តិចនិកទាមទារប្រាក់ខែឲ្យបានខ្ពស់ ពេលសម្ភាសការងារ

  • 2018-09-14 08:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ចំណុច​​មួយ​ដែល​អាច​ចាត់​ទុក​ថា​ពិបាក​ និង​សំខាន់​បំផុត​​នៅ​ពេល​សម្ភាស​ការងារ​គឺ​​ការ​ចរចា​ប្រាក់​ខែ​នេះ​ឯង ដោយ​​ចំណុច​នេះ​ហើយ​ដែល​អាច​កំណត់​ថា​​យើង​អាច​នឹង​ទទួល​បាន​អ្វី​ដែល​យើង​រំពឹង​ទុក​​កម្រិត​ណា​ជាមួយ​ការងារ​នេះ​បើ​សិន​ជា​យើង​ជាប់។ ប្រសិន​បើ​ចង់​បាន​ប្រាក់​ខែ​តាម​ការ​រំពឹង​ទុក ឬ​លើស​ពី​ការ​រំពឹង​ទុក អាច​សាក​ល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖

១. ឆែក​មើល​ទីផ្សារ​​ជា​មុន​ថា​តំណែង​​របស់​យើង​គួរ​បាន​ប្រាក់​ខែ​ប៉ុន្មាន

មុន​នឹង​ទៅ​ចរចា​ប្រាក់​ខែ​ជាមួយ​គេ​បាន យើង​ត្រូវ​ដឹង​ថា​តំណែង​នេះ​មាន​ស្តង់ដារ​ប្រាក់​ខែ​ខ្ទង់​កម្រិត​ណា ហើយ​ក្រុមហ៊ុន​ទូទៅ​អាច​​ឲ្យ​កម្រិត​ណា​ដែរ ដូច្នេះ​យើង​នឹង​​បាន​ដឹង​ពី​ចំនួន​សមរម្យ​ដែល​គួរ​ទារ​ពី​គេ។ អាច​សាកសួរ​ពី​មិត្តភ័ក្ដិ ឬ​សិស្ស​ច្បង​ដែល​ជិតស្និទ្ធ​សាក​មើល។

២. ទារ​ប្រាក់​ខែ​គេ​ឲ្យ​ខ្ពស់​ជាង​អ្វី​ដែល​អ្នក​រំពឹង

រឿង​ប្រាក់​ខែ​នេះ​មួយ​មិន​ចាំបាច់​ដាក់​ខ្លួន​​ក៏​បាន បើ​យើង​ពូកែ យើង​មាន​សមត្ថភាព ដូច្នេះ​ច្បាស់​ណាស់​ថា​​ក្រុមហ៊ុន​នឹង​ត្រូវ​ការ​យើង។ ទារ​គេ​ឲ្យ​ខ្ពស់​ៗ​នោះ​អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​ពេល​​ចរចា ហោច​ណាស់​ពេល​ចរចា​រួច​យើង​ក៏​ទទួល​បាន​តួ​លេខ​ដែល​ខ្ពស់​គួរ​សម​ដែរ។

៣. មើល​ថា​និយោជក​​កំពុង​ត្រូវ​ការ​អ្វី

មើល​តាម Job description បាន​សម្រាប់​ចំណុច​នេះ ប៉ុន្តែ​ត្រូវ​មើល​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ​ផង ដូច​ជា កំឡុង​ពេល​សម្ភាសន៍​ក៏​គួរ​សួរ​គេ​ថា “ពេល​​​នេះ​ក្រុមហ៊ុន​អ្នក​ចង់​ធ្វើ​អ្វី​ឲ្យ​ជោគជ័យ​ជា​អាទិភាព?" ឬ​ “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការងារ​នេះ?” នោះ​អ្នក​នឹង​បាន​ដឹង​ថា​ក្រុមហ៊ុន​ត្រូវ​ការ​អ្វី ហើយ​មាន​អ្វី​​ខ្លះ​ដែល​យើង​អាច​នឹង​​ស្នើ​សុំ​ទៅ​គេ​បាន។

