Maurizio Sarri បង្ហាញ​ពី​បញ្ហា​មួយ​របស់​ Eden Hazard

  • 2018-09-16 07:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri បានបញ្ជាក់ថា Eden Hazard នៅ​តែ​​ត្រូវ​រៀន​សូត្រ​បន្ថែម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ បើ​ទោះ​ជា​ Hazard ទើប​រក​បាន​៣​គ្រាប់​​ម្នាក់​ឯង​ក្នុង​១​ប្រកួត​ (hat-trick) ក្តី។ បើ​តាម​គ្រូ​បង្វឹក Chelsea កីឡាករ​​សញ្ជាតិ​បែលហ្សិក​​គឺ​ជា​កីឡាករ​ល្អ​បំផុត​​នៅ​អឺរ៉ុប ប៉ុន្តែ​ត្រូវ​ការ​បន្ថែម​​ភាព​ឆ្លាតវៃ​នៃ​របៀប​​លេង។

កីឡាករ​វ័យ ២៧ ឆ្នាំ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​បាន​យ៉ាង​ល្អ​ជាមួយ​គ្រូ​ថ្មី ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់ បញ្ជូន​ឲ្យ​គេ​ស៊ុត​បាន​២​គ្រាប់។ គ្រាប់​ដែល​ស៊ុត​​យក​​ឈ្នះ​ទល់​នឹង​ក្រុម Cardiff សុទ្ធ​តែ​ជា​គ្រាប់​បាល់​ដែល​ស៊ុត​ចេញ​ពី​មុំ​ខុសៗ​គ្នា ដែល​ជា​ការ​លេង​​បែប​សម្រុក​ពី​ក្រោម (build-up) គឺជា​យុទ្ធសាស្រ្ត​របស់​គ្រូ​បង្វឹក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Sarri “Ball”។ នេះ​បើ​តាម Sportskeeda ចុះ​ផ្សាយ​ថ្ងៃ​នេះ។

លោក Sarri បាន​និយាយ​ថា: "ខ្ញុំ​គិត​ថា​គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​នៅ​ទ្វីប​អឺរ៉ុប ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ផ្លាស់​ប្តូរ​ចិត្ត​ ហើយ​គិត​ថា​គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត" ។

​”ខ្ញុំ​គិត​ថា​គាត់​អាច​លេង​ឲ្យ​ឆ្លាត​ជាង​នេះ។...គាត់​អាច​​សន្សំ​កម្លាំង​ជាង​បច្ចុប្បន្ន​ ដែល​​[ប្រឹង]​តាំង​ពី​៥០ ទៅ​៦០​ម៉ែត្រ​មុខ​ទី​គូ​ប្រកួត"។

Sarri បន្ថែម​ថា​នៅ​ពេល​ Harzard ប៉ះ​បាល់​៥​ទៅ​៦​ដង​មុន​ពេល​​បាន​ស៊ុត អីចឹង​វា​នាំ​ឲ្យ​ថយ​កម្លាំង​។ ហេតុដូច្នេះ Sarri ណែនាំ​ថា​ Hazard គួរ​តែ​ប្រឹង​នៅ​រវាង​ចម្ងាយ​២៥​ម៉ែត្រ​​មុខ​ទី​គូបដិបក្ខ​គឺ​ជា​​ការ​ប្រយុទ្ធ​ដ៏​ឆ្លាត​វៃ​បំផុត។

Sarri ថា Hazard អាច​ទាត់​បាល់​បញ្ចូល​ទី​បាន​ពី ៣០ ទៅ ៣៥ គ្រាប់​នៅ​រដូវ​កាល​នេះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​រដូវ​កាល​នេះ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម