ឥឡូវ​គុណ​នឹង ១០ តែ​ដំបូង​បំផុត ស៊ឹម សុវណ្ណារ៉ុង ទទួល​បាន​ថ្លៃ​ពលកម្ម តិច​មិន​នឹក​ស្មាន!

  • 2018-09-18 03:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​បច្ចុប្បន្ន​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង ស៊ឹម សុវណ្ណារ៉ុង បាន​កើន​​តម្លៃ​ខ្លួន​គុណ​នឹង ១០ ធៀប​នឹង​កាល​ចេញ​ច្រៀង​ពី​ដំបូង ដែល​បាន​ថ្លៃ​ហត់នឿយ​តិច​តួច​បំផុត។

ស៊ឹម សុវណ្ណារ៉ុង បាន​ចាក​ចោល​ទី​កំណើត​នា​ស្រុក​កំរៀង​ខេត្ត​បាត់​ដំបង​ក្រោម​សម្ពាធ​សេដ្ឋកិច្ច​គ្រួសារ នា​អំឡុង​ឆ្នាំ ២០១៤ យាត្រា​មក​កាន់​ខេត្ត​ព្រៃវែង។ ផ្ញើ​ខ្លួន​នៅ​ស្រុក​គេ លោក​បាន​ចាប់​អាជីព​ជា​តារា​ដំបូង​បំផុត​ក្នុង​វង្សអកកេះ​របស់​អ្នក​ស្គាល់​គ្នា​មួយ។ ជា​អ្នក​ចម្រៀង​ដ៏​សាមញ្ញ​មួយ​រូប កាល​ណោះ ម្ចាស់​បទ "កូន​អកត្តញ្ញូ" បាន​ថ្លៃ​ឈ្នួល​ពលកម្ម​តិចតួច​ប៉ុណ្ណោះ សម្រាប់​ដោះ​ទ័ល។

“កាល​ណោះ ខ្ញុំ​នៅ​ច្រៀង​តាម​វង់​អកកេះ អីចឹង​មិន​បាន​ច្រើន​ទេ...មួយ​កម្មវិធី គឺ​ខ្ញុំ​ទទួល​បាន​តែ​៣០​ដុល្លារ​អី​ប៉ុណ្ណោះ​បង​អើយ ហើយ​ត្រូវ​បែង​ចែក​តាម​តម្រូវ​ការ​ច្រើន​ទៀត!”។ សុវណ្ណារ៉ុង ថ្លែង។

១យប់ ឬ​១កម្មវិធី ស៊ឹម សុវណ្ណារ៉ុង ទទួល​បាន ៣០​ដុល្លារ ក្នុង​១​ខែ​ជា​មធ្យម​លោក​អាច​ទទួល​បាន​ការងារ​ជា​មធ្យម​ប្រមាណ ៧-៨ កម្មវិធី។ ចំណូល​ពី​ការងារ​ច្រៀង សាមី​ខ្លួន​ប្រាប់​ថា មួយ​ចំណែក ត្រូវ​ផ្ញើ​ទៅ​ជួយ​គ្រួសារ​នៅ​ឯ​ស្រុក មួយ​ចំណែក​សម្រាប់​ការ​ចាយវាយ​ផ្ទាល់​ខ្លួន និង​មួយ​ចំណែក​ទៀត គឺ​យក​ទៅ​ផលិត​បទ​ចម្រៀង។

ក្រោយ​ពី​បាន​តស៊ូ​ច្រៀង​តាម​អកកេះ ប្រមាណ ៣​ឆ្នាំ មក​ដល់​ឆ្នាំ ២០១៧ សុវណ្ណារ៉ុង ក៏​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង ក្រោយ​ពី​លោក​បាន​ចេញ​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ដែល​និពន្ធ​ដោយ​លោក​ផ្ទាល់ និង​ធ្វើ​បទ​ភ្លេង​ថ្មី​ដោយ​ឌីជេ ខាណា ជា​ពលករ​នៅ​ថៃ​ដូច​គ្នា រួម​ទាំង​មិត្តភ័ក្ដិ​ផ្សេង​ទៀត។ មក​ទល់​បច្ចុប្បន្ន តារា​ចម្រៀង​និយម​ស្រគត់ស្រគុំ បាន​ផ្លាស់​ប្ដូរ​មក​ជា​តារា​ចម្រៀង​ច្រៀង​តាម ខុនសឺត​ធំ​ៗ​វិញ។

រូបថត៖ ហ្វេសប៊ុក សុវណ្ណារ៉ុង

តម្លៃ​ហត់​នឿយ​របស់​លោក​នា​ពេល​បច្ចុប្បន្ន ចាប់​ពី ៣០០-៤០០​ដុល្លារ​ក្នុង​មួយ​កម្មវិធី​សម្រាប់​ខែ​ប្រាំង។ ដោយ​ឡែក​ខែ​វស្សា ចុះ​ទាប​ជាង​នេះ​បន្តិច​បន្តួច​ដោយ​សារ​មិន​សូវ​មាន​ការងារ។ តួលេខ​ខាង​លើ នៅ​តែ​ទាប​ជា​ឆ្ងាយ​ជាមួយ​តារា​ចម្រៀង​អាជីព​ផ្សេង​ទៀត។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា នឹង​ព្យាយាម​បន្ត​ទៀត តាម​រយៈ​ធ្វើ​បទ​ថ្មី​ៗ​ចេញ​លើ​បណ្ដាញ​សង្គម។

ថ្មី​ៗ​នេះ ស៊ឹម សុវណ្ណារ៉ុង ទើប​ចេញ​បទ "ស្ទាវ​ក្រដូច​បង" និង​បទ "កូន​អកត្តញ្ញូ" សម្រាប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម