ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រត់​ពន្ធ​គ្រឿង​អេឡិចត្រូនិក​ខុស​ច្បាប់

  • 2018-09-15 04:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​កីឡា​បាល់ទាត់​អាហ្សង់ទីន រួម​នឹង​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​រត់​ពន្ធ​គ្រឿង​អេឡិចត្រូនិក​ខុស​ច្បាប់​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ នេះ​បើ​តាម​ The Sun ដក​ស្រង់​ពី​សារព័ត៌មាន​អេស្ប៉ាញ។ ​​

រដ្ឋបាល​ពន្ធដារ​របស់​ប្រទេស​អាហ្សង់ទីន​ បាន​​បង្ហោះ​ព័ត៌មាន​រួម​ជាមួយ​រូបភាព​​​នៃ​ការ​រឹបអូស​ទំនិញ​នៅ​លើ​ Twitter ​របស់​ខ្លួន។ ប្រភព​ខាង​លើ​បន្ត។

សារព័ត៌មាន​ AS របស់​អេស្ប៉ាញ​បាន​រៀបរាប់​ថា វត្ថុ​ដែល​រឹបអូស​បាន​មាន​តម្លៃ​ប្រហែល ២៣ ០០០ ដុល្លារ រួម​មាន៖ ឧបករណ៍​អេឡិចត្រូនិក ឧបករណ៍​តន្ត្រី និង ប្រដាប់​ប្រដា​ក្មេង​លេង។

របស់របរ​ទាំង​នេះ​គួរ​តែ​ត្រូវ​ប្រកាស​នៅ​គយ ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​បាន​អាជ្ញាធរ​រឹប​អូស ដោយ​បាន​ចាត់​ទុក​ថា​​ជា​ "ការ​រត់​ពន្ធ" ដោយ​ខុស​ច្បាប់​​នាំ​ទំនិញ​ចូល​ទៅ​ក្នុង​​ប្រទេស​​អាមេរិក​ខាង​ត្បូង​មួយ​នេះ។

រដ្ឋបាល​ពន្ធដារ​របស់​ប្រទេស​អាហ្សង់ទីន​បាន​សរសេរ​​ អម​ដោយ​​រូបភាព​វ៉ាលី​កីឡាករ​ជម្រើស​ជាតិ​ថា "យើង​បាន​ដក​ហូត​ទំនិញ​​អេឡិចត្រូនិក​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន"។ រដ្ឋបាល​ពន្ធដារ​ប្រទេស​នេះ​បាន​​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​ដើម្បី​សម្រេច​ទៅ​លើ​ទោស​សេដ្ឋកិច្ច​ទៅ​លើ​ទំនិញ​រឹបអូស​ទាំង​នោះ។ ប្រភព​ខាង​បន្ថែម។

ជម្រើស​ជាតិ​អាហ្សង់ទីនបានលេង​ទល់​នឹង ហ្គាតេម៉ាឡា និង កូឡុំប៊ី នៅ​សហរដ្ឋអាមេរិក

​​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាមេរិក​ខាង​ជើង​​ដើម្បី​លេង​មិត្តភាព ដោយ​បាន​លុត​ប្រទេស ហ្គាតេម៉ាឡា ៣-០ ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី Gonzalo Nicolas Martinez, Giovani Lo Celso និង Giovanni Simeone និង មួយ​ប្រកួត​ទៀត​ប៉ះ កូឡុំប៊ី លទ្ធផល ០-០ មុន​ពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អាហ្សង់ទីន​វិញ ហើយ ត្រូវ​ជាប់​​នៅ​ព្រលានយន្តហោះ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដោយ​សារ​រដ្ឋបាលពន្ធដារ​ចោទ​ពី​បទ​​រត់ពន្ធ​ទំនិញ​ខុស​ច្បាប់៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត