ទីបំផុត​ចេញ​ផ្លូវ​ការ iPhone ស៊េរី​ថ្មី​ទាំង​បី តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ​​

  • 2018-09-12 19:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ហើយ​ ដោយ​មាន​ម៉ូដែល iPhone XR, iPhone XS និង iPhone XS Max។

iPhone XS/XS Max

រូបរាង​ iPhone ទាំង​បី​​មិន​ខុស​ពី iPhone X ដែល​ចេញ​ឆ្នាំ​មុន​នោះ​ទេ ពោល​មាន​រចនាបថ​អេក្រង់​ឆក លាត​ពេញ​ផ្ទៃ​និង​មាន​តួ​ខ្លួន​ស្រោប​កញ្ចក់​ភ្លឺ​រលោង។ iPhone XR មាន​បំពាក់​អេក្រង់​ LCD ទំហំ ៦,១ អ៊ីញ ចំណែក iPhone XS និង XS Max ប្រើ​អេក្រង់​ OLED ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ។

iPhone XR

​​​iPhone XS មាន​ជម្រើស​ពណ៌​តែ ៣ ប៉ុណ្ណោះ រួម​មាន​ពណ៌​មាស​ ស និង​ ខ្មៅ។ ចំណែក iPhone XR មាន​ជម្រើស​ពណ៌​សរុប​ដល់​ទៅ​ ៦ ​រួម​មាន​ពណ៌​ស ខ្មៅ ក្រហម​ ខៀវ លឿង និង​ពណ៌​ទឹក​ក្រូច។

iPhone XR

iPhone ទាំង​បី​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​ A12 Bionic​ ជំនាន់​ចុង​ក្រោយ​មាន​ដំណើរ​ការ​លឿន​ជាង​មុន។ Apple អះអាង​ថា​ iPhone XS មាន​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​ iPhone X រយៈពេល​ ៣០ នាទី និង XS Max បាន​យូរ​ជាង​មុន ១ ម៉ោង​កន្លះ។ ចំណែក iPhone XR មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​យូរ​ជាង iPhone 8 Plus ១ ម៉ោង​កន្លះ។

iPhone ប្រើ​អេក្រង់​ OLED ទាំង​ពីរ​ប្រភេទ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​កម្រិត​ ១២ MP មាន​មុខងារ​រក្សា​លំនឹង​ OIS លើ​ឡេន​ទាំង​ពីរ​គ្រាប់​ និង​មាន​កាមេរ៉ា​មុខ​កម្រិត ៧ MP។ ចំណែក iPhone XR ប្រើ​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ទំហំ ១២ MP មាន​មុខងារ​រក្សា​លំនឹង OIS និង​កាមេរ៉ា​មុខ​កម្រិត ៧​ MP។

ត្បិត​ថា iPhone XR មាន​កាមេរ៉ា​ខាង​ក្រោយ​ត្រឹម​មួយ​គ្រាប់​ ប៉ុន្តែ​ក៏​អាច​ផលិត​រូបភាព​ប្រភេទ Bokeh បាន​ដូច​ជា​ iPhone XS និង XS Max ផង​ដែរ។ iPhone ជំនាន់​ថ្មី​ទាំង​បី​ក៏​មាន​បំពាក់​មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ Face ID ដែល​មាន​ដំណើរ​ការ​លឿន​ជាង​មុន។ ​​

Apple បាន​បង្ហាញ​ថា​ iPhone XR ​លក់​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ​ ដែល​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៦៤ GB, ១២៨ GB និង ២៥៦ GB។ ចំណែក iPhone XS និង XS Max មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៦៤ GB, ២៥៦ GB និង ៥១២ GB ជា​មួយ​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ និង​ចាប់​ពី ១ ០៩៩ ដុល្លារ។

iPhone XS និង XS Max នឹង​មាន​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​ ដោយ​នឹង​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា។ ចំណែក iPhone XR នឹង​ទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា និង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ២៦ ខែ​តុលា​៕​​​


អត្ថបទ៖ សុខហេង