ទើប​ចំអក​ Apple ​ថ្ងៃ​មុន​សោះ ឥឡូវ OnePlus សម្រេច​ធ្វើ​តាម​ Apple វិញ

  • 2018-09-14 03:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចាំ​បាន​ថា​ពេល​ប្រកាស​ចេញ​ OnePlus 5 នៅ​ខែ​មិថុនា​ឆ្នាំ ២០១៧ ក្រុមហ៊ុន OnePlus ​បាន​ឆ្លៀត​ពេល​ឌឺ​ដង​ Apple រឿង​ដក​រន្ធ​កាស​ 3.5mm ចេញ​ពី​ iPhone 7 និង iPhone 7 Plus។

ពេល​នោះ​លោក ​Diego Heinz អ្នក​ឌីហ្សាញ​​ប្រចាំ​ក្រុមហ៊ុន​ OnePlus លើក​ឡើង​ថា ៖ "នៅ​ផ្នែក​ខាង​ក្រោម​ អ្នក​នឹង​ឃើញ​ថា​យើង​បាន​ដក​រន្ធ​កាស​ 3.5mm ចេញ ​ដោយ​ជួយ​បង្កើន​ភាព​ឡូយ​ឆាយ​នៃ​រូបរាង​របស់​ OnePlus 5។ ហើយ​នរណា​ដែល​ត្រូវ​ការ​រន្ធ​​ដោត​កាស​ 3.5mm ទៀត​នោះ? នេះ​ជា​មូលហេតុ​ដែល​មាន​ Bluetooth ត្រូវ​ទេ?​​”។ បន្ទាប់​មក​អ្នក​ឌីហ្សាញ​រូប​នេះ​បន្ថែម​ថា ៖ "ខ្ញុំ​គ្រាន់​តែ​កំប្លែង​លេង​ទេ។ ពិត​ណាស់ OnePlus 5 គឺ​មាន​រន្ធ​ដោត​កាស 3.5mm”។

ពេល​នេះ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​បាន​​ឮ​ដំណឹង​ផ្លូវ​ការ​ចេញ​ពី​សហស្ថាបនិក​ OnePlus លោក​ Carl Pei ថា​ OnePlus 6T នឹង​មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm នោះ​ទេ។ Carl Pei បាន​និយាយ​ថា ៖ "ផលិត​ស្មាតហ្វូន​ល្អ​មួយ មិន​មែន​មាន​ន័យ​ថា​ត្រូវ​​បំពាក់​គ្រឿង​បន្លាស់​គ្រប់​យ៉ាង​លើ​វា​នោះ​ទេ​”។

​ការ​សម្រេច​ចិត្ត​នេះ ក្រោយ​​ពី​លទ្ធផល​នៃ​ការ​ស្ទង់មតិ​មួយ​​របស់​ OnePlus បាន​បង្ហាញ​ថា​អ្នក​ប្រើ​ប្រាស់​ OnePlus លើស​ពី​ពាក់​កណ្ដាល​ប្រើ​ប្រាស់​កាស​ Bluetooth អត់​ខ្សែ។ ការ​ស្ទង់មតិ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ OnePlus បាន​បញ្ចេញ​កាស​ឥត​ខ្សែ​ Bullet Wireless កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

ដក​រន្ធ​កាស​នេះ​ចេញ ស្ថាបនិក OnePlus បង្ហើប​ថា​នឹង​បន្ថែម​នូវ​ចំណុច​ពិសេសៗ​មួយ​ចំនួន​វិញ​ជា​ការ​ជំនួស ដូច​ជា​បន្ថែម​ទំហំ​ថ្មជា​ដើម។

គួរ​ដឹង​ថា​ក្រុមហ៊ុន​ Google ក៏​ធ្លាប់​បាន​ចំអក​ Apple រឿង​ដក​រន្ធ​កាស​ 3.5 mm នេះ​ដែរ​នៅ​ឆ្នាំ ២០១៦ ដែល​ចុង​ក្រោយ​ Google បាន​សម្រេច​ចិត្ត​ដក​រន្ធ​កាស​នេះ​ ពេល​ប្រកាស​ចេញ​​ Google Pixel 2 និង Pixel 2 XL នៅ​ឆ្នាំ ២០១៧៕​​​​​​


ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង