បើកូនមានទម្លាប់ល្អ ៣នេះ ប្រចាំថ្ងៃ អនាគតដឹងតែជាបុគ្គលជោគជ័យហើយ

  • 2018-09-15 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​នេះ ការ​ចិញ្ចឹម​កូន​ ឲ្យ​ក្លាយ​ជា​បុគ្គល​ល្អ​ប្រសើរ មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ខាងក្រោម​នេះ ក្រុម​ការងារ នឹង​ជម្រាប​ជូន អត្ថបទ​អប់រំ​ខ្លី​មួយ​ ដែល​​បង្ហាញ​ពី​ទម្លាប់​សម្គាល់​កូន​ៗ ជាទី​ស្រលាញ់ ដែល​អាច​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា បុគ្គលជោគជ័យ និង​អ្នក​ដឹកនាំ ​ក្នុង​ថ្ងៃ​អនាគត​បាន។

១. កូន​និយាយ​ច្រើន

នៅ​ពេល​ដែល​កូន​និយាយ​ច្រើន ដោយ​ចូលចិត្ត​និយាយ​ជាមួយ​អ្នក នោះ​អនាគត​កូន​នឹង​មិន​ធម្មតា​ទេ ព្រោះ​គេ​មាន​ទម្លាប់​ចេះ​ប្រាស្រ័យ​ទាក់ទង​តាំង​ពី​តូច។ ដូចនេះ នៅ​ពេល​ដែល​គេ​ពេញ​វ័យ ទំនាក់ទំនង​ក្នុង​សង្គម​របស់​គេ​នឹង​ទូលាយ ដោយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ជាច្រើន​អាច​ចេញ​មុខ​ជួយ​គេ​ឲ្យ​ជោគជ័យ​បាន។

២. គោរព​ចាស់​ទុំ

នៅ​ពេល​ដែល​កូន​ម្នាក់​ចេះ​គោរព​ចាស់ទុំ ដោយ​អ្នក​មិន​បាន​បង្រៀន​នោះ​កូន​អ្នក​ជា​បុគ្គល​ដែល​អាច​ទទួល​បាន​ការ​គោរព និង​ស្រឡាញ់​ពី​អ្នក​ដទៃ​ច្រើន ព្រោះ​គេ​ចេះ​គោរព​អ្នក​ដទៃ​តាំង​ពី​តូច។

ដូចនេះ មិន​ថា​គេ​ដើរ​ដល់​ផ្លូវ​លំបាក​បែប​ណា​ទេ សុទ្ធ​តែ​មាន​អ្នកស្ម័គ្រចិត្ត​ចេញ​មុខ​ ជួយ​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ជានិច្ច។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ដើរ​ដល់​ផ្លូវ​ជោគជ័យ​បាន។

៣. ចូល​ចិត្ត​អាន​អក្សរ

គ្រប់បុគ្គលជោគជ័យ តែងមានទម្លាប់១នេះ។ ជា​ធម្មតា​នៅ​ពេល​ដែល​មាតាបិតា​នាំ​កូន​ដើរ​ផ្សារ​ម្ដង​ៗ កូន​ភាគ​ច្រើន​មើល​ឃើញ​តែ​របស់​លេង​ទេ ដោយ​មើល​មិន​ឃើញ​អ្វី​ផ្សេង​ឡើយ។ ប៉ុន្តែ​បើ​កូន​អ្នក​បែរ​ជា​ចាប់​អារម្មណ៍​លើ​សៀវភៅ ហើយ​ចូលចិត្ត​អាន​អក្សរ​តាម​ជញ្ជាំង នោះ​មាន​ន័យ​ថា កូន​នឹង​អាច​ជោគជ័យ​ខ្លាំង​ក្នុង​ពេល​អនាគត។ គេ​នឹង​អាច​ក្លាយ​ជាបុគ្គលជោគជ័យ និងជា​អ្នកដឹក​នាំ​ម្នាក់​ ជា​មិនខាន​ឡើយ៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា