​នៅ Suzuki Cup ​ជម្រើស​ជាតិ​ថៃ ​​មិន​អាច​​កោះ​ហៅ​កីឡាករ​លេង​ក្រៅ​ស្រុក​បាន​ទេ

  • 2018-09-21 02:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Milovan Rajevac ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃ បាន​បញ្ជាក់​កីឡាករ​ឆ្នើម​៤​នាក់​ដែល​លេង​នៅ​ក្រៅ​ស្រុក ​នឹង​មិន​មាន​វត្តមាន​លេង​នៅ Suzuki Cup 2018 ​ឡើយ។

Chanathip Songkrasin , Teerasil Dangda, Theerathon Bunmathan លេង​នៅ​លីគ​កំពូល​ជប៉ុន ​និង Kawin Thamsatchanan លេង​នៅ​បែលហ្សិក ​សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើម ​សម្រាប់​ជម្រើស​ជាតិ​ថៃ ​ហើយ​​មិន​ដែល​បាត់​មុខ​នោះ​ទេ។ យ៉ាងណាមិញ ​នៅ Suzuki ​ខាង​មុខ​នេះ ​ពួកគេ​ទាំង​៤ ​មិន​អាច​ចូល​លេង​ឱ្យ​ថៃ​បាន​ឡើយ ព្រោះ​ពាន​រង្វាន់​នេះ ​មិន​ចំ​ថ្ងៃ FIFA Day។ នេះ​បើ​តាម​គ្រូ​បង្វឹក​ថៃ​បញ្ជាក់។ ជាមួយ​ការ​អវត្តមាន Key Players ​៤​នាក់​នេះ ​គ្រូ​បង្វឹក​សញ្ជាតិ​សែប​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ថៃ​អាច​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ក្នុង​តំបន់​នេះ​បាន​ដដែល។

លោក Rajevac ​បាន​និយាយ​ថា​៖ “ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ក្រុម​របស់​យើង​ថា​អាច​ការពារ​តំណែង​ជើង​ឯក​បាន។ ​អត់​មាន​ពួកគេ វា​ជា​ឱកាស​ល្អ​សម្រាប់​កីឡាករ​ដទៃ​ទៀត ​ដើម្បី​ទទួល​បាន​ឱកាស​បញ្ចេញ​សមត្ថភាព។ ពួកគេ​នឹង​ប្រឹងប្រែង​ក្នុង​ឱកាស​ជាប់​ជម្រើស​ជាតិ​លើក​នេះ ​ដើម្បី​ធានា​បាន​កៅអី​លេង​នៅ Asian Cup ​នៅ​ពេល​ខាង​មុខ​ទៀត”។

ជាមួយ​គ្នា​នេះ​ដែរ ​គ្រូ​បង្វឹក​ថៃ​ក៏​បាន​បង្ហាញ​ពី​ក្រុម​ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​លោក​ផង​ដែរ​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​នេះ។ ដោយ​ក្រុម​នោះ គឺ​ក្រុម​ជម្រើស​ជាតិ​វៀតណាម។ លោក Rajevac ​មើល​ឃើញ​ថា​វៀតណាម​រីក​ចម្រើន​លឿន​មែនទែន ជា​ពិសេស​យុវជន​របស់​ពួកគេ​សុទ្ធ​តែ​មាន​សមត្ថភាព។ ពួកគេ​បាន​ទទួល​ជោគជ័យ​ច្រើន​លើ​ឆាក​អន្តរជាតិ ​នា​ពេល​កន្លង​មក​នេះ។

ក្នុង​ពាន​រង្វាន់ Suzuki Cup 2018 ​ថៃ ​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​សិង្ហបុរី និង​ទីម័រ​ខាង​កើត។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨៕

ប្រភព៖ AFF Suzuki Cup   ប្រែ​សម្រួល៖ មុន្នីរម្យ