សហភាពអឺរ៉ុបប្រកាសបើក​ការប្រកួតរូបថត ផ្ដល់​រង្វាន់ធំ ឯប្រធានបទស៊ីជម្រៅមិនធ្លាប់មាន

  • 2018-09-21 10:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (European Union in Cambodia) បាន​ប្រកាស​ចាប់​ផ្ដើម​កម្មវិធី​ប្រកួត​រូបថត​ដ៏​រំជើបរំជួល​ប្រចាំ​ឆ្នាំ​ជា​ផ្លូវ​ការ​មួយ​នៅ​កម្ពុជា ក្រោម​ប្រធាន​បទ «បេតិកភណ្ឌ​វប្បធម៌- អតីតកាល​ជួប​អនាគតកាល» និង​បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​ថត​រូប​ទាំង​អស់ ឲ្យ​ផ្ញើ​រូប​ថត​ស្នា​ដៃ​ដើម​របស់​ខ្លួន ដែល​ត្រូវ​នឹង​ប្រធានបទ​នេះ​ចូលរួម​ឲ្យ​បាន​ច្រើន។

«យើង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​រូបថត​នេះ​ឡើយ ដោយ​រំពឹង​ថា​អ្នកចូលរួម​មិន​មែន​គ្រាន់​តែ​ចង់​ឈ្នះ​រង្វាន់​នោះ​ទេ តែ​នេះ​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់​ផ្ដើម​​គិត​ដល់​ ឬ​ពិភាក្សា​គ្នា​ពី​អ្វី​ទៅ​ជា​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ផង​ដែរ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឯកឧត្តម George Edgar ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​នេះ។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (រូប​ខាង​ស្តាំ)

ឯកឧត្តម​បន្តថា៖ «បេតិកភណ្ឌ​វប្បធម៌​មាន​ឥទ្ធិពល​លើ​អត្តសញ្ញាណ និង​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ វា​ស្ថិត​នៅ​ជុំ​វិញ​ខ្លួន​យើង ក្នុង​អក្សរសាស្ត្រ សិល្បៈ និង​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​វិស័យ​សិប្បកម្ម​ដែល​បាន​រៀន​សូត្រ​ពី​ដូនតា​របស់​យើង សាច់រឿង​ដែល​យើង​តំណាល​ប្រាប់​កូន​ចៅ អាហារ​ដែល​យើង​ញ៉ាំ ភាពយន្ត​ដែល​យើង​មើល តាម​រយៈ​នេះ​យើង​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់»។

«កម្ពុជា ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​សម្បូរ​បែប ដូច្នេះ​យើង​ចង់​បាន​រូប​ថត​ដែល​អាច​ប្រាប់​ពី​ដំណើរ​រឿង​ណា​មួយ​ ឬ​ជា​អារម្មណ៍​ណាមួយ ហើយ​ផ្ដោត​លើ​ទិដ្ឋភាព​នានា​នៃ​វប្បធម៌​ខ្មែរ​​ក្នុង​អត្ថន័យ​ទូលំទូលាយ​បំផុត»។ ឯកឧត្ដម​បញ្ជាក់​បន្ថែម។

បើ​ទោះ​កន្លង​មក​សហភាព​អឺរ៉ុប​ធ្លាប់​បាន​រៀប​ចំ​ការ​ប្រកួត​រូប​ថត​ជា​ច្រើន​ក្ដី តែ​ពិសេស​សម្រាប់​ឆ្នាំ​នេះ ​EU ផ្ដោត​លើ​ប្រធានបទ «បេតិកភណ្ឌ​វប្បធម៌- អតីតកាល​ជួប​អនាគតកាល» នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​ ដែល​​នឹង​មាន​កម្មវិធី​ពិសេស​ៗ​ជាច្រើន​ ដូចជា ការ​ប្រកួត​រូបថត ការ​តាំង​ពិព័រណ៍​ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ស្រដៀង​គ្នា​នេះ​មាន​ការ​រៀបចំ​ឡើង​ទូទាំង​ពិភពលោក។

ការ​ប្រកួត​រូបថត​នេះ​បើក​ទូលាយ​សម្រាប់​សាធារណជន​ចូលរួម​គ្រប់​វ័យ ដោយ​គ្រាន់​តែ​ផ្ញើ​រូប​ថត​​ច្បាស់​ និង​ជា​ស្នាដៃ​ដើម​របស់​ខ្លួន​​ក្នុង​ទម្រង់​ JPEG និង​ទំហំ​យ៉ាង​ហោច​ណាស់​ 5MB អាច​ថត​ដោយ​ប្រើ​​ស្មាតហ្វូន ឬម៉ាស៊ីន​ថត​។ សុពលភាព​នៃ​ការ​ចូលរួម​ការ​ប្រកួត​នេះ​គឺ​ចាប់​ពី​ថ្ងៃនេះ រហូត​ដល់​ ៣១ តុលា​ ២០១៨។

រង្វាន់​​មាន​ ៣ កម្រិត៖

  • ​លេខ​១ បាន​ប័ណ្ណ​ដែល​មាន​ទឹក​ប្រាក់​ ៧០០​ ដុល្លារ
  • លេខ ២ បាន​ប័ណ្ណ​ដែល​មាន​ទឹក​ប្រាក់​ ៦០០ដុល្លារ
  • លេខ ៣ ប័ណ្ណ​មាន​ទឹក​ប្រាក់​ ៥០០ ដុល្លារ។

រូប​ថត​របស់​ជយលាភី​ទាំង​បី​នាក់​ និង​រូបថត​សម្រាំង​ល្អ​បំផុត​ចំនួន ១០ នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នានា​ដែល​រៀប​ចំ​ដោយ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។ ការ​ប្រកាស​អ្នក​ឈ្នះ នឹង​ត្រូវ​ធ្វើ​ឡើង​ជា​សាធារណៈ នៅ​ចុង​ខែ​វិច្ឆិកា​នេះ ឯ​ពិធី​ប្រគល់​រង្វាន់​ គឺ​នៅ​ថ្ងៃទី ៦ ធ្នូ ២០១៨​។

ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូល​ទៅវិបសាយ www.eeas.europa.eu/cambodia ឬ ហ្វេសប៊ុក eu.cambodia

ដោយ៖ ដេត លីដា

អត្ថបទពេញនិយម