អាមេរិកប្រកាសជម្លៀសប្រជាជនជិត ២លាននាក់ ខណៈព្យុះកាន់តែជិតមកដល់ (មានវីដេអូ)

  • 2018-09-13 02:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

អាជ្ញាធរ​នៃ​ឆ្នេរ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក បាន​ព្រមាន​ឲ្យ​ប្រជាជន​ទាំង​អស់​ដែល​រស់​ក្នុង​តំបន់​ជម្លៀស​ខ្លួន​ឲ្យ​បាន​មុន​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​ព្យុះ​ដ៏​សាហាវ​ឈ្មោះ Florence វាយ​ប្រហារ។

ប្រជាជន​ប្រមាណ​ជាង ១,៧​លាន​នាក់ ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​ពី​រដ្ឋ South Carolina, North Carolina និង Viginia ដើម្បី​សុវត្ថិភាព​របស់​ពួកគេ។ ក្នុង​នោះ ផ្លូវ​ហាយវ៉េ​ចំនួន​បួន​ក្នុង​រដ្ឋ South Carolina ត្រូវ​បាន​បង្វែរ​ជា​ផ្លូវ​ឯក​ទិស​ដើម្បី​ពន្លឿន​ការ​ជម្លៀស​ប្រជាជន។

មក​ទល់​នឹង​ពេល​នេះ កម្លាំង​ខ្យល់​ព្យុះ​កាន់​តែ​កើន​ឥទ្ធិពល​ខ្លាំង​ឡើង​ដែល​មាន​ល្បឿន​ខ្យល់​រហូត​ដល់ ១៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​​ម៉ោង ហើយ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ក្រុម​អ្នក​ជំនាញ​ថា​អាច​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​បំផុត។ លើស​ពី​នេះ​ទៀត អ្នក​ជំនាញ​បាន​ធ្វើ​ការ​វិភាគ​ថា​ព្យុះ​នេះ អាច​នឹង​បង្ក​មហន្តរាយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រហូត​ជាង ១៧០ ប៊ីលានដុល្លារ និង​បំផ្លាញ​ផ្ទះ​ជាង ៧៥៩ ០០០ ខ្នង​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា ព្យុះ​ដ៏​កំណាច Florence ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​វាយ​ប្រហារ​មក​លើ​ឆ្នេរ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ឬ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដែល​អាច​បង្ក​ជា​ខ្យល់​ព្យុះ​គំរាម​កំហែង​អាយុជីវិត, ទឹកជំនន់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖


ប្រភព៖ Weather   ប្រែសម្រួល ៖ រ័ត្ន