Salah គប់​ដប​ទឹក​ចោល​ ក្រោយ Firmino ស៊ុត​ចូល​យក​ឈ្នះ PSG

  • 2018-09-19 12:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Mohamad Salah ត្រូវ​បាន​ប្រទះ​ឃើញ​គប់​ដប​ទឹក​ចោល​ ក្រោយ​ឃើញ​មិត្ត​រួម​ក្រុម Roberto Firmino ស៊ុត​ចូល​យក​ឈ្នះ​ PSG ក្នុង​លទ្ធផល ៣-២ ក្នុង​ប្រកួត Champions League យប់​មិញ។

ក្នុង​ប្រកួត​យប់​មិញ Salah មិន​បាន​ធ្វើ​ការ​រក​គ្រាប់​បាល់​បាន​សម្រេច​ឡើយ។ ការ​របូត​បាល់​របស់ Salah នៅ​អំឡុង​នាទី ៨០ នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ក្នុង​លទ្ធផល ២ ទល់​នឹង ២ ពី​សំណាក់​ក្លឹប PSG។ នៅ​នាទី ៨៥ Salah ត្រូវ​បាន​ប្ដូរ​ជំនួស​ដោយ​កីឡាករ Xherdan Shaqiri។ ទោះ​ជា​យ៉ាង​ណា នៅ​នាទី ៩០ Firmino របស់ Liverpool បាន​ជួយ​ឲ្យ​ក្លឹប​យក​ឈ្នះ​ក្លឹប​ជើង​ខ្លាំង​ពី​ប៉ារីស​ក្នុង​លទ្ធផល ៣ ទល់​នឹង ២។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នៅ​ពេល​ក្រុម​កីឡាករ អ្នក​ចាត់​ការ និង​អ្នក​គាំទ្រ​ Liverpool អបអរ​គ្រាប់​បាល់​របស់ Firmino ស្រាប់​តែ​ Salah ត្រូវ​បាន​ប្រទះ​ឃើញ​គប់​ដប​ទឹក​ចោល។ ឥរិយាបថ​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន លើក​ឡើង​ថា កីឡាករ​អេហ្សីប​ហាក់​មិន​ពេញ​ចិត្ត​មិត្ត​រួម​ក្រុម​ខ្លួន​ស៊ុត​ចូល។

ទោះ​ជា​យ៉ាង​ណា អតីត​ខ្សែ​ការពារ​ឆ្នើម​ក្លឹប Manchester United និង​អ្នក​វិភាគ​បាល់​ទាត់ Rio Ferdinand បាន​យល់​ឃើញ​ផ្សេង​ពី​មតិ​ទាំង​នេះ។ វីរបុរស​បិសាច​ក្រហម​យល់​ថា Salah ធ្វើ​បែប​នេះ ប្រហែល​ជា​ចង់​បង្ហាញ​ភាព "ធូរ​ស្បើយ" ពី​ក្នុង​ចិត្ត​របស់​ខ្សែ​ស្លាប​អេហ្សីប ព្រោះ​ថា គ្រាប់​ទី ២ ដែល PSG តាម​ស្មើ​នៅ​អំឡុង​នាទី ៨០ កើត​ចេញ​ពី​ការ​របូត​បាល់​របស់ Salah។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ពី​សាមី​កីឡាករ​ឡើយ​ទាក់​ទង​នឹង​ឥរិយាបថ​ខាង​លើ។ យ៉ាង​នេះ​ក្ដី បើ​តាម​វីដេអូ​ខ្លី​មួយ​ដោយ​ឡែក​ទៀត តាម​ពិត Salah បាន​លើក​ដៃ​អបអរ​ក្រោយ Firmino ស៊ុត​ចូល​រួច​ហើយ មុន​ពេល​បញ្ចេញ​ឥរិយាបថ​គប់​ដប​ទឹក៕

ប្រភព៖ The Sun | YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី