ថ្ងៃអាទិត្យនេះ ពលរដ្ឋខ្មែរ នឹងបានឃើញបាតុភូតដ៏អច្ឆរិយ ព្រះអាទិត្យរះចំកំពូលអង្គរវត្ត

  • 2018-09-19 02:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