ទឹក​ដោះ​គោ​ស្រស់ បង្កើត​គ្រោះ​ថ្នាក់​ធំ​ដល់​សុខភាព បើ​អត់​ឃើញ​ដាក់​សញ្ញា​នេះ

  • 2018-09-18 08:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ដោះ​គោស្រស់ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោស្រស់ ដូច​ជា ​ទឹក​ដោះ​គោ​ជូរ យ៉ាអួរ Cheese ឬ Cream សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​យ៉ាង​ច្រើន​ជួយ​ដល់​ការ​លូតលាស់​របស់​មនុស្ស។ ប៉ុន្តែ ទឹក​ដោះ​គោ​ស្រស់ (Raw Milk) មាន​មីក្រូ​សព៌ាង្គកាយ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដែល​បង្ក​គ្រោះ​ថ្នាក់​អ្នក​ញ៉ាំ។

យោង​តាម​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការ​ពារ​ជំងឺ (CDC) របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ទឹក​ដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ (Unpasteurized Milk) មាន​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ពុល​អាហារ ជាង​ទឹក​ដោះ​គោ​ស្រស់​ដែល​សម្លាប់​មេរោគ​រួច (Pasteurized Milk) ដល់​ទៅ ១៥០ ឯ​ណោះ​ដង។ Unpasteurized Milk អាច​មាន​បាក់តេរី​គ្រោះ​​ថ្នាក់​ជា​ច្រើន ដូចជា Salmonella, E. coli និង Listeria ដែល​ធ្វើ​ឲ្យ​ពុល​អាហារ​ក្អួត រាក ឈឺ​ពោះ ឈឺ​ក្បាល គ្រុន​ក្ដៅ រមាស់​ពេញ​ខ្លួន។

បាក់តេរី​គ្រោះ​ថ្នាក់​ទាំង​នេះ អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ញ៉ាំ​ទឹក​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ។ បាក់តេរី​ទាំង​នេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាងកាយ​ខ្សោយ មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ក្មេងៗ។

ប៉ុន្តែ ជាក់​ស្ដែង ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការ​ពារ​ជំងឺ​របស់​អាមេរិក រក​ឃើញ​ថា ការ​ពុល​អាហារ​ដោយ​សារ​ទឹក​គោ​ស្រស់ ប៉ះពាល់​ជា​ពិសេស​ដល់​ក្មេងៗ និង​មនុស្ស​ពេញ​វ័យ​ជំទង់។

គ្រោះ​ថ្នាក់​បាក់តេរី Listeria និង​ស្ត្រី​មាន​ផ្ទៃ​ពោះ

ស្ត្រី​មាន​ផ្ទៃ​ពោះ ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដោយ​សារ​បាក់តេរី Listeria ដែល​អាច​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន ឬ​ទារក​ទើប​កើត​ស្លាប់ ឬ​ឈឺ។ ដូច្នេះ បើ​សិន​ស្ត្រី​មាន​ផ្ទៃ​ពោះ ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ បើ​ទោះ​ម្ដាយ​មិន​មាន​អារម្មណ៍​ឈឺ​ក៏​ដោយ។

អីគេ​​ជា​ទឹកដោះ​គោ​ស្រស់​ដែល​សម្លាប់​មេរោគ​រួច ឬ Pasteurized Milk?

Pasteurization ជា​ដំណើរ​ការ​សម្លាប់​រាល់​បាក់តេរី​គ្រោះ​ថ្នាក់ បង្កើត​ឡើង​ដោយ​លោក Louis Pasteur ក្នុង​ឆ្នាំ​១៨៦៤ ដោយ​ដុត​កម្ដៅ​ទឹក​ដោះ​គោ​ស្រស់​ក្នុង​កម្រិត​សីតុណ្ហភាព និង​ពេល​វេលា​ជាក់​លាក់​ណា​មួយ។ បើ​ដុត​កម្ដៅ​សម្លាប់​មេរោគ​អ៊ីចឹង តើ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​គោ​ស្រស់ បាត់​បង់​ដែរ​អត់?

ការ​ស្រាវជ្រាវ​បង្ហាញ​ថា សារធាតុ​ចិញ្ចឹម​នៅ​ក្នុង Pasteurized Milk និង Unpasteurized Milk មិន​ខុស​គ្នា​ទេ។ ប៉ុន្តែ Pasteurized Milk ដែល​សម្លាប់​មេរោគ​រួច នៅ​មាន​សល់​ប្រភេទ​បាក់តេរី​គ្មាន​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខូច​ទឹក​ដោះ​គោ​ខូច បើ​សិន​មិន​រក្សា​ទុក​ត្រឹម​ត្រូវ។ ដូច្នេះ ការ​រក្សា​ទុក​ទឹក​ដោះ​គោ​ស្រស់​នៅ​ក្នុង​ទូ​ទឹក​កក​ពិត​ជា​សំខាន់។ នេះ​យោង​តាមការ​ចេញ​ផ្សាយ​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​អាមេរិក FDA។

ធ្វើ​ម៉េច​ទើប​ដឹង​ថា ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​នោះ សម្លាប់​មេរោគ​រួច​ទៅ?

ទឹក​ដោះ​គោ​ស្រស់ និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​ដែល​មាន​លក់​លើ​ទីផ្សារ ជា​ពិសេស​នៅ​អាមេរិក ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​មេរោគ ឬ​ធ្វើ Pasteurized រួច​ហើយ។ ប៉ុន្តែ ដើម្បី​ទិញ​ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់ ដែល​មាន​សុវត្ថិភាព សូម​ពិនិត្យ​មើល​រក​ពាក្យ «pasteurized» ដែល​មាន​ន័យ​ថា «សម្លាប់​មេរោគ​រួច» នៅ​លើ​សម្បក​ផលិតផល។ បើ​អ្នក​មិន​ច្បាស់​ទេ សូម​សាកសួរ​បុគ្គលិក​ហាង ឬ​អ្នក​លក់៕

អត្ថបទ៖ សុផាត