Amazon គ្រោងបើក​ហាង​គ្មាន​អ្នក​គិត​លុយ​ឱ្យ​បាន​ ៣ ពាន់​កន្លែង​ត្រឹម​ឆ្នាំ​ ២០២១​

  • 2018-09-20 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​លក់​ទំនិញអនឡាញ Amazon កំពុង​ពិចារណា​បើក​ហាង​គ្មាន​អ្នក​គិត​លុយ ឱ្យ​បាន ៣,០០០ កន្លែង​នៅ​ត្រឹមឆ្នាំ​ ២០២១។ នេះ​បើ​យោង​តាម​គេហទំព័រ Bloomberg កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​បាន​ជជែក​ជាមួយ​មនុស្ស​​ពាក់ព័ន្ធ​នឹង​រឿង​នេះ។​​

បច្ចុប្បន្ន​​ Amazon មាន​ហាង Amazon Go បី​កន្លែង​​ក្នុង​ទីក្រុង Seattle, Washington និង​​បើក​កាល​ពី​ថ្ងៃ​ច័ន្ទ​​នៅ​ទីក្រុង Chicago។

ជាមួយ​នឹង​ហាង​លក់​គ្រឿង​ទេស​ទាំង​នេះ អតិថិជន​មិន​ចាំ​បាច់​តម្រង់​ជួរ គ្មាន​ការ​ត្រួតពិនិត្យ និង​គ្មាន​ការ​ចុះ​ឈ្មោះ​ឡើយ។ អតិថិជនគ្រាន់​តែ​ Scan កម្មវិធី Amazon Go របស់​ពួកគេ​ជាមួយម៉ាស៊ីន នោះ​នឹង​អាច​ដើរ​ក្នុង​ហាង​ដែល​មាន​ផ្ទៃដី ១៨៥ ម៉ែត្រ​ការ៉េ ហើយ​យក​អ្វី​ដែល​ពួកគេ​ចង់​ពេញចិត្ត រួចដើរ​ចេញ​​ជា​ការ​ស្រេច។

ទោះបីជា​យ៉ាងណា ជាមួយ​គម្រោង​បើក​ឱ្យ​បាន ៣០០០ កន្លែង​នេះ អ្នកនាំពាក្យ​ក្រុមហ៊ុន Amazon បាន​ប្រាប់​សារព័ត៌មាន CNBC តាម​អ៊ីម៉ែល​យ៉ាង​ខ្លី​ថា៖ "យើង​មិន​អធិប្បាយ​នូវ​ពាក្យ​ចចាមអារ៉ាម និង​ការ​រំពឹង​ទុក​នេះ​ទេ"។

Amazon Go ជា​ហាង​លក់​គ្រឿងទេស ​អនុញ្ញាត​ឱ្យ​អតិថិជន ទិញ​ឥវ៉ាន់​ក្នុង​ហាង ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​អ្នក​គិតលុយ។

ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​រាយករណ៍​ថា គ្រោង​នឹង​បើក Amazon Go ឱ្យ​បាន​ប្រហែល​១០​​ហាង​ទៀត​នៅ​ចុង​ឆ្នាំ​២០១៨ ខណៈ​ Amazon ខ្លួន​ឯង​ផ្ទាល់ មានបំណង់បើក​ឱ្យ​បាន​ ៥០ ក្នុង​តំបន់​ស្ថានីយ​រថភ្លើង​​ក្នុង​ទីក្រុង Francisco និង New York នៅ​ឆ្នាំ​ ២០១៩ ខាងមុខ។

​អ្វី​ដែល​ជា​បញ្ហា គឺ​ការ​រក​ទីតាំង និង​​អគារ​ជាដើម ព្រោះ​វា​អាច​នឹង​ត្រូវ​ចំណាយ​ច្រើន។ យោង​តាម​បុគ្គល​ម្នាក់​ ហាង Amazon Go ទីមួយ​​នៅ​ក្នុង​ទីក្រុង Seattle ត្រូវ​ចំណាយ​ច្រើន​ជាង ១ លានដុល្លារអាមេរិក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម