ក្រោយល្បីបាន១រឿង ឈិន មុន្នីនាថ ត្រៀមដាក់ពាក្យប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក

  • 2018-09-14 02:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ ឈិន មុន្នីនាថ ត្រៀម​ដាក់​ពាក្យ​​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​​​ The Voice Cambodia ​នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​​​​តាម​រយៈ​ខ្សែភាពយន្ត​ភាគ​រឿង​"សិសិររដូវក្នុងបេះដូង"។

​​ឈិន មុន្នីនាថ ហៅ លីនីតូច ថា ​ The Voice Cambodia នៅ​វគ្គ​ក្រោយ​នាង នឹង​ដាក់​ពាក្យ​ប្រឡង​​​ដើម្បី​បង្ហាញ​ដល់​​សាធារណជន​ក៏​ដូច​ជា​​អ្នក​គាំទ្រ​មួយ​ចំនួន​ថា ក្រៅ​​ពី​សម្ដែង​ខ្សែភាពយន្ត​​ខ្លួន​​ក៏​អាច​​ច្រៀង​បាន​ដែរ។ ម្យ៉ាង​ទៀត​ចង់​បំពេញ​ក្ដី​ស្រមៃ​​មួយ​នេះ​​​ដែល​មាន​តាំង​ពី​កុមារភាព​មក​ទោះ​បី​​ជា​ជោគ​ជ័យ​ ឬ បរាជ័យ​នាង ទទួល​បាន​​គ្មាន​ចិត្ត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។

នៅ​ពេល​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ The Voice Cambodia ខាង​មុខ​ ឈិន មុន្នីនាថ នឹង​លើក​យក​បទ​​​ពី​​កំពូល​តារា​ចម្រៀង​ សុគន្ធ និសា មក​​បក​ស្រាយ​ដើម្បី​ឲ្យ​ត្រូវ​ជាមួយ​សំឡេង​របស់​នាង។ ជា​ពិសេស​គឺ​បទ​បែប​មនោសញ្ចេតនា​​ ណា​មួយ​ម្ចាស់​បទ​"បើ​ស្រឡាញ់​ម្ដេច​ទុក​អូន​ចោល" គឺ​ជា​ Idol មួយ​រូប​ដែល​ខ្លួន​គោរព​ស្រឡាញ់​តាំង​ពី​នៅ​តូច។

“មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​សម្ដែង​​ជា​តួ​អង្គ​បង​ និសា នៅ​តូច​ឬ​ក៏​មុខ​ស្រដៀង​គ្នា​បាន​ខ្ញុំ​យក​បទ​គាត់​មក​ច្រៀង​​នោះ​ទេ តែ​តាម​ពិត​​ខ្ញុំ​ស្រឡាញ់​គាត់​តាំង​ពី​នៅ​តូច។ ខ្ញុំ​ចូល​ចិត្ត​បទ​មនោសញ្ចេតនា​​ ហើយ​បទ​ចម្រៀង​គាត់​ភាគ​ច្រើន​គឺ​មនោសញ្ចេតនា ដូច្នេះ​បើ​ខ្ញុំ​យក​បទ​ បងនិសា មក​ច្រៀង​គឺ​ត្រូវ​ព្រោះ​សំឡេង​លក្ខណៈ​ស្រទន់​ដូច​គ្នា"។ លីនីតូច ​បន្ថែម។

ត្បិត​ពេល​​នេះ​​ ឈិន មុន្នីនាថ មិន​មែន​ជា​តារា​ចម្រៀង​​ក្ដី​តែ​​ទឹក​ដម​សំឡេង​​ពីរោះ​មិន​ចាញ់​តារា​អាជីព​ប៉ុន្មាន​ឡើយ។ នាង​ត្រូវ​បាន​ក្រុម​ហ៊ុន​​ធំ​ៗ​មួយ​ចំនួន​​ទាក់​ទង​ឲ្យ​ឡើង​ច្រៀង​​ប្រគំ​តន្ត្រី​ នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​ជា​បន្ត​បន្ទាប់​ស្ទើរ​រក​ពេល​សម្រាក​ពុំ​ចង់​បាន។

គួរ​រម្លឹក​ថា ឈិន មុន្នីនាថ ហៅ លីនីតូច​ គឺ​ជាក្មួយ​ស្រី​បង្កើត​អ្នកនាង ឈិន សុធារី នឹងត្រូវ​ជា​កូន​ស្រី​តារា​ចម្រៀង ឈិន កុសល ។ បច្ចុប្បន្ន​នាង មាន​អាយុ​ ១៦ឆ្នាំ​រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​បាក់​ទូក មាន​​បង​ប្អូន​៤​នាក់ ប្រុស​៣​ស្រី១​រូប​គេ​គឺ​ជា​កូន​ទី៣៕​

អត្ថបទ៖ ឆុង ស៊ីណាន