៤. លើក​ចំណុច​ល្អ​របស់​ខ្លួន​មក​ឲ្យ​អស់

ធ្វើ​បញ្ជី​មួយ​មក​ថា​យើង​មាន​ចំណុច​លេចធ្លោ​អ្វី​ខ្លះ ធ្លាប់​ទទួលជោគជ័យ​អ្វី​ខ្លះ​ពី​មុន ហើយ​បើ​មាន​ភស្តុតាង​​យក​ទៅ​បង្ហាញ​​គេ​ នឹង​កាន់​តែ​ល្អ ព្រោះ​វា​នឹង​ជា​​គ្រឿង​ជំនួយ​​ក្នុង​ការ​ចរចា​ប្រាក់​ខែ​របស់​អ្នក​ឲ្យ​កាន់​តែ​ងាយ​ស្រួល។

៥. កុំ​គិត​តែ​រឿង​ប្រាក់​ខែ​តែ​មួយ​មុខ

បើ​ទោះ​បី​ប្រាក់​ខែ​អាច​តិច​ជាង​ការងារ​ចាស់ ឬ​ការ​រំពឹង​ទុក ប៉ុន្តែ​បើ​បើ​យើង​អាច​បាន​អត្ថប្រយោជន៍​ល្អ​ជាង​ ឬ​បរិយាកាស​ការងារ​ដែល​ល្អ​ជាង វា​ក៏​មិន​គួរ​ជា​បញ្ហា ដូច​ជា​ម៉ោង​ធ្វើ​ការ​តិច​ជាង ជិត​ផ្ទះ ការងារ​ស្រាល​ជាង ឱកាស​​រីកចម្រើន​ខ្ពស់ និង​បាន​រៀន Free ​ជាដើម។

៦. មិន​បាច់​ប្រាប់​គេ​ពី​ការ​ពិត​គ្រប់​យ៉ាង​ក៏​បាន

នៅ​ពេល​សម្ភាសន៍ គេ​តែង​សួរ​ពី​ប្រាក់​ខែ​ដែល​យើង​ធ្លាប់​ទទួល​បាន​ពី​មុន​ ប៉ុន្តែ​យើង​ក៏​មិន​ចាំ​បាច់​ទៅ​ប្រាប់​គេ​តាម​ត្រង់​គ្រប់​យ៉ាង​នោះ​ដេរ។ រឿង​បែប​នេះ​បើ​យើង​និយាយ​ឲ្យ​លើស​ជាង​ការ​ពិត​តិច​តួច​ក៏​គ្មាន​នរណា​ថា​អី​ដែរ ដើម្បី​ឲ្យ​បាន​ប្រាក់​ខែ​ច្រើន​ៗ ទៅ​តាម​អ្វី​ដែល​យើង​រំពឹង​ទុក។

៧. ប្រើ​វិធី​ស្ងៀមស្ងាត់

ការ​ចរចា​ដោយ​ល្អ​ មិន​ចាំ​បាច់​​ត្រូវ​និយាយ​អ្វី​ច្រើន​នោះ​ទេ ពេល​ខ្លះ​គេ​អាច​នឹង​សុំ​ឲ្យ​យើង​ប្រាប់​ពី​តួ​លេខ​ដែល​​យើង​ចង់​បាន ប៉ុន្តែ​យើង​ក៏​អាច​​និយាយ​សុំ​ឲ្យ​​ខាង​គេ​ជា​អ្នក​ស្នើ​វិញ។ បើ​ចៃដន្យ​​គេ​ស្នើ​ប្រាក់​ខែ​ដែល​ខ្ពស់​ជាង​ចំនួន​ដែល​យើង​រំពឹង​ទុក ក៏​កុំ​ប្រញាប់​យល់​ព្រម គួរ​ធ្វើ​ជា​គិត​បន្តិច​សិន ហើយ​​និយាយ​ថា​ អឺ... ប៉ុណ្ណឹង​​ក៏​បាន​ដែរ។

៨. ហ្វឹកហាត់​ត្រៀម​ឲ្យ​បាន​ច្រើន

គ្មាន​នរណា​ពូកែ​ខាង​ចរចា​តាំង​ពី​កំណើត​នោះ​ទេ គ្រប់​យ៉ាង​គឺ​អាច​ហាត់​បាន។ សាក​ល្បង​សុំ​ឲ្យ​មិត្តភ័ក្ដិ​មក​ហ្វឹកហាត់​ជាមួយ​អ្នក និង​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ឲ្យ​ជំនាញ​សម្ភាស​ការងារ​របស់​អ្នក​រីកចម្រើន​បាន​លឿន។ ពេល​ជឿជាក់​ខ្លួន​ឯង​ហើយ សឹម​​ដាក់​ទៅ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ទៅ​ធ្វើ ៕

ចុចអាន៖


ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន