រថយន្តតន្រ្តីទិព្វ សម្ដែងសិល្បៈបុរាណខ្មែរ ទៅដល់តំបន់ដាច់ស្រយាលដោយឥតគិតថ្លៃ (មានវីដេអូ)

  • 2018-09-19 05:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់សិល្បៈកម្សាន្តដូចជាចម្រៀងប្រពៃណី របាំ សៀក តន្រ្តី យីកេ អាយៃ ចាប៉ីជាដើម ត្រូវបានក្រុមសិល្បករ ដែលមានឈ្មោះថា «រថយន្តតន្រ្តីទិព្វ» នាំយកទៅសម្ដែងតាមភូមិឃុំ ដាច់ស្រយាលដែលមិនមានឱកាសទទួលបានការកម្សាន្ត ឬខ្វះឧបករណ៍​ទស្សនាជាដើម។

រូបភាព រថយន្តតន្រ្តីទិព្វ

ការងារសប្បុរសធម៌ខាងលើត្រូវបានរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ បង្កើតឡើងដោយ លោក អាន ចនផន សិល្បកររួចរស់ពីរបបខ្មែរក្រហមដោយសារចេះឧបករណ៍តន្រ្តីខ្មែរ ដឹកនាំដោយ អ្នកនាង ថន សីម៉ា និងមានអ្នកចូលរួម​ជាអ្នកស្ម័គ្រចិត្ត និងយុវជនខ្មែរជាច្រើនរូបដែលស្រលាញ់គាំទ្រទម្រង់សិល្បៈខ្មែរ។

ដោយចង់បន្តដង្ហើមព្រលឹងជាតិនេះឱ្យមានរយៈកាលយូរអង្វែលកាលតទៅទៀត ក្រុមរថយន្តតន្រ្តីទិព្វ បាននាំគ្នាបង្កើតជាគម្រោងផ្សព្វផ្សាយ និងដឹកយកសិល្បករស្ម័គ្រចិត្តគ្រប់ទិសទី ទៅសម្ដែងទេពកោសល្យសិល្បៈរបស់ខ្លួនដោយឥតគិតថ្លៃជូនដល់ប្រជាជនខ្មែរក្នុងតំបន់ដាច់ស្រយាលជុំវិញប្រទេសកម្ពុជា។

អ្នកនាង ថន សីម៉ា និងសិល្បករសម្ដែងតន្រ្តីភ្លេងខ្មែរ

មើលឃើញពីការលះបង់ និងលក្ខណៈពិសេសនៃការងារសម្ដែងសិល្បៈបែបនេះទើប អ្នកនាង សន សុខឃៀង ពិធីការិនី និង អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNC ផលិតជាវីដេអូឯកសារផ្សព្វផ្សាយជាសាធារណៈ និងជាស្នាដៃផ្ទាល់ខ្លួន​ដើម្បី​ធ្វើជាបទបង្ហាញក្នុងការបញ្ចប់សារណា ថ្នាក់បរិញ្ញាប័ត្រជំនាញប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

អ្នកនាង សន សុខឃៀង

វិដេអូឯកសារខ្លីខាងក្រោមនេះ នឹងបង្ហាញពីការងារសម្ដែង និងរូបភាពជាក់ស្ដែងក្នុងមូលដ្ឋានដែលរថយន្តតន្រ្តីទិព្វ បានចុះទៅសម្ដែងផ្ទាល់ដូចសព្វមួយដង៖

រូបភាពពី៖ រថយន្តតន្រ្តីទិព្វ វីដេអូផលិតដោយ៖ អ្នកនាង សន សុខឃៀង

អត្ថបទ៖ Sunny