ភ្ញាក់ផ្អើល! សម្ដេចនរោត្ដមសីហនុ និងបុគ្គលល្បីៗច្រើនរូប សុទ្ធតែសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ

  • 2018-09-19 07:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះស៊ីសុវត្ថិ ជា​វិទ្យាល័យ​ចំណាស់​បំផុតក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ប្រវត្តិ​តាំង​ពី​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ។ បុគ្គល​ល្បីៗ​ជាច្រើន ​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាល័យ​មួយ​នេះ ដែល​រួម​មាន​ទាំង​​​ព្រះ​មហាក្សត្រ​ និង​ឥស្សរជន​​ជាន់ខ្ពស់ ដែលមាន​ដូច​ខាងក្រោម៖

​១. ព្រះបាទ​នរោត្ដម ​សីហនុ ​​អតីត​ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​២. ព្រះអង្គ​ម្ចាស់នរោត្ដម យុវនាថ ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទនរោត្តម​ សីហនុ​ 

​៣. ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម

​៤. ឯកឧត្ដម ហង់ជួន ណារ៉ុន បច្ចុប្បន្ន​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា

​៥. លោក រាជ សម្បត្តិ អតីតប្រធាន​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​ និង​ជា​អតីត ​អ្នក​កាសែត​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា

​៦. លោក រីម គីន កវី​និពន្ធ​អក្សរសិល្ប៍​ខ្មែរ​ដ៏​ល្បីល្បាញ

​៧. អៀង សារី អតីត​មេដឹកនាំ​ខ្មែរ​ក្រហម

​៨. អៀង ធារិទ្ធិ ជា​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ជា​ស្ត្រី​ (ឈ្មោះ​កំណើត ខៀវ ធីរិទ្ធ)

​៩. សាឡុត ស ហៅ ប៉ុល ពត អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម

​១០. ខៀវ ប៉ុណ្ណារី  ភរិយា​ ប៉ុល ពត

​វិទ្យាល័យព្រះស៊ីសុវត្ថិ កើត​ឡើងក្រោម​ការ​ផ្ដួចផ្ដើម​របស់​លោក ​ហ្រ្វង់ស្វ័រ​ហ្វុងតែន ហើយ​ជា​សាលា​ទំនើប​ដំបូង​គេ ​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៨៧៣។ ដំបូង​ឡើយ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​ឈ្មោះ​ថា ​​Ecole du​Protectorat (សាលា​រាជការ​អាណាព្យាបាល)​ ហើយ​​ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា ​Collège du Protectorat​ (អនុវិទ្យាល័យ​រាជការ​អាណាព្យាបាល) នៅ​ឆ្នាំ​១៨៩៣ និង​ទៅ​ជា ​Collège Sisowath ឬ អនុវិទ្យាល័យ​ស៊ីសុវត្ថិ​ នៅ​ឆ្នាំ១៩០៥។ អនុវិទ្យាល័យ​ព្រះស៊ីសុវត្ថិ គឺ​សម្រាប់​​បំពាក់​បំប៉ន​ចំណេះ​ដឹង​សិស្ស​ដើម្បី​បម្រើការ​នៅ​ក្នុង​​ស្ថាប័ន​​រាជការ​​អាណានិគមនិយម​បារាំង​សេស ​ផ្នែក​យុត្តិធម៌​និង​ផ្នែក​រដ្ឋបាល​។

នៅ​ឆ្នាំ១៩៣៣ អនុវិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ប្រែ​ក្លាយ​ទៅ​ជា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ សិស្សានុសិស្ស​ជាតិ​កម្ពុជា​ បាន​បញ្ចប់​ការសិក្សា​លើក​ដំបូង​នៅ​វិទ្យាល័យ​នេះ​ នៅ​ក្នុង​ឆ្នាំ១៩៣៩។ មាន​តែ​សិស្ស​ចំនួន​ ១៤៤​នាក់ប៉ុណ្ណោះ​ ដែល​បាន​បញ្ចប់​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ១៩៥៤។

នៅ​ជំនាន់​សាធារណរដ្ឋ​ខ្មែរ វិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​២ដង ៖​ លើក​ទី​១ វិទ្យាល័យ៩តុលា នៅ​ឆ្នាំ​១៩៧០ បន្ទាប់​មក​នៅ​ក្រោយ​ថ្ងៃ​ប្រកាស​សាធារណរដ្ឋ​ខ្មែរ ក៏​ប្ដូរ​ឈ្មោះ​ទៅ​ជា វិទ្យាល័យភ្នំដូនពេញ នៅ​ក្នុង​ឆ្នាំ​១៩៧៤។ ក្រោម​របបកម្ពុជា​ប្រជាធិបតេយ្យ​ បាន​​ប្រែ​ក្លាយ​ជា​សាលា​អង្គលី​លេខ។

ក្រោយ​ថ្ងៃ​៧ មករា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​បើក​សាលា​នេះ​ឡើង​វិញ។ វិទ្យាល័យ​នេះ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២១ មករា ​ឆ្នាំ១៩៨០ ហើយ​បន្ត​រក្សា​ឈ្មោះ​រហូត​ដល់​ឆ្នាំ ១៩៩៣​​ ទើប​ក្រសួង​អប់រំ​ស្នើ​ឲ្យ​ប្ដូរ​ទៅ​ឈ្មោះ​ដើម​វិញ ​ដើម្បី​រក្សា​កេរ​តំណាល​ប្រវត្តិសាស្ត្រ។

វិទ្យាល័យព្រះស៊ីសុវត្ថិមានទំហំ ៤ហិចតា​ ខាង​លិច​ទល់​ផ្លូវ​ប៉ាស្ទ័រ (៥១) ខាងជើងទល់ផ្លូវ ១៧៨ ខាង​ត្បូង​ទល់​ផ្លូវ​កែវ​ជា (១៨៤) និង​ខាង​កើត​ទល់​មហាវិថី​នរោត្តម។ វិទ្យាល័យ​នេះ​មាន​អាគារ​សិក្សា​១០​ខ្នង អគារ​រោង​ជាង១ អាហារដ្ឋាន​២ តារាង​បាល់​ធំ​១ តារាង​បាល់​បោះ១ តារាង​បាល់​ទះ​២ តារាង​បោះ​ប៊ូល​១ និង​អគារ​ទី​ចាត់​ការ១ ដែល​មាន​សោភណភាព​បែប​ឥទ្ធិពល​បារាំង​សេស៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី