តារា​ណា​ខ្លះ ជួប​ប្រទះ​ឧបសគ្គ ពេល​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ជា​សាធារណៈ?

  • 2018-09-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ញឹក​ញាប់ មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ថា៖ "តារា​ក៏​ជា​មនុស្ស​ដែរ ពួកគេ​មាន​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ជីវិត​ពួកគេ"។ ទោះ​ជា​យ៉ាង​ណា​ សម្ដី​ទាំង​នេះ គ្រាន់​តែ​ជា​ពាក្យ​ដាស់​តឿន​ទូទៅ​ធម្មតា​ប៉ុណ្ណោះ សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន ក៏​ដូច​ជា​ផលិតកម្ម​ខ្លះ តែង​តែ​ចាត់​ទុក​រឿង​ជីវិត​ផ្ទាល់​ខ្លួន​របស់​តារា​ទាំង​នោះ ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ​ទៅ​វិញ ជា​ពិសេស​រឿង​ស្នេហា​តែ​ម្ដង។

១. តារា​ចម្រៀង Taeyeon និង Baekhyun

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០១៤ ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង Taeyeon និង Baekhyun បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សារព័ត៌មាន​កម្សាន្ត។ ព័ត៌មាន​ពី​ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​ទាំង ២ រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួកគេ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បារ និង​ខូច​ចិត្ត​ជា​ខ្លាំង។

ជាក់​ស្ដែង មាន​អ្នក​គាំទ្រ​ក្រុម​ចម្រៀង Exo ម្នាក់​បាន​អារ​ក​ដៃ​របស់​នាង​ដើម្បី​ធ្វើ​អត្តឃាត ដោយ​ដឹង​ថា តារា​ចម្រៀង Baekhyun ទាក់ទង​គ្នា​ជាមួយ​សមាជិក​ក្រុម SNSD តារា​ចម្រៀង Taeyeon។ ព័ត៌មាន​ពី​ការ​ធ្វើ​បាប​ខ្លួន​ឯង​របស់​អ្នក​គាំទ្រ​រូប​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម Exo ជាង ២០០ ០០០​នាក់​ផ្សេង​ទៀត​បាន​ចាកចេញ​ពី​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុម Exo។

២. អតីត​តារា​ចម្រៀង Jonghyun និង​តារា​សម្ដែង Shin Se Kyung

កាល​ពី​ខែ​តុលា ឆ្នាំ ២០១០ ព័ត៌មាន​ថា អតីត​តារា​ចម្រៀង Jonghyun និង​តារា​សម្ដែង Shin Se Kyung បាន​មាន​ទំនាក់ទំនង​ជាមួយ​គ្នា បាន​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​គាំទ្រ​ក្រុម SHINee ជា​ខ្លាំង។ នៅ​ពេល​នោះ ទំនាក់ទំនង​របស់​ពួកគេ​ត្រូវ​បាន​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត រហូត​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​បាន​​ឈប់​គាំទ្រ​ក្រុម​ចម្រៀង SHINee ថែម​ទៀត​ផង។

ក្រោយ​មក ព័ត៌មាន​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ ហាក់​សាប​រលាប ក្រោយ​តារា​ចម្រៀង Jonghyun ចេញ​មុខ​សុំ​ទោស​អ្នក​គាំទ្រ​លោក​ជា​សាធារណៈ។ ៧ ឆ្នាំ​ក្រោយ Jonghyun បាន​បង្ក​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី ខណៈ​រូប​លោក បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ទាំង​វ័យ​ក្មេង ដោយ​សារ​ជំងឺ​ផ្លូវ​ចិត្ត។

៣. តារា​ចម្រៀង Sulli និង Choiza

ក្រោយ​​បាត់​ខ្លួន​មួយ​រយៈ​ធំ និង​បញ្ឈប់​រាល់​ការងារ​ពាក់ព័ន្ធ​នឹង​ក្រុម F(x) តារា​ចម្រៀង Sulli ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់​នាង ជាមួយ​នឹង​លោក Choiza ដោយ​ចោទ​នាង​ថា មិន​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ក្រុម​របស់​នាង។

អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ថែម​ទាំង​ទទូច​ឲ្យ​រូប​នាង​ចាក​ចេញ​ពី​ក្រុម​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត អ្នក​គាំទ្រ​ក្រុម F (x) ជិត ៧៥០ ០០០ នាក់ បាន​ប្រកាស​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ពួកគេ ដោយ​បាន​នាំ​គ្នា​សរសេរ​ពាក្យ​ថា៖ "ខ្ញុំ​មិន​មែន​ជា​អ្នក​គាំទ្រ​របស់ Sulli ទេ"។ ក្រោយ​មក ក្នុង​ឆ្នាំ ២០១៥ ខាង​ផលិតកម្ម SM ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Sulli បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម F (x) ដោយ​ផ្ដោត​សំខាន់​លើ​ការងារ​ផ្ទាល់ខ្លួន​របស់​នាង​វិញ។

៤. តារា​ចម្រៀង HyunA និង E'Dawn

ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង HyunA និង E'Dawn កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ពួកគេ​ស្ទើរ​ពាស​ពេញ​ពិភព​លោក។ ខណៈ​អ្នក​គាំទ្រ​ក្រៅ​ស្រុក​ពេញ​ចិត្ត និង​គាំទ្រ​ពី​ទំនាក់ទំនង​ស្នេហា​របស់​តារា​ទាំង ២ រូប​នេះ អ្នក​គាំទ្រ​ក្នុង​ប្រទេស​កូរ៉េ​បែរ​ជា​បង្ហាញ​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ពួកគេ​ទៅ​វិញ។

ដោយ​សារ​រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ ជួន​ប្រទះ​បញ្ហា​ច្រើន​បែប​នេះ តារា​ចម្រៀង​ទាំង ២​រូប​នេះ ត្រូវ​បាន​បង្ខំ​​មិន​ឲ្យ​មាន​វត្តមាន​ក្នុង​កម្មវិធី​ជា​ច្រើន។ តារា​ចម្រៀង E'Dawn បាន​សរសេរ​សំបុត្រ​សុំទោស​ទស្សនិកជន​របស់​លោក ប៉ុន្តែ​នៅ​តែ​មិន​អាច​កែប្រែ​ស្ថានការណ៍​បាន។ ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​នេះ ផលិតកម្ម Cube ក៏​បាន​ចេញ​សារ​ប្រកាស បណ្ដេញ​តារា​ទាំង ២ រូប​នេះ ចេញ​ពី​ផលិតកម្ម​របស់​ខ្លួន ក្រោយ​មក​ក៏​កែ​ប្រែ​ពាក្យ​សម្ដី​ថា ពួកគេ​មិន​ទាន់​បាន​បណ្ដេញ​ចេញ​ពី​ផលិតកម្ម​ទៅ​វិញ៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា