រវត្តិ​សង្ខេប និង​ស្នាដៃ​តែង​និពន្ធ​របស់​លោក៖

ជីវប្រវត្តិ៖

លោក រីម គីន កើត​ក្នុង​ឆ្នាំ ១៩១១ នៅ​ក្រុង​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ឈ្មោះ គីម ជា​ចៅហ្វាយ​ខេត្ត​កំពង់​ស្ពឺ ម្តាយ​ឈ្មោះ សោ។ កាល​វ័យ​កុមារ លោក​បាន​សិក្សា​រៀន​សូត្រ​ជាមួយ​ព្រះភក្តិ​មួយ​អង្គ នៅ​វត្ត​ស្វាយ​ដង្គំ រាជ​ធានី​ភ្នំពេញ។ លុះ​ចេះ​អក្សរ មើល​សាស្ត្រា​បាន​សព្វ​គ្រប់ ទើប​លោក​ទៅ​ចូល​រៀន​នៅ​សាលា ឌូដាដឺឡាគ្រេ ហើយ​នៅ​ឆ្នាំ​១៩២៩ ប្រឡង​ចូល​រៀន​នៅ​អនុវិទ្យល័យស៊ីសុវត្ថិ រយៈពេល៤ឆ្នាំ។ នៅឆ្នាំ ១៩៣៣ លោក​បាន​ចូល​រៀន វិជ្ជា​គរុកោសល្យ ។

ជីវិតគ្រួសារ៖

លោក រីម គីន ​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​លោក​ចៅ​ក្រម​ នាម​នាង​ សិន ហៅ ស៊ីមន នៅ​ខែមករា ឆ្នាំ​១៩៣៥។

ជីវិតការងារ៖

  • ក្រោយ​រៀនចប់គរុកោសល្យ នៅឆ្នាំ ១៩៣៣ ​លោក រីម គីន ចូល​ធ្វើ​ការ​ជា​គ្រូ​បង្រៀន នៅ​ខេត្តបាត់ដំបង មួយ​ឆ្នាំ​ក្រោយ​មក​បាន​ផ្លាស់​មក​ភ្នំពេញ​វិញ។

  • ខែ​កញ្ញា ​ឆ្នាំ​១៩៣៤ លោក​មាន​តួនាទី​ជា​អនុរក្ស ​នៅ​អនុវិទ្យាល័យ​ស៊ីសុវត្ថិ បន្ទាប់​មក​បាន​លោកទៅ​បង្រៀន​នៅ​សាលា​ចាក់អង្រែ

  • ​ឆ្នាំ​១៩៤៦ រាជការ​បាន​ផ្លាស់​លោក​ឲ្យ​ទៅ​បង្រៀន​នៅ​សាលាមុនីវង្ស

  • ​ឆ្នាំ​១៩៤៧ លោក រីម គីន ​បាន​ផ្លាស់​មក​ភ្នំពេញ ​ហើយ​បាន​បង្រៀន​នៅ​សាលាគរុវិជ្ជា 

  • នៅឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៦ ​លោកបង្រៀននៅ សាលានាយទាហាន, សាលាដេកាត និង 

  • ឆ្នាំ ១៩៥៧ បង្រៀននៅសាលាភូមិន្ទរដ្ឋបាល។

កវីនិពន្ធ រីម គីន

ស្នាដៃនិពន្ធ៖

យុវជន រីម គីន មាន​ចំណូល​ចិត្ត​តែង​និពន្ធ​តាំង​ពី​អាយុ ១៨​ឆ្នាំ​មក ពោល​គឺ​ពេល​ចូល​រៀន​នៅអនុ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ឆ្នាំ ១៩២៩-១៩៣០។ អំឡុងពេលសិក្សា យុវសិស្ស ​រីម គីន បាន​ហាត់​សរសេរ​បន្តិច​ម្ដងៗ ពី​ទេសភាព​ខ្លះ រឿងមនោសញ្ចេតនា​ និងជា​ពាក្យ​កាព្យខ្លះ។ ជំនក់​ចិត្ត​ក្នុង​សំណេរ​បណ្ដាល​ឲ្យ​លោកសាក​ល្បង​យករឿង​«ចៅក្ដាំងបាយ» មកសរសេរ​ជា​ថ្មី​នៅ​ពេល​ដែល​លោក​រៀន​នៅ​ថ្នាក់​ទី៣ រួច​លោក​យក​ស្នាដៃ​នេះ​ទៅ​បង្ហាញ​សាស្ត្រាចារ្យ​ខ្មែរ​ ពេលនោះទទួលការ​សរសើរ​មិនដាច់ពីមាត់។

បន្ទាប់មកទៀតលោកបាន​ចាប់​ផ្ដើម​សរសេររឿង «សេនាកំសត់» បាន​មួយ​ផ្នែក លុះ​ដល់​ឆ្នាំ​១៩៥១ ទើប​សរសេរ​បញ្ចប់​ដោយ​មាន​ការ​កែ​ប្រែ​ឆ្ងាយ​ពី​គំនិត​ដើម។

ស្នាដៃប្រលាមលោក និងពាក្យកាព្យ របស់កវីនិពន្ធ រីម គីន៖

  • រឿង សូផាត នៅឆ្នាំ ១៩៣៨

  • រឿង ចិត្តចងចាំ បោះពុម្ពនៅឆ្នាំ ១៩៤៨

  • រឿង ស្ត្រីកំព្រា បោះពុម្ពនៅឆ្នាំ ១៩៥១

  • រឿង មើលព្រះចន្ទ បោះពុម្ពនៅឆ្នាំ ១៩៥២

  • រឿង នាងសមាភាវី បោះពុម្ពនៅឆ្នាំ ១៩៥២

  • រឿង ពលវង្សា បោះពុម្ពនៅឆ្នាំ ១៩៥៣

  • រឿង ក្លាហាន បោះពុម្ព​នៅ​ឆ្នាំ ១៩៥៣

  • រឿង នាង រតន​នារី ពាក្យកាព្យ ឆ្នាំ ១៩៣៨

  • រឿង ឈាមរកឈាម ពាក្យកាព្យឆ្នាំ ១៩៣៨

  • រឿង រៀនមិនពន្យល់ ពាក្យកាព្យឆ្នាំ ១៩៣៨

លោក រីម គីន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ​១៩៥៩ ដោយ​រោគ​រលាក​ស្រោម​ខួរ ហើយ​ពិធី​ឈាបនកិច្ច​សព​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឧឡារឹក​នៅ​ថ្ងៃ​៣១ ខែ​មេសា នៅ​ឈាបនដ្ឋាន​ឧណ្ណាលោម។

ប្រលោមលោករឿង "សូផាត" ត្រូវបានស្ថានីយទូរទស្សន៍ PNN យកមកថតជាភាពយន្តភាគ ដែលពេលនេះដាក់ឲ្យទស្សនាឡើងវិញដោយឥតគិតថ្លៃ នៅលើ App Soyo ចំនួន១២ភាគដំបូង។ ប្រិយមិត្តអាចទាញយក App Soyo ឥឡូវនេះតាមរយៈតំណភ្ចាប់ខាងក្រោមនេះ ដើម្បីបានទស្សនារឿង "សូផាត" និងរឿងខ្មែរ បរទេស ជាច្រើនទៀត។

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB​

លោក ទេព រិនដារ៉ូ សម្តែងជាតួអង្គលោក សួន ឪពុកសូផាត
តួអង្គលោក សួន និងនាង សូរីយា
តួអង្គ សូផាត និងនាង ម៉ានយ៉ាន

Trailer រឿង "សូផាត"

ប្រភព៖ Wikipedia

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម