ប្អូន​ប្រុស Fan Bingbing សម្រក់​ទឹកភ្នែក​លើ​ឆាក អាច​មក​ពី​រឿង​អាស្រូវ​របស់​បង​ស្រី​

  • 2018-09-12 09:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ប្រុស​របស់​តារា​សម្ដែង Fan Bingbing តារា​ចម្រៀង Fan Chengcheng បាន​សម្រក់​ទឹកភ្នែក​មុខ​អ្នក​គាំទ្រ​របស់​លោក​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ក្រុម Nine Percent ដែល​អាច​បណ្ដាល​មក​ពី​ព័ត៌មាន​រឿង​អាស្រូវ​គេច​ពន្ធ​របស់​បង​ស្រី​បង្កើត​របស់​លោក។

កាល​ពី​ពេល​ថ្មី​ៗ​នេះ រឿង​រ៉ាវ​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សារព័ត៌មាន​ស្ទើរ​ពេញ​ពិភពលោក។ តារា​ស្រី​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​កុង​ត្រា​ក្លែងក្លាយ​ប្រភេទ "Yin-Yang” រួម​នឹង​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខុស​ច្បាប់​ផ្សេង​ទៀត ដូច​ជា​រួម​គំនិត​ក្នុង​បញ្ហា​អំពើ​ពុក​រលួយ​ជា​ដើម។ តាម​សារព័ត៌មាន​មួយ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដើម្បី​រង់ចាំ​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

ខណៈ ក្រុម​ចម្រៀង Nine Percent ធ្វើ​ពិធី​ជួបជុំ​អ្នក​គាំទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ តារា​ចម្រៀង Fan Chengcheng បាន​សម្រក់​ទឹកភ្នែក​ ២ ដង អំឡុង​ពេល​និយាយ​ជជែក​គ្នា​ជាមួយ​អ្នក​គាំទ្រ។​ ក្នុង​ពេល​នោះ​ដែរ តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​និយាយ​ថា កម្មវិធី​មួយ​នេះ អាច​ជា​កម្មវិធី​ចុង​ក្រោយ​របស់​លោក​ហើយ ខណៈ​ការ​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង បាងកក ប្រទេស​ថៃ នឹង​មិន​មាន​វត្តមាន​របស់​លោក​នោះ​ទេ។

ទោះ​បី​ជា​លោក​មិន​បាន​បកស្រាយ​ពី​មូលហេតុ​នៃអវត្តមាន​របស់​លោក​នេះ ប៉ុន្តែ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​ថា Fan Chengcheng អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​លោក ដោយ​សារ​តែ​រឿង​អាស្រូវ​របស់​បង​ស្រី​លោក។

ក្នុង​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ សមាជិក​ក្រុម Nine Percent រូប​នេះ​បាន​និយាយ​ទាំង​អួល​ដើម​ក​ថា៖ "ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​រឿង​សំខាន់​មួយ​ពាក់ព័ន្ធ​នឹង​ពេល​អនាគត​របស់​ខ្ញុំ។ ១០ ឆ្នាំ​ទៅ​មុខ ខ្ញុំ​នឹង​មាន​អាយុ ២៨ ឆ្នាំ។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ឈរ​លើ​ឆាក​តន្ត្រី​នេះ​ទៀត​ឬ​អត់​នោះ​ទេ នៅ​១០​ឆ្នាំ​ខាង​មុខ.......ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​អាច​បន្ត​ការងារ​នេះ។ ខ្ញុំ​មិន​ចង់​ចាកចេញ​នោះ​ទេ......"៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម