កុំទាន់កាត់ថ្លៃភ្លាម បើមិនទាន់ច្បាស់​ ពេល​ទិញ​ទូរសព្ទ​មួយ​ទឹក​ ឆែក​មើល​ប៉ុន្មាន​ចំណុចនេះសិន

  • 2018-09-14 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​ថ្មី​ទាំង​ iOS និង​ Android មាន​តម្លៃ​រាប់​រយ​ ដល់​ខ្ទង់​ពាន់​ដុល្លារ​ ក៏​មាន​ ហើយ​បើ​ថវិកា​បម្រុង​ទុក​មាន​កំណត់​ ប្រហែល​គ្មាន​លទ្ធភាព​ទិញ​ប្រើ​បច្ចេកវិទ្យា​ទាំង​នេះ​នោះ​ទេ​។

ជម្រើស​មាន​គឺ​ទិញ​ទូរសព្ទ​តរ​ពី​មិត្តភក្តិ​ ឬ​អ្នក​ដទៃ​ ក្នុង​តម្លៃ​ទាប​ជាង​ ប៉ុន្តែ​ហានិភ័យ​ច្រើន​ អាច​ទិញ​ប៉ះ​របស់​ឈឺ​ក្បាល​ ខាត​ទាំង​លុយ​ និង​ពេលវេលា​ ដែល​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ពេល​ទិញ​។​

១) ដឹង​ពី​អ្វី​ចង់​បាន​

គួរ​ចាប់​អារម្មណ៍​លើ​លក្ខណៈសម្បត្តិ​ប៉ុណ្ណា​ចង់​បាន​ ទំហំ​ និង​ប្រភេទ​អេក្រង់​ រួម​ជា​មួយ​ថវិកា​បម្រុង​ទុក​ទិញ​។

ការ​ស្រាវជ្រាវ​តម្លៃ​ មិន​គួរ​ត្រេកអរ​ខ្លាំង​ពេក​ចំពោះ​តម្លៃ​ធូរ​ជាង​ ពេល​ប្រៀបធៀប​ម៉ូដែល​មាន​លក្ខណៈ​ដូច​ ឬ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ​ ក៏​គួរ​ពិចារណា​ចំពោះ​លក្ខខណ្ឌ​ទូរសព្ទ​ដែរ​ ព្រោះ​ថា​របស់​មួយ​ទឹក​មាន​ទាំង​គុណភាព​ល្អ​ និង​យ៉ាប់​។

ឬ​មាន​ការ​រង់ចាំ​បន្តិច​ ឧទាហរណ៍​បើ​ចង់​ទិញ​ Galaxy S8 អាច​រង់ចាំ​រហូត​ដល់​ Galaxy S9 ចេញ​មក​លើ​ទីផ្សារ​សិន​ ព្រោះ​តម្លៃ​ម៉ូដែល​ចង់​បាន​នឹង​ធ្លាក់​ចុះ​ (មិន​ច្រើន​ខ្លាំង​នោះ​ទេ​)។

២) ដឹង​ពី​កន្លែង​ត្រូវ​ទិញ​

ចំពោះ​ទីតាំង​ទិញ​ អាច​រក​មើល​តាម​តូប​ ឬ​ហាង​លក់​ទូរសព្ទ​ ព្រោះ​ភាគច្រើន​ក៏​មាន​លក់​របស់​មួយ​ទឹក​ដែរ​។ ឬ​អាច​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត​ មាន​វេបសាយ​ក្នុង​ស្រុក​មួយ​ចំនួន​ ហើយ​ក៏​មាន​ Facebook Page ដែរ​មាន​ដាក់​លក់​ ចំណុច​ល្អ​ត្រង់​ថា​មាន​ឱកាស​ច្រើន​អាច​ជួប​ម្ចាស់​ទូរសព្ទ​តែ​ម្ដង​។

៣) ពេល​ជួប​អ្នក​លក់​ផ្ទាល់​

ពេល​ជួប​ជាប់​អ្នក​លក់​ គួរ​ប្រាកដ​ថា​ អាច​សាកល្បង​ Device បាន​តាម​តម្រូវការ​ជាក់ស្ដែង​ ដោយ​ប្រើ​ SIM ផ្ទាល់ខ្លួន​ ឬ​ សាក​ថ្ម​ ប្រាកដ​ថា​ដំណើរការ​ប្រក្រតី​។ បើ​ណាត់​ជួប​អ្នក​លក់​តាម​អ៊ីនធឺណិត​ គួរ​ជួប​នៅ​ទី​សាធារណៈ​ ដើម្បី​ធានា​ពី​សុវត្ថិភាព​។

៤) ឆែក​មើល​ទូរសព្ទ​

គួរ​មាន​ឧបករណ៍​មួយ​ចំនួន​ ពេល​ទៅ​ជួប​អ្នក​លក់​៖

  • Power Bank ឬ Laptop ព្រម​ជាមួយ​ខ្សែ​សាក​ផង​ដែរ​ (ករណី​ជួប​អ្នក​លក់​តាម​អ៊ីនធឺណិត​)
  • មាន​ microSD Card ករណី​ទូរសព្ទ​អាច​ប្រើ​បាន​
  • កាស​
  • SIM Card សម្រាប់​សាកល្បង​

ចំណុច​គួរ​ពិនិត្យ​៖

  • ប្រាកដ​ថា​អេក្រង់​ មិន​ប្រេះស្រាំ​ ឬ​មាន​ការ​ផ្លាស់ប្ដូរ​ (ទាមទារ​ជំនាញ​បន្តិច​)
  • ប្រាកដ​ថា​ ប៊ូតុង​នៅ​លើ​ទូរសព្ទ​ ប្រើ​ការ​បាន​ធម្មតា​
  • ប្រាកដ​ថា​ កាមេរ៉ា​មុខ​ មិន​មាន​ស្នាម​ប្រេះ​បែក​
  • ពិនិត្យ​មើល​តួ​ទូរសព្ទ​ តើ​អាច​ទទួល​យក​បាន​ដែរ​ ឬ​ទេ​។
  • ពិនិត្យ​មើល​ថ្ម​ ក្រែង​ជា​ផលិតផល​ក្លែង​ក្លាយ​ (ស្មាតហ្វូន​មួយ​ចំនួន​អាច​ដោះ​មើល​ថ្ម​ងាយស្រួល​)។

ភ្ជាប់​ SIM និង​ microSD Card សាក​ហៅ​ចេញ​ ហៅ​ចូល​ ផ្ញើ​សារ​ បើក​អ៊ីនធឺណិត​ ហើយ​ប្រាកដ​ថា​ microSD អាច​ប្រើ​ការ​បាន​។ បើក​ចម្រៀង​ពី​ Youtube ភ្ជាប់​កាស​ស្ដាប់​ និង​សាកល្បង​សាក​ថ្ម​ ប្រាកដ​ថា​ដំណើរការ​ប្រក្រតី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុនធឿន