មកស្គាល់អ្នកផលិតសំឡេងដាក់​ភាពយន្តដ៏កម្រនៅស្រុកខ្មែរ ជាចំណែកជួយឱ្យរឿង «ធ្មប់» ជោគជ័យ​​

  • 2018-09-21 08:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ក្នុង​ខ្សែ​ភាពយន្ត​គឺ​ជា​ការ​បន្ថែម​ដ៏​សំខាន់​ជួយ​ឱ្យ​រឿង​កាន់​តែ​មាន​ភាព​ទាក់ទាញ​ចូល​អារម្មណ៍​អ្នកទស្សនា​ពិសេស​រឿង​បែប​ភ័យ​រន្ធត់​ ដែល​ត្រូវការ​សំឡេង​បន្ថែម​ដើម្បី​​ជួយ​លើក​គុណ​ភាព​ភាពយន្ត នេះ​បើ​តាម​ការ​បកស្រាយ​របស់​យុវជន​ខ្មែរ​ម្នាក់ ឈ្មោះ ស្ពាយ សានាកា។

រូបភាព សម្ពោធរឿង «ធ្មប់»

យុវជន ស្ពាយ ​ធ្លាប់​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ផលិតករ​បទ​ចម្រៀង​ឱ្យ​ក្រុម Animation Plus ដែល​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដូច​ជា​បទ «វិទ្យាល័យ​ខ្ញុំ» បទ «សារភាព​ថ្ងៃ Valentine's Day» ជាដើម។ ក្រោយ​មក​ទៀត យុវជន​រូប​នេះ​បន្ត​ការ​និពន្ធ និង​ផលិត​ជា​ភាពយន្ត​ខ្លី​មួយ​ចំនួន​ ដើម្បី​ស្វែង​រក​បទ​ពិសោធន៍ រហូត​ស្វែង​រក​ជំនាញ​ពិត​ប្រាកដ​មួយ​ គឺការ​ផលិត​សំឡេង​សម្រាប់ដាក់ខ្សែភាពយន្ត​។

រូបភាព ស្ពាយ សានាកា

ដោយ​មាន​ជំនាញ​តែង​និពន្ធ​បទភ្លេង​ និង​មានជំនាញ​ឌីជីថល​ផ្នែក​សំឡេង​ និងកាត់តបែប​បច្ចេកទេស ដោយ​បាន​រៀន​សូត្រតាមវគ្គខ្លីនានាពីអ្នកជំនាញ និងមានដុងផ្ទាល់ខ្លួនបន្ថែមទៀតនោះ ​ស្នាដៃរបស់ សានាកា ក៏ទទួលបានការទុកចិត្តពីផលិតកម្មផលិតភាពយន្តក្នុងស្រុកមួយចំនួន។ ដោយថ្មីនេះ ការងារបច្ចេកទេសសំឡេងរបស់យុវជន ស្ពាយ សានាកា ធ្វើឱ្យរឿង​ «ធ្មប់» របស់លោក ហ៊ុយ យ៉ាងឡេង ទទួលបាន​ជោគជ័យ​ខ្លាំង​ក្នុងឆ្នាំ ២០១៨ នេះ។

ហ៊ុយ យ៉ាងឡេង និង កញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន

បច្ចុប្បន្ន​ស្នាដៃ​បច្ចេកទេសសំឡេងដាក់​ក្នុង​ភាពយន្ត ឬស្ប៉ត់​ពាណិជ្ជកម្ម​របស់យុវជន​ម្នាក់​នេះ​ក៏​មាន​ដំណើរ​ការ​មមាញឹក​ខ្លាំង​ផង​ដែរ​ ក៏​ប៉ុន្តែ​រូប​គេ​នៅ​តែ​យល់​ថា​ ផលិត​ភាព​នៃ​ការ​ផលិត​របស់​ខ្លួន​នៅ​មាន​កម្រិត​ដែល​ត្រូវ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​។

រូបភាព ស្ពាយ សានាកា យកសំឡេងពេលថតរឿង

អ្នក​និពន្ធ​បទភ្លេង និង​បច្ចេកទេសសំឡេង​ភាពយន្ត​ម្នាក់​នេះ​បន្ត​ថា បើ​អាច​មាន​សាលា​បណ្ដុះ​បណ្ដាល​លើ​ផ្នែក​សំឡេង​ខាង​ផ្នែក​ភាពយន្ត​នៅ​កម្ពុជា​ វា​ពិត​ជា​កាន់​តែ​ពិសេស ព្រោះ​ថា​ កម្ពុជា​ត្រូវ​ការ​ធនធាន​អ្នក​ចេះ​បច្ចេកទេសសំឡេង​សម្រាប់​ដាក់​ភាពយន្ត​នេះ​ណាស់ ហើយ​និង​ជំនាញ​ផ្សេងៗ​ទៀត​ក្នុង​ភាពយន្ត​ ដើម្បី​ធ្វើ​វិស័យ​មួយ​នេះ​កាន់​តែ​ប្រសើរ និង​អភិវឌ្ឍ​ដូច​ប្រទេស​ដទៃ៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម