3 ប្រទេស ស្វាគមន៍ iPhone​ ថ្មី​ចេញ​ ថ្ងៃនេះ

  • 2018-09-21 03:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​​​ប្រភពច្បាស់ការ​ពី​ហាង​លក់​ទូរសព្ទ​ធំៗ​នៅ​កម្ពុជា​​​​​​ ​​​​​​​iPhone XS/XS Maxជំនាន់​ថ្មី​ដែល​ល្បី​កក្រើក​ពេញ​​ពិភពលោក នឹង​មក​ដល់​ខ្មែរ​នៅ​ថ្ងៃ​នេះ។ នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ​ផលិតផល Apple។ បើ​និយាយ​ពី​តម្លៃ​វិញ កម្ពុជា​អាច​រៀង​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ ពោល​​ប្រហែល ១ ៦០០ ដុល្លារ ​សម្រាប់ iPhone XS ទំហំ 64GB ខណៈ 256GB ខ្ទង់ ១ ៨០០ ដុល្លារ។ ដោយឡែក iPhone XS Max ទំហំ 64GB ប្រហែល ១ ៨០០ ដុល្លារ និង 256GB អាចក្បែរ ២ ០០០ ដុល្លារ ​​ក្នុង​ជម្រើស​ពណ៌​ មាស ទឹកប្រាក់ និង ប្រផេះ​ខ្មៅ។ តម្លៃ​នេះ​បើ​ធៀប​នឹង​ទីផ្សារ​ នៅ​ឯ​សហរដ្ឋអាមេរិក​ផ្ទាល់ មាន​ភាព​ខុស​គ្នា​ចន្លោះ​ពី ៥០០ ទៅ​ជាង ៧០០ ដុល្លារ ពោល​មិន​ខុស​ពីគន្លង​ចេញ​លក់ iPhone ស៊េរី​ថ្មី​រាល់​ឆ្នាំ​នោះ​ទេ។

លោក Teddy Lee ខាងឆ្វេង និង Mazen Kourouche ខាងស្ដាំ

យ៉ាងណានៅថ្ងៃនេះ ​ម្ចាស់​​ iPhone XS/XS Max ជំនាន់​ថ្មី​ដំបូង​​គេបង្អស់​លើលោក បាន​រក​ឃើញ​ហើយ ក្នុង​ប្រទេស​អូស្ត្រាលី គឺ​លោកTeddy Lee វ័យ​ ២០ ឆ្នាំ​ ជា​និស្សិត​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​ មក​សិក្សា​នៅ​ទីក្រុង​ស៊ីដនី និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Mazen Kourouche វ័យ​ ២១ ឆ្នាំ ជា​ YouTuber ដែល​ទិញ​ផលិតផល​ Apple ដើម្បី​យក​ផលិត​ជា​វីដេអូ។​​​

លោក​ Lee បាន​ទិញ​ iPhone XS មួយ​ដើម​ពណ៌​មាស​ ចំណែក​ Mazen បាន​ទិញ iPhone XS និង XS Max រួម​ទាំង​ Apple Watch Series 4 ដើម្បី​យក​ទៅ​​ធ្វើ​វីដេអូ Unbox។ Mazen ក៏​មាន​បំណង​ថា​នឹង​ទិញ iPhone XR ពេល​ដែល​ចេញ​លក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដែរ។

អូស្ត្រាលី​ ជា​ប្រទេស​​​មាន​​លក់​ iPhone XS/XS Max ដំបូង​គេ​ក្នុង​លោក​ ហើយ​មាន​មនុស្ស​ជា​ច្រើន ​បាន​តម្រង់​ជួរ​អង្គុយ​ចាំ​ទិញ iPhone ជំនាន់​ថ្មី​ តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃ​សុក្រ​នេះ​ម្ល៉េះ។ ហាង​ Apple Store ដែល​មាន​ទីតាំង​នៅ ​George Street ទីក្រុង​ស៊ីដនី​បាន​​ចាប់​ដំណើរ​ការ​នៅ​វេលា​ម៉ោង ៨ ព្រឹក ម៉ោង​ក្នុង​ស្រុក។

លោក Le Van Thang ជនជាតិវៀតណាម

ចំណែក​ហាង Apple Store ​​នៅ​ផ្លូវ​ Orchard Road ប្រទេស​សិង្ហបុរី​ឯណេះ​វិញ ក៏​នឹង​មាន​លក់​​​​​​​​i Phone XS/XS Max  ជា​ផ្លូវ​ការ​នៅម៉ោង ៨ព្រឹក​ថ្ងៃ​នេះ​ដែរ។ លោក Le Van Thang ជនជាតិវៀតណាមវ័យ ២០ឆ្នាំ គឺ​ជា​បុគ្គល​ដំបូង​គេ​ បាន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ iPhone ជំនាន់​ថ្មី ដោយ​បាន​មក​រង់​ចាំ​តាំង​ពី​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ (ម៉ោង​នៅ​សិង្ហបុរី) ​មក​ម្ល៉េះ ហើយ​ក៏​បាន​ទិញ iPhone XS មុន​គេ​ផង​ដែរ។

គួរបញ្ជាក់​ថា ទូរសព្ទជំនាន់ថ្មីរបស់ Apple នឹងលក់​ជា​ផ្លូវការ​នៅអាមេរិក នា​ថ្ងៃ​ទី ២១ កញ្ញា​នេះ​ដែរ។ ព័ត៌មាន​លំអិត ពាក់ព័ន្ធនឹង iPhone ជំនាន់ថ្មីមាន​លើទឹកដី​កម្ពុជា សូម​ប្រិយមិត្តតាម​ដាន​លើ​គេហទំព័រ Sabay ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម