ព្យុះទីហ្វុងម៉ាងឃុត កម្លាំងខ្លាំងក្លាបំផុតប្រចាំឆ្នាំ វាយប្រហារហ្វីលីពីនយ៉ាងដំណំ

  • 2018-09-15 01:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្យល់ព្យុះ​កម្លាំង​ខ្លាំង​ក្លា​បំផុត​នៅ​ឆ្នាំ​នេះ គឺ​ព្យុះ​ទីហ្វុង​ម៉ាងឃុត (Super Typhoon Mangkhut) កំពុងតែ​បំផ្លិចបំផ្លាញ​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាងជើង នៃ​ប្រទេស​ហ្វីលីពីន ដោយ​មាន​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ទៀត​ផង។

ខ្យល់​ព្យុះ​បាន​បោក​បក់​នៅ​ក្រុង Baggao ភាគ​ខាងជើង​នៃ​ប្រទេស ក្បែរ​តំបន់​ឆ្នេរ​សមុទ្រ នៅ​វេលា​ម៉ោង ១៖៤០នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ (ត្រូវ​នឹង​ម៉ោង ២៖៤០នាទី​ព្រឹក​នៅ​កម្ពុជា) នា​ថ្ងៃ​សៅរ៍ ទី១៥ ខែ​កញ្ញា ឆ្នាំ២០១៨ នេះ។

របាយការណ៍​បាន​និយាយ​ថា វា​បាន​បំបែក​បង្អួច​កញ្ចក់ និង​កាត់​ផ្តាច់​ខ្សែ​ភ្លើង​នៅ​លើ​កោះ Luzon មុន​ពេល​ថ្ងៃ​រះ។ មនុស្ស​ជាង ៤លាន​នាក់ កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​របស់​ខ្យល់​ព្យុះ ដែល​មាន​ល្បឿន​ខ្យល់ ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ៣៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

ទោះ​បី​ជា​យ៉ាង​ណា មនុស្ស​រាប់​ពាន់​នាក់​ហើយ​បាន​ជម្លៀសខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង ស្រប​ពេល​ដែល​មាន​ការ​ព្រមាន​ពី​ខ្យល់​ព្យុះ​កម្ពស់ ៦ម៉ែត្រ។

គួរ​បញ្ជាក់​ថា ប្រទេស​ហ្វីលីពីន​បាន​ប្រកាសអាសន្ន​កម្រិត​ខ្ពស់​បំផុត​ទី២ (កម្រិត៤) នៅ​ខេត្ត Cagayan, ភាគ​ខាងជើង​ខេត្ត Isabela, ខេត្ត Apayao និង ខេត្ត Abra ផង​ដែរ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង