ក្រសួងឆ្លើយតប រឿងប្រឡងធ្លាក់របស់សិស្សពូកែរូបវិទ្យាលេខ១ថ្នាក់ខេត្តម្នាក់ទៀត

  • 2018-09-14 09:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំង​ប្រទេស​ម្នាក់​បាន​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​​គណិត​ រួម​ទាំង​សិស្ស​ដទៃ​ទៀត​ផង​នោះ​ បាន​ជម្រុញ​​ឲ្យ​ក្រសួង​បើក​សើរើ និង​ប្រកាស​លទ្ធផល​ជា​ថ្មី​​​ឡើងវិញ។ ​ទោះ​យ៉ាង​ណា​ មក​ទល់​ពេល​នេះ​ សិស្ស​ពូកែ​រូបវិទ្យា​ម្នាក់​ទៀត ​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​លើក​ទី២​នេះ​ ត្បិត​បាន​ដាក់​បណ្ដឹង​តវ៉ា​ទៅក្រសួងអប់រំរួចហើយ​ក៏​ដោយ​។​​​​​

យុវជន វិន ម៉េងលាង

​យុវជន​ វិន ម៉េងលាង ​សិស្ស​ពូកែ​រូបវិទ្យា​ជាប់​ប្រចាំ​ខេត្ត​កំពង់ចាម ប្រឡងធ្លាក់​មុខ​វិទ្យា​រូប​​​ បាន​អះអាង​ថា ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​បាក់ឌុប​ទាំង​ពីរ​លើក​របស់​ក្រសួង​ ដោយ​ហេតុ​ថា​ខ្លួន​ធ្លាប់​ប្រឡងជាប់​សិស្ស​ពូកែ​រូប​វិទ្យា​ថ្នាក់ខេត្ត ហើយយុវជន​នេះ​​​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន ​យ៉ាង​ហោច​ណាស់​​ក៏​មិន​​ធ្លាក់​មុខវិជ្ជា​រូប​មួយ​នេះ​ដែរ។

លទ្ធផលលើកទី២

វិន ម៉េងលាង​ ប្រាប់​ថា៖ " ខ្ញុំ​ជឿជាក់​មុខ​វិជ្ជា​រូប​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ផ្ទៀង​ផ្ទាត់​កំណែ​វិញ្ញាសា​ជា​មួយ​គ្រូ​បង្រៀន​ខ្ញុំ​ផ្ទាល់​ដែរ​... បើ​ទោះ​មិន​បាន​និទ្ទេស​ល្អមុខវិជ្ជានេះ ក៏​បាន​ត្រឹមE ក៏ខ្ញុំមិន​អីដែរ នេះ​បានF ​គឺ​ធ្លាក់​តែ​ម្ដង ​ហើយ​មិត្ត​ខ្ញុំ​ឯ​ទៀត​ជា​សិស្ស​ពូកែ​រូប ​ក៏​ធ្លាក់​ដូច​ខ្ញុំ​ដែរ"។ "ខ្ញុំអស់សង្ឃឹមនឹងពាក្យ អ្នកចេះគឺជាប់ជាខ្លាំង" ម៉េងលាង​ បន្ថែម។

​​​​

ឯកឧត្តម​ រស់ សុវាចា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ និង​ផែនការ និង​ជា​អ្នកនាំ​ពាក្យក្រសួង​អប់រំ​ ឆ្លើយ​តប​ Sabay ទាក់​ទិន​បណ្ដឹង​សិស្ស​ខាង​លើ​ថា ក្រសួង​អប់រំ​នៅ​តែ​បន្ត​ទទួល​បណ្ដឹង​តវ៉ា​របស់​សិស្ស​ចាប់​ពី​ថ្ងៃ​ចេញ​លទ្ធផល​ រហូត​ដល់ ​៣០ថ្ងៃក្រោយ​ ដោយ​មាន​គណៈកម្មការ​កោសល្យវិច័យ​ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨។ អាស្រ័យ​ហេតុនេះ ​ប្រសិនបើ​សិស្ស​ជឿជាក់​សមត្ថភាព​របស់​ខ្លួន ​ប៉ុន្តែ​លទ្ធផល​បែរ​ជា​ខុស​រំពឹង​ទុក​វិញ​នោះ អាច​ដាក់​បណ្ដឹង​តវ៉ា​បាន ហើយ​ក្រុម​កោសល្យវិច័យ​របស់​ក្រសួង​​ នឹង​សម្រេច​ត្រួត​ពិនិត្យ​លម្អិត​បន្ថែម ។ ​​​​

តើប៉ះពាល់ដល់​លទ្ធផល​អាហារូបករណ៍​សិស្ស​ដែរឬទេ ?

ឯកឧត្តម​ ​បញ្ជាក់​ថា ​ចំពោះ​លទ្ធផល​អាហារូបករណ៍​វិញ បន្ទាប់​ពី​ក្រុម​កោសល្យវិច័យ​ដោះស្រាយ​លទ្ធផលរួច​នោះ ​នឹង​កែ​សម្រួល​លទ្ធផល​អាហារូបករណ៍​តាម​ក្រោយ​ផង​ដែរ៕

​​​​

អត្ថបទ៖ ស៊ិន សាវ៉េត