Mane ថា​ឪពុកម្ដាយ​ធ្លាប់​បង្ខំ​ឲ្យ​ធ្វើ​គ្រូ​បង្រៀន​ និង​ថា​ការ​លេង​បាល់​គ្មាន​អនាគត​

  • 2018-09-13 07:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ទម្លាយ​ថា​មុន​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់ទាត់​អាជីព​នេះ​រូប​គេ​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ពិសេស​គឺ​ការ​ស្ដី​បន្ទោស​ពី​ឪពុក​ម្ដាយ។

Mane

ខ្សែ​ប្រយុទ្ធ​ Top Scorer នៅ​ Premier League ត្រូវ​ឪពុក​ម្ដាយ​ចង់​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​ជា​ជាង​ធ្វើ​ជា​កីឡាករ​ និង​ថា​ ការ​លេង​បាល់ទាត់​គឺ​ជា​រឿង​ដែល​ខាត​ពេល​វេលា​បំផុត។​ យ៉ាងណា​អ្នក​ទាំង​ពីរ​បាន​ស្ងប់​ចិត្ត​ទៅ​វិញ​នៅ​ពេល​ដែល​ Mane បាន​ចុះ​កុងត្រា​អាជីព​ជាមួយ​ក្លឹប​មួយ​នៅ​បារាំង​។​

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ប្រាប់​ឪពុក​ម្ដាយ​ថា​បាល់ទាត់​ នឹង​អាច​កែប្រែ​ជីវិត​ក្រុម​គ្រួសារ​របស់​គេ​។ "ខ្ញុំ​បាន​កើត​ក្នុង​ភូមិឋាន​ដែល​គ្មាន​នរណា​ម្នាក់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ទាល់​តែ​សោះ។​ កាល​នៅ​ពី​ក្មេង​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ថា​ខ្ញុំ​គួរ​តែ​ខំ​រៀន​ និង​ធ្វើ​ជា​គ្រូ​ជា​ជាង​ខាត​ពេល​លេង​បាល់។​

"ខ្ញុំ​តែង​តែ​ប្រាប់​អ្នក​ផ្ទះ​ថា​ បាល់ទាត់​គឺ​ជា​អាជីព​តែ​មួយ​គត់​ដែល​អាច​ជួយ​ពួកគាត់​ តែ​ឪពុកម្ដាយ​ខ្ញុំ​ហាក់​គ្មាន​ជំនឿ​ព្រោះ​វា​គឺ​ជា​រឿង​ដែល​ហាក់​បី​ដូច​ជា​ក្ដី​ស្រមៃ​"។ ម្ចាស់​អាវ​លេខ​១០​នៅ​ Anfield និយាយ​ដូច្នេះ។​

Mane ចាប់​ផ្ដើម​ហាត់​​នៅ​​មជ្ឈមណ្ឌល​ថ្នាល​ដ៏​ល្បី​មួយ​នៅ​អាហ្វ្រិក​ឈ្មោះ​ Génération Foot ក្នុង​ឆ្នាំ​២០១១ មុន​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​ Metz នៅ​បារាំង​ និង​ក្រោយ​មក​លេង​ឲ្យ​ Red Bull Salzburg។ Liverpool បាន​ទិញ​រូប​គេ​ពី​ Southampton ក្នុង​ឆ្នាំ​២០១៦​ហើយ​បាន​​ក្លាយ​ជា​កម្លាំង​សំខាន់​របស់​លោក​ Jurgen Klopp រហូត​មក៕

ប្រភព៖ thesun   ប្រែសម្រួល៖ វីរ័ត្ន