បកស្រាយច្បាស់ៗ រវាង Aគ្រប់មុខបាន99.999 និងអ្នកបាន100.000ពេញ តែមានលាយB

  • 2018-09-14 07:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម មាន​ការ​ងឿង​ឆ្ងល់​ថា សិស្ស​និទ្ទេស A ​មាន​លំដាប់​ពិន្ទុ​ពេញ 100.000 គ្មាន​ខុស​ទេ​ឬ ទើប​ពិន្ទុ​ពេញ ខណៈ​មុខ​វិជ្ជា​អក្សរសាស្ត្រ​អង់គ្លេស​បាន​ត្រឹម B ប៉ុណ្ណោះ? ចុះ​ហេតុ​អ្វី​សិស្ស​ដែល​បាន​ A គ្រប់​មុខ​វិជ្ជា តែ​បែរ​ជា​មាន​លំដាប់​ពិន្ទុ​ត្រឹម​តែ 99.999?

លទ្ធផលរបស់បេក្ខជន ប៉េង គីមហេង

តាម​ពិត​ទៅ លំដាប់​ពិន្ទុ​មិន​មែន​ជា​មធ្យម​ភាគ​ពិន្ទុ​នោះ​ទេ។ លំដាប់​ពិន្ទុ​គឺ​ជា​សន្ទស្សន៍​ផ្នែក​ស្ថិតិ (Percentile Rank) ដែល​រៀប​បេក្ខជន​ទាំង​អស់​តាម​លំដាប់​សមត្ថភាព​លើ​មាត្រដ្ឋាន​ក្រិត​ពី​១០០ ដល់ ​០។

មាន​ន័យ​ថា សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 100.000 ឯ​លេខ២ នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 99.999 តាម​លំដាប់​លំដោយ​មក​ក្រោម។ អ្នក​បាន​លំដាប់​ពិន្ទុ 100.000 មិន​មែន​មាន​ន័យ​ថា​ធ្វើ​ត្រូវ​ទាំង​អស់​នោះ​ទេ គ្រាន់​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ប៉ុណ្ណោះ។

លទ្ធផលរបស់បេក្ខជន ថន រតនា

ឆ្នាំ​នេះ អ្នក​ជាប់​មាន​រហូត​ដល់  ៦៧,០៧% ទើប​លំដាប់​ពិន្ទុ​ជាប់​មាន​កាន់​តែ​តិច ព្រោះ​បេក្ខជន​ប្រឡង​ជាប់​ច្រើន។ ប្រសិន​បើ​ភាគរយ​ជាប់​កាន់​តែ​តិច នោះ​លំដាប់​ពិន្ទុ​ដែល​ត្រូវ​ជាប់​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ឧទាហរណ៍​ថា លំដាប់ពិន្ទុ​ 50.000 មាន​ន័យ​ថា សិស្ស​នោះ​​មាន​សមត្ថភាព​កណ្ដាល​នៃ​បេក្ខជន​ប្រឡង​ទាំង​អស់ មិន​មែន​មាន​ន័យ​ថា​បាន​ពិន្ទុ​ត្រឹម​ពាក់​កណ្ដាល​នោះ​ទេ។

លំដាប់​ពិន្ទុ​ត្រូវ​បាន​គណនា​តាម​រូបមន្ត​ដូច​ខាង​ក្រោម ៖

PR = [(n – i +1) / n ] x 100 ក្នុង​រូបមន្ត​ខាងលើ៖ PR ជា​លំដាប់​ពិន្ទុ n ជា​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ទាំងអស់ i ជា​ចំណាត់​ថ្នាក់​របស់​បេក្ខជន​ណា​ម្នាក់។

និទ្ទេស​ជាប់​មាន ៥​កម្រិត​ គឺ​និទ្ទេស ​A, B, C, D និង E ។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖

A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩ B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨ C : ល្អ = ពិន្ទុ​សរុប x ០,៧ D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦ E : មធ្យម = ពិន្ទុ​សរុប x ០,៥

លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​សំខាន់​ពីរ​យ៉ាង​គឺ បញ្ជាក់​ពី​លំដាប់​សមត្ថភាព​របស់​បេក្ខជន​ម្នាក់ៗ ធៀប​នឹង​បេក្ខជន​ដទៃ​ទៀត​ដែល​បាន​មក​ប្រឡង ហើយ​ព័ត៌មាន​នេះ មាន​សារៈ​សំខាន់​សម្រាប់​ការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា ទោះ​បី​សិស្ស​នោះ បាន​ប្រឡង​ជាប់​នៅ​ឆ្នាំ​សិក្សា​ផ្សេងៗ​គ្នា​ក៏​ដោយ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម