លទ្ធផលថ្មី ខេត្ត១ ដែលល្បីធ្លាក់គណិតគ្មានសល់ ពេលនេះ សិស្សមានទឹកមាត់លេបវិញហើយ

  • 2018-09-14 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

តាម​ការ​ប្រកាស​លទ្ធផល​បាក់ឌុប​ថ្មី​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា មាន​បេក្ខជន​ដែល​បាន​ប្រលង​ជាប់​មុខវិជ្ជា​គណិតវិទ្យា។ ​​កាល​ពី​លទ្ធផល​បាក់ឌុប​ចាស់ សិស្ស​ខេត្ត​កោះកុង ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ​ទាំង​អស់​ បាន​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​គ្រប់ៗគ្នា។

លទ្ធផលចាស់

យុវជន​ម្នាក់​ដែល​ជា​អតីត​អ្នក​ធ្លាក់​គណិតវិទ្យា​ ក្នុង​ចំណោម​សិស្ស​ទូទាំង​ខេត្ត​កោះកុង បាន​ប្រាប់ Sabay ថា ខ្លួន​មាន​ឈ្មោះ​ គី ផុកឈុន រៀន​នៅ​វិទ្យាល័យ ថ្ម ស មាន​ទីតាំង​នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

លទ្ធផលថ្មី គី ផុកឈុន លេខរៀង ៤២

ខ្លួន​ពិត​ជា​រំភើប​ និង​សប្បាយចិត្ត ក្រោយ​ក្រសួង​បាន​សើរើ តាម​បណ្ដឹង​របស់​សិស្ស​ខេត្ត​កោះកុង និង​សិស្ស​ទូទាំង​ប្រទេស​ ដែល​បាន​មក​តវ៉ា​នៅ​ភ្នំពេញ ចំពោះ​មូលហេតុ​នាំ​ឲ្យ​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា។

យុវជន គី ផុកឈុន បាន​បញ្ជាក់​ថា ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា តែ​១​មុខ​ បាន​ធ្វើ​ឲ្យ​ប្រែប្រួល​លទ្ធផល​មិនធម្មតា។ ការ​ធ្លាក់​នេះ បាន​ធ្វើ​ឲ្យ​ គី ផុកឈុន មិន​សប្បាយ​ចិត្ត ដែល​ខុស​ពី​ការ​រំពឹង​ទុក​ឆ្ងាយ​ពេក។

ប្រភពរូប គី ផុកឈុន

ដំបូង​សិស្ស​រូប​នេះ បាន​និទ្ទេស​រួម D បន្ទាប់​ពី​ទទួល​និទ្ទេស F ​ក្រោយ​ធ្លាក់​ មុខវិជ្ជា​គណិតវិទ្យា។

បន្ទាប់​ពី​លទ្ធផល​ថ្មី គី ផុកឈុន បាន​និទ្ទេស​រួម B ក្រោយ​បាន​និទ្ទេស A សម្រាប់​មុខវិជ្ជា​គណិតវិទ្យា ដែល​និង​ក្នុង​លំដាប់​ពិន្ទុ ៩៩.៣៩៩។

សូម​រំលឹក​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង ២០ សីហា ២០១៨ សម្រាប់​លទ្ធផល​ចាស់ សិស្សខេត្ត​កោះកុង​ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សិស្ស​ទាំង​អស់​ បាន​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​គ្រប់ៗគ្នា ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ នា​ព្រឹក​មិញ​នេះ​។​​​

លទ្ធផល​ថ្មី ក្រសួង បាន​បង្ហាញ​ថា ​មាន​អ្នក​ជាប់​មុខវិជ្ជា​គណិតវិទ្យា​វិញ ដោយមានអ្នក​បាន​និទ្ទេស​រួម​ល្អ រួម​នឹង​អ្នក​ដែលបាន​ធ្លាក់​និទ្ទេស​រួម F អាច​ជាប់​វិញ ក្នុង​និទ្ទេស​រួម E។


អត្ថបទ៖ ពៅ រក្សា