ក្ដៅ! លោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ មិនបានដកទៅណាមែន តែត្រូវសងលុយក្រសួង

  • 2018-09-20 10:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ពី​លោកគ្រូ អ្នក​គ្រូ ឲ្យ​នៅ​រក្សា​តំណែង​នាយក​វិទ្យាល័យ​ព្រស៊ី​សុវត្ថិ លោក មូល ស៊ុយ​ហេង នៅ​តែ​បន្ត​តំណែង​ជា​នាយក​ក្នុង​វិទ្យាល័យ​មួយ​នេះ​ដដែល។ ថ្វី​ត្បិត​នៅ​រក្សា​តំណែង​ជា​នាយក​វិទ្យាល័យ​ដ៏​ចំណាស់​មួយ​នេះ​ពិត​មែន តែ​លោក មូល ស៊ុយ​ហេង ត្រូវ​សង​ថវិកា​រដ្ឋ​ដែល​បាន​ប្រើប្រាស់​ពុំ​មាន​តម្លាភាព និង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ នេះ​បើ​តាម​សេចក្ដី​បញ្ជាក់​ក្នុង​លិខិត​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

តាម​លិខិត​របស់​ក្រសួង​អប់​រំ​បញ្ជាក់​ថា មូល​ហេតុ​ឈាន​ដល់​ការ​ផ្ទេរ​តំណែង​លោក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅ​កាន់​ផ្នែក​នាយក​ដ្ឋាន មធ្យម​សិក្សា​ទុតិយភូមិ គឺ​ក្រោយ​ពេល​ដែល​ក្រុម​អធិការកិច្ច និង​សវកម្ម​ផ្ទៃ​ក្នុង បាន​រក​ឃើញ​នូវ​បញ្ហា​អសកម្ម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ងារ​គ្រប់គ្រង ការងារ​រដ្ឋបាល ការ​រៀន និង​ការ​បង្រៀន និង​ការ​ប្រើប្រាស់​ថវិកា​សាលា​រៀន ថវិកា​ដៃ​គូ​អភិវឌ្ឍ។ បន្ទាប់​មក​ក្រសួង​ក៏​បាន​ចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច លោក មូល ស៊ុយ​ហេង ឲ្យ​មក​បំពេញ​កិច្ច​ការ​នៅ​នាយក​ដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ជា​ហេតុ​នាំ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ​មួយ​ចំនួន​បាន​ចេញ​មក​តវ៉ា។

លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ដដែល​ឲ្យ​ដឹង​ទៀត​ថា ថ្វី​ត្បិត​ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ដោយ ក៏​ការ​គ្រប់គ្រង​របស់​លោក​នាយក​នៅ​មាន​ភាព​ធូររលុង ស្ថានភាព​អនាម័យ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ជា​ពិសេស​ក្នុង​ថ្នាក់​រៀន​នៃ​កម្មវិធី​សិក្សា​ធម្មតា។

ដោយ​មាន​ភាព​អសកម្ម​ជា​ច្រើន​កើត​ឡើង​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កើត​ឡើង ក្រោម​ការ​គ្រប់​គ្រង​របស់​លោក មូល ស៊ុយ​ហេង បែប​នេះ​ហើយ ទើប​ក្រសួង​សម្រេច​ផ្ទេរ​ភារកិច្ច​របស់​លោក តែ​មិន​ទទួល​បាន​ជោគជ័យ​ព្រោះ​មាន​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ពី​លោក​គ្រូ អ្នក​គ្រូ ដែល​ធ្លាប់​ជ្រោក​កោន ក្រោម​ម្លប់​ដឹក​នាំ នៃ​នាយក​សាលា​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ក្រសួង​នៅ​តែ​រក្សា​តួនាទី​របស់​លោក តាម​ការ​តវ៉ា​របស់​លោក​គ្រូ​ អ្នក​គ្រូ។ ប៉ុន្តែ​ក្រសួង​អប់​រំ បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ទៀត ដើម្បី​ធ្វើ​ការ​គ្រប់គ្រង និង​ដំណើរ​ការ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លា​ភាព៕

សូម​មើល​សេចក្ដី​ប្រកាស​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី