ភាពយន្តខ្មែរមួយនេះ មានឥទ្ធិពលបំផុតនៅប្រទេសថៃ

  • 2018-09-18 03:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុងឆ្នាំ ១៩៧១ ភាពយន្តខ្មែរមានសន្ទុះខ្លាំងរហូតមានឥទ្ធិពល និងតែងបានផ្សព្វផ្សាយនៅក្នុងទំព័រកាសែត និងទស្សនាវដ្តីជាច្រើននៅប្រទេសថៃ ធ្វើឲ្យប្រជាជនថៃស្រលាញ់ពេញចិត្តភាពយន្តខ្មែរជាខ្លាំង។ នេះបើតាមការស្រាវជ្រាវ ស្វែងរករបស់ក្រុម ព្រះសុរិយា ធ្លាប់បានសាកសួរ និងទទួលបានឯកសារដើមនៅប្រទេសថៃ។

Poster រឿង «បំណុលឈាមឪពុក» ផ្សាយនៅប្រទេសថៃ

ក្នុងចំណោមភាពយន្តខ្មែរដែលផ្ទុះល្បីល្បាញក្នុងប្រទេសថៃ រឿង «បំណុលឈាមឪពុក» ទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីរឿង «ពស់កេងកង» ដោយសារភាពយន្តនេះធ្វើឲ្យអ្នកផលិតភាពយន្តនៅប្រទេសថៃសរសើរ និងលើកសរសើរពីគុណសម្បត្តិ តិចនិក ពិសេសគុណភាពសាច់រឿងមនោសញ្ចេតនា ការផ្សងព្រេងបែបបុរាណខ្មែរដ៏គួរឱ្យជាប់ចិត្ត។

តារាសម្ដែង លោក គង់ សំអឿន នាងទិត្យ វិជ្ជរ៉ាដានី

និយាយពីលក្ខណៈពិសេសនៃភាពយន្តនេះវិញ តំណាងក្រុម ព្រះសុរិយា លោក ឆោម វិរៈ លើកឡើងថា៖ «ភាពយន្តនេះមានលក្ខណៈពិសេសច្រើន គឺជាភាពយន្តបុរាណបែបផ្សងព្រង ក្រោមស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក ឡុង ស៊ីដេត»។ ក្នុងនោះក៏ទទួលបានការជួយជ្រោមជ្រែងពីព្រះអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិសាម៉ន ម៉េត។

លោក ជា យុទ្ធថន

រឿង «បំណុលឈាមឪពុក» សម្ដែងដោយកំពូលតារាភាពយន្តដ៏ល្បីល្បាញនៃកម្ពុជា មានលោក ជា យុទ្ធថន និង លោក គង់ សំអឿន បានសម្តែងរួមគ្នា ជាលើកទី២ បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាម្តងកាលពី៥ឆ្នាំមុន ក្នុងរឿង «ស្រមោលអតីតកាល»។ បន្ថែមលើនេះ អ្នកនាង ទិត្យ វិជ្ជរ៉ាដានី និង ភួង ផាវី ក៏បានសម្តែងរួមគ្នា រួមទាំងតារាល្បីជាច្រើនទៀត ដូចជា លោក ឱ ឌុំ លោក ប៉ិច សាលឿន នាយ ត្រង់ដឺ ឡូ តូជាដើម។

ឈុតមួយក្នុងរឿង «បំណុលឈាមឪពុក»

ភាពយន្តនេះបានដាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត អេមផាអឺ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧១ ប្រទេសថៃមុនគេដោយមានពិធីសម្ពោធធំមួយ មានការចូលរួមពីវង់តន្រ្តីល្បីៗជាច្រើនវង់ប្រចាំរាជធានីបាងកក។ កាលណោះត្បិតតារាភាពយន្តខ្មែរ ពុំបានទៅចូលរួមសម្ពោធក៏ពិតមែន តែ លោក ឡុង ស៊ីដេត ជាអ្នកដឹកនាំរឿងខ្មែរបានទៅចូលរួមជាតំណាងដ៏មានកិត្តិយសរបស់ប្រទេសកម្ពុជា។

រូបភាពជុំគ្នារបស់តារាសម្ដែងខ្មែរ ក្នុងរឿង «បំណុលឈាមឪពុក»

ភាពយន្តនេះផងដែរ ក៏មានការចូលរួមសម្ដែងដោយ តួស្រីខ្មែរម្នាក់ទៀត គឺអ្នកនាង សេង បុទុម បានសម្តែងឈុតឆាកសិចស៊ី រហូតដល់ប្រជាជនថៃសរសើរ និងប្រៀបធៀបជាមួយតួសិចស៊ីប្រចាំប្រទេសថៃ គឺនាង មេតារ៉ុងរ៉ាត់ នេះបើតាមឲ្យដឹងពីលោក ឆោម វីរៈ។

រូបភាពក្នុងរឿង «បំណុលឈាមឪពុក»
រូបភាពក្នុងរឿង «បំណុលឈាមឪពុក»

ខ្សែភាពយន្ត «បំណុលឈាមឪពុក» នេះ មានចម្រៀងចំនួនបីបទគឺ៖

  • «ស្នេហាក្នុងពេលរាត្រី» ច្រៀងដោយលោក ស៊ីន ស៊ី សាមុត និងអ្នកស្រី រស់ សេរីសុទ្ធា
  • បទ «ជម្រកស្នេហ៍» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន

បទ «បំណុលឈាមឪពុក» ច្រៀងដោយលោក ស៊ី​ន ស៊ីសាមុត លោក អ៊ិន យ៉េង អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា

ប្រភព និងរូបថត​៖ ក្រុមព្រះសុរិយា

អត្ថបទ៖ Sunny